រឿង​កំណើត​នៃ​ទន្លេ​គង្គា - Economic Buddhism

Website

រឿង​កំណើត​នៃ​ទន្លេ​គង្គា

ចែករំលែកចំណេះដឹង

 

រាល់​ឆ្នាំ​ប្រជា​ពលករ​គប់​ស្រទាប់វណ្ណៈ​នៅ​ប្រទេស​ឥណ្ឌា​តែង​នាំ​គា្ន​ធ្វើ​ដំណើរ​រាប់​សែន​នាក់​ទៅ​ទីក្រុង​បេណារេស ដើម្បី​មុជទឹក​ទន្លេ​គង្គា ។

គេ​មុជទឹក​លាងបាប​កម្ម​អកុសល​ទាំងឡាយ ដែល​រុំ​ព័ទ្ធ​ជីវិត​របស់​គេ​ឲ្យ​ជ្រះស្រឡះ ដើម​ឆ្លង​ផុត​ពី​សមុទ្រ​ទុក្ខ​សោក ដែល​ច្រវាក់​លោកិយ​ឃុំឃាំង​អត្ម័ន​គេ​ឲ្យ​វិលវល់​តែ​ក្នុង​វាលវដ្ដ​សង្សារ​ដ៏​អាសោធអប្រីយ៍ ។

ប្រវត្តិ​នៃ​ទឹក​ទន្លេ​គង្គា​ដ៏​ស័ក្តិសិទ្ធិ​នេះ គ្មាន​នរណា​ម្នាក់​ដឹង​សោះ ។ ប៉ុន្តែ​គេ​តែងតែ​សម្គាល់​ឃើញ​នៅ​គ្រប់​ព្រះឆាយា​របស់​ព្រះសិវៈ មាន​មហាវារី​មួយ​ហូរ​ពុំ​ដាច់​សោះ ចុះ​មក​ពី​ផ្នួង​នៃ​ព្រះ​កេស​របស់​ព្រះ​អង្គ ។ អ្នក​ប្រាជ្ញ​បណ្ឌិត​ក្នុង​លោក​បាន​ដឹង​ថា មហា​គង្គា​ដ៏​បរិសុទ្ធ​នេះ ជា​ទឹក​ទន្លេ​គង្គា​ដែល​ហូរ​កាត់​ប្រទេស​ឥណ្ឌា​សព្វថ្ងៃ​នេះ​ឯង ។

ហេតុ​អ្វី​ក៏​ទន្លេ​គង្គា​ហូរ​ចេញ​ពី​ផ្នួង​ព្រះកេស​របស់​ព្រះ​ឥសូរ? យើង​សូម​នាំ​អស់​លោក​អ្នកអាន​ធ្វើ​ដំណើរ​ជាមួយ​យើង​ទៅ​រក​ពុទ្ធិ​នៃ​អាថ៌​កំបាំង​នេះ​ដូច​តទៅ ៖

នៅ​ក្នុង​យុគ (YUGA) មួយ​ក្នុង​ចំណោម​មហា​យុគ មាន​ទេវៈ​ពីរ​អង្គ មួយ​អង្គ​ព្រះ​នាម មីត្រា (MITRA) មួយ​អង្គ​ទៀត​ព្រះ​នាម វរុន (VARUNA) ។ ទេវៈ​ទាំង​ពីរ​បាន​ប្រារព្ធ​បង្កើត​នូវ​មហាឫសី​១​អង្គ​ព្រះ​នាម អគ្សត្យ(AGASTYA) ។ តាម​គម្ពីរ​វេទ​បាន​ពោល​ថា មហាឫសី​អង្គ​នេះ​ទ្រង់មាន​ព្រះ​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​ណាស់ ។ ជា​រឿយៗ ទ្រង់​តែង​តែ​បញ្ចេញ​នូវ​បដិហារ​ផ្សេងៗ សូម្បី​ទេពនិករ​ទាំងឡាយ​ណា​ក៏​ពុំ​អាច​ធ្វើ​ឲ្យ​បាន​ដូច​ទ្រង់​ឡើយ ។

បុព្វហេតុ​ដែល​បណ្តាល​ឲ្យ​ព្រះ​វរុន និង​មីត្រា​បង្កើត​មហាឫសី​អង្គ​នេះ ព្រោះ​ទ្រង់​ចង់​ឲ្យ​ព្រះ​អង្គ​ជួយ​ដោះ​ទុក្ខសត្វ​ពេល​មាន​វិប្បរិត​ម្ដងៗ ។ ហើយ​ម្យ៉ាង​ទៀត​ព្រោះ​ទេវៈ​ទាំង​ពីរ​អង្គ​ជឿ​ថា ត​ទៅ​មុខ​នឹង​មាន​ហេតុ​ដ៏​សាហាវ​មួយ​គំរាម​កំហែង​មនុស្សលោក​ពុំខាន ។

ព្រះ​ចិន្តា​របស់​ព្រះ​អង្គ​ត្រូវ​ឥត​ខុស…

ថ្ងៃមួយ ពេល​ដែល​ព្រះអាទិត្យ​កំពុង​គង់​លើ​រាជរថ​មាស ទឹម​ដោយ​អាជានេយ្យ​១​ពាន់ ទ្រង់​ប្រទក្សិណ​បំភ្លឺ​ពិភពលោក ស្រាប់​តែ​មាន​អ្វីមួយ​រាង​ជា​ពពក​ខាប់ មាន​ទំហំ​ធំ​មហិមា​រសាត់​មក​បាំង​ជិត​ព្រះ​សូរ្យសែង ។

សត្តនិករ​ខ្វះ​ស្មើ​សុរិយា ស្ថិត​ក្នុង​សភាព​អួរអ័ព្ទ រុក្ខជាតិ​ឈប់​ដុះ មនុស្ស​សត្វ​ដេក​ស្លាប់ ពិភពលោក​ងងឹត​សូន្យសុង មហាឫសី​អគ្សត្យ​បាន​ឈ្វេង​យល់​ពី​ភារៈ​របស់​ទ្រង់​ហើយ​ទ្រង់​ក៏​យាង​ដោយ​ឈាន​អណ្ដែត​ព្រះ​កាយ​តម្រង់​ទៅ​រក​ដើម​កំណើត​នៃ​វិបត្តិ​ដ៏​ចម្លែក​នេះ ។

ពេល​នោះ​ស្រាប់តែ​ទ្រង់​ឮ​សូរ​សំឡេង​សើច​រញ្ជួយ​ព្រះធរណី! គ្រហឹម​គ្រប់​ទិស​ទាំង​៨ ។

សំឡេង​ចម្លែក​ពោល​ថា ៖ «អគ្សត្យ​មហា​ឫសី ឯ​ណា​ទៅ​សេចក្ដី​សម្រេច​របស់​ទង់ ដែល​មាន​តាំងពី​ថ្ងៃ​ដែល​ទ្រង់​បាន​កើត​មក​នោះ?»

អគ្សត្យ​តាបស​ស្រែក​សួរ​ថា ៖ «ឯង​ជា​អ្វី? នៅ​ឯណា? ចូរ​បង្ហាញ​រូប​ឲ្យ​យើង​ឃើញ​ផង! … ហេតុ​អ្វី​ក៏​ឯង​អាច​ទាំង​រស្មី​ព្រះអាទិត្យ​បាន?»

សំឡេង​អនាមិក​ស្រែក​ចេញ​​ពី​ពពក​ខាប់​មក​ថា ៖ «យើងឈ្មោះ វិន្ដ្យា (VINDHYA) ជា​មហាគិរី​នៃ​សមុទ្រ​ពពក​ខាប់ ចូរ​តាបស​ស្រែក​សួរ​ទៅ​ព្រះអាទិត្យ​ម្ដង​ទៅ​មើល! តើ​អាជានេយ្យ​១​ពាន់​របស់​ទ្រង់​វា​ដេក​លក់​អស់​ហើយ​ឬ?»

អគ្សត្យ​យល់​ដល់​សេចក្តី​ប្រមាថ​របស់​វិន្ដ្យាគិរី​ក៏​ចង្អុល​ទៅ​មហាសមុទ្រ​ពពក​គិរី ដោយ​ចង្អុល​ព្រហស្ថ​របស់​ទ្រង់ ហើយ​ពោល​ថា ៖ «ចូរ​ឯង​វិនាស​អន្តរធាន​ភ្លាម​ទៅ​វិន្ដ្យា! ព្រះអាទិត្យ សូម​ព្រះ​អង្គ​បន្តដំណើរ​របស់​ទ្រង់​ចុះ!»

និម្មិត​តែ​ពោល​ពាក្យ​នេះ​កាលណា រូប​វិន្ដ្យាមហាគិរី​ពពក​ខាប់​ក៏​ស្រែក​រញ្ជួយ​មេឃ ហើយ​វិនាស​បាត់​រូប​ទៅ ។

កាល​នោះ តាបស​អគ្សត្យ​ក៏​វិល​ត្រលប់​ទៅ​ទេវឋាន​របស់​ទ្រង់​វិញ ព្រះអាទិត្យ​គោចរ​ជា​ថ្មី ឯ​ចំណែក​សត្តនិករ​ចាប់​រស់រាន​មានជីវិត​ជា​ប្រក្រតី​ឡើង​វិញ ។ត្រលប់ទៅមាតិការឿង


Home