ប្រវត្តិសាស្ត្រប្រទេសកម្ពុជា
និពន្ធដោយលោក អាដេម៉ារ ឡឺក្លែរ
ក្បាលទី១
ប្រទេសកម្ពុជា តាមរឿងនិទាន និងសិលាចារឹក
ជំពូកទី១
១- អំពីប្រទេសហ្វូណន
ពួកចិនដែលស្គាល់ឥណ្ឌូចិនតាំងតែពី២០០០ឆ្នាំមុន ដោយមានពួកអ្នកដើរសំពៅមកចុះចតជាញឹកញយផងនោះ បានហៅទឹកដីនៃអាងទន្លេមេគង្គខាងក្រោមរហូតដល់មាត់សមុទ្រខាងត្បូង ថា «ហ្វូណន ឬប៉ូណន» ។ តាមមើលទៅ ពួកវិប្រជា ឬកុលសម្ព័ន្ធដែលរស់នៅទីនោះ មិនបានស្គាល់ឈ្មោះដែលចិនដាក់ឱ្យគេនេះទេ (1) ។
បើតាមប្រជាជនកម្ពុជា និងតាមរឿងព្រេង អ្នកស្រុកបានហៅចំណែកដែលត្រូវនឹងកម្ពុជាសព្វថ្ងៃថា «គោកធ្លក ឬនគរគោកធ្លក» (2)។
គឺពេលក្រោយយូរមកទៀតទើប អ្នកស្រុកប្រែហៅថា ស្រុកខ្មែរវិញ រួចក្រោយៗមកទៀតហៅ «កម្ពុជា» ជាសំស្ក្រឹតថា «កម្វុជា» ជាឈ្មោះដែលជ្រើសរើសដោយពួកអ្នកមកច្បាំងដណ្ដើមស្រុក និងអ្នកដែលនាំអារ្យធម៌ហិណ្ឌូមកផ្ដល់ឱ្យ ។
ប៉ុន្ដែ បើទោះជាឈ្មោះនោះជាពាក្យចិន ជាពាក្យរបស់អ្នកស្រុក ឬក៏ជាពាក្យសំស្ក្រឹតក្ដី ក៏នៅឥណ្ឌាភាគខាងជើងគេស្គាល់ប្រទេសខ្មែរក្រោមឈ្មោះថា «សក្កទ្វីប» មានន័យថា ទ្វីប ឬទឹកដីរបស់ដើមសកៈ គឺដើមម៉ៃសាក់ ។ ដើមម៉ៃសាក់ខុសគ្នាពីដើមធ្លក ក៏ប៉ុន្ដែដើមឈើទាំង២មានផ្លែដូចគ្នា ដែលពួកក្មេងៗតែងយកមកកកេរ ហើយគេអាចយកមកចម្រាញ់យកប្រេងបាន ។ បើដូច្នេះ គេអាចទទួលស្គាល់ថា ឈ្មោះដែលគេដាក់ឱ្យកម្ពុជា ទោះជាដាក់ឱ្យដោយប្រជាជនខ្លួនឯង ឬក៏ដាក់ឱ្យដោយពួកហិណ្ឌូក្ដី គឺជាពាក្យតែមួយ ហើយដោយហេតុនេះ ប្រពៃណីរបស់ប្រជាជន គឺពិតជាត្រូវនឹងសញ្ញាណរបស់ហិណ្ឌូដែរ ។
គួរកត់សម្គាល់ថានៅសតវត្សរ៍ទី២នៃគ្រិស្ដសករាជ ពួកក្រិក និងរ៉ូម៉ាំងស្គាល់ស្រុកខ្មែរដោយផែនទីរបស់ ផ្ដូលេមេ ដែលគូសឡើងតាមការនិទានរបស់អ្នកធ្វើដំណើរតាមសមុទ្រ ផែនទីនោះដាក់ឈ្មោះឱ្យថា ជាស្រុករបស់ពួកលេស្ដៃ (3) ដែលខុសគ្នាឆ្ងាយណាស់នឹងពាក្យកម្ពុជា ។ លោកវរសេនីយ៍ឯក ហ្សេរីនី បានសន្និដ្ឋានថា ឈ្មោះនេះមិនមែនជាឈ្មោះដែលថាតាមពាក្យអ្នកស្រុកដើមនោះទេ តែគឺជាពាក្យប្រែទៅវិញ ។ បើនិយាយដូច្នេះ «លេស្ដៃ» ជាពាក្យក្រិកដែលមានន័យថា ចោរ ឬចោរសមុទ្រ ។ ខ្ញុំនៅមិនទាន់យល់នៅឡើយអំពីនិរុត្ដិសាស្ដ្រដ៏ប៉ិនប្រសប់បែបនេះ តែខ្ញុំហាក់ដូចជាទាល់ប្រាជ្ញក្នុងការដែលចង់ពន្យល់ពាក្យខ្មែរ បែរជាលេចពាក្យ លេស្ដៃ ទៅវិញ ។ តែលោកវរសេនីយ៍ឯកបានរំលឹកថា ពាក្យកម្ពុ ដែលមាននៅក្នុងសិលាចារឹកជាឈ្មោះរបស់ទេវៈបុព្វបុរសរបស់ កម្ពុស្វ័យម្ភុ ដែលមានន័យថាកើតមានឡើងដោយខ្លួនឯង ពោលគឺ ព្រះព្រហ្ម ។ ហើយពាក្យនេះជាភាសាសំស្ក្រឹតមានន័យថា ចោរ ឬចោរសមុទ្រ ។ដោយហេតុនេះលោកវរសេនីយ៍សន្និដ្ឋានថាពាក្យក្រិកថា លេស្ដៃត្រូវគ្នានឹងពាក្យ កម្ពុ ពាក្យទាំងពីរម៉ាត់នេះមានន័យថា ចោរ ចោរសមុទ្រ ឬបើហោចណាស់ក៏សំដៅយកពួកអ្នកដែលរស់នៅជាក្រុមប្រដាប់ដោយអាវុធ ដែរ ។ លោកសន្និដ្ឋានបន្ដទៀតថា នៅស្រុកនេះ អ្នកស្រុកប្រកបមុខរបរជាចោរសមុទ្រ ឬបើពុំនោះទេ ក៏ត្រូវជាកូនចៅរបស់មេចោរសមុទ្រ ឬចោរប្លន់តាមសមុទ្រណាម្នាក់ដែលបុគ្គលិកលក្ខណៈបានរលុបបាត់តាម ពេលវេលាទៅហើយនៅសតវត្សរ៍ទី៥ (4)។
ទាំងរឿងព្រេង ទាំងប្រពៃណីកម្ពុជានិយាយថា ពួកអ្នករស់នៅក្នុងនគរគោកធ្លកមានឈ្មោះថា «នាគ» ដែលក្រោយមកដូរជា «ខ្មែរ» រួចជា «កម្ពុជា» វិញ (5) ។ តែវាមានមូលហេតុដែលអាចឱ្យជឿបានថា ពាក្យ «នាគ» នេះ មិនមែនជាឈ្មោះដើមដែលគេហៅខ្លួនគេនោះទេ ប៉ុន្ដែ គឺជាពាក្យដែលពួកនិរប្រវេសន៍ហិណ្ឌូដាក់ឱ្យ ។ ពាក្យដែលគេហៅខ្លួនគេនោះ គឺប្រហែលជាពាក្យដែលមាននៅរហូតដល់សព្វថ្ងៃ គឺខ្មែរនេះឯង គ្រាន់តែពាក្យនេះមានសរសេរប្លែកៗគ្នាទៅតាមពេលវេលាទីកន្លែង និងតាមគ្រាមភាសារបស់អ្នកស្រុកនីមួយៗ គឺមានពាក្យ ខម កៅមេក្មេន ក្មី គិមី គួរ ក្មៀរ កុមារ ដែលជាពាក្យតាមភាសាអ្នកវិប្រជាដើម (6) ។
នៅចំពោះមុខពួកបរទេស ហិណ្ឌូដែលមានអារ្យធម៌ជឿនលឿនជាង ពួកអ្នករដ្ឋវាសី (អ្នកនៅក្នុងរដ្ឋ) ដែលមិនសូវមានអាវុធផង ហើយក៏អាចជាអ្នកចូលចិត្ដសន្ដិភាពជាងផង មិនបានវាយតបតទេ គេដកថយទុកកន្លែងឱ្យពួកនោះតាំងទីលំនៅកសាងបានជាក្រុមឧបនិវេសន៍ ពាណិជ្ជករ ដែលធ្វើដំណើរចេញចូលស្រុកដោយស្ថិតនៅដាច់ស្រឡះពីអ្នកស្រុកដើម តែក្រោយមកបានក្លាយទៅជាមេដឹកនាំស្រុកវិញ ។
ក្រុមឧបនិវេសន៍ដំបូងៗជាក្រុមឧបនិវេសន៍ពួកជ្វាមកពីកោះជ្វា ឬពួកម៉ាឡេមកពីកោះស៊ូម៉ាត្រាដែលបានទទួលអារ្យធម៌ហិណ្ឌូរួចមក ហើយ ។ ពួកក្រុមឧបនិវេសន៍ដែលមកបន្ទាប់ទៀត គឺពួកហិណ្ឌូមកពីរដ្ឋកលិង្គៈ ។
ឯកសារ ចិនបានរក្សាទុកនូវរឿងរ៉ាវដ៏សំខាន់មួយដែលអាចជាការចងចាំសេស សល់ពីការឈ្លានពានលើកទីមួយរបស់ពួកម៉ាឡេមកលើកម្ពុជានៅត្រង់ ម្ដុំចូវដុកពីព្រោះថា មាត់ពាមរបស់ទន្លេមេគង្គកាលពីពេលនោះ ប្រហែលជានៅខ្ពស់ជាងសព្វថ្ងៃ ហើយដីដែលអាចសង់លំនៅស្ថានបាននៅកាន់តែឆ្ងាយបន្ដិចទៅ ខាងជើង ។ រឿងរ៉ាវដែលពួកចិនបានរក្សាទុកនោះ បានត្រូវគេរៀបរាប់នៅសតវត្សរ៍ទី៣នៃគ្រិស្ដសករាជ ក៏ប៉ុន្ដែរឿងនោះប្រហែលជាអាចមានឫសគល់តាំងពី១០០ ឬ២០០ឆ្នាំមុន ។
កាលនោះ ប្រទេសនេះដឹកនាំដោយក្សត្រីមួយអង្គ ព្រះនាមថា «លីវយី» (7) ប្រែថាស្លឹកស្រូល ។ ពេលនោះ មានបុរសម្នាក់ឈ្មោះហួនហ៊្វី ឬ ហ៊ុនទៀន ដែលគោរពបូជាព្រហ្មញ្ញសាសនាធ្វើដំណើរមកពីទិសទក្សិណ គឺចេញពីសមុទ្រខាងត្បូង (8) មកចតសំពៅនៅនឹងរាជធានី ហើយបានវាយឈ្នះទ័ពដែលព្រះនាងលីវយីបានបញ្ជូនទៅទប់ទល់ ។ ក្រោយពីបានរៀបចំស្រុកឱ្យមានសន្ដិភាពរួចហើយ ព្រាហ្មណ៍នោះក៏រៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងលីវយី រួចឡើងសោយរាជ្យនៅនគរហ្វូណន ដែលអ្នកស្រុកដើមហៅថា គោកធ្លកតទៅ ។
ដូចនេះព្រះនាង លីវយីគឺជាស្ដេចសោយរាជ្យដំបូងនៅនគរគោកធ្លក ។ ព្រះរាជាទី២គឺព្រះបាទហ៊ុនទៀន ដែលជាជនបរទេសបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងលីវយី គឺអាចជាម៉ាឡេ ឬជ្វា ព្រោះធ្វើដំណើរមកពីទិសខាងត្បូង ហើយនៅពីត្បូងកម្ពុជាពេលនោះគឺកោះជ្វា ឬកោះស៊ូម៉ាត្រា ឬបើពុំនោះទេ គឺសិង្ហបុរី ។
ព្រះបាទ ហ៊ុនទៀន និងព្រះនាងលីវយីមានព្រះរាជបុត្រមួយព្រះអង្គ ។ ពេលព្រះរាជបុត្រានេះចម្រើនព្រះជន្មធំឡើង ព្រះបាទហ៊ុនទៀនបានរៀបចំដីសាមន្ដរាជមួយមានទីក្រុង៧ឱ្យគ្រប់គ្រង ដីនេះដែលជាដីសាមន្ដរាជទីមួយនៃព្រះរាជាណាចក្រ ។ ក្រោយមក មានស្ដេចស្នងរាជ្យបន្ដពីព្រះបាទហ៊ុនទៀនមួយអង្គ ព្រះនាម ហ៊ុនប៉ាងហួង បានប្រើល្បិចបំបែកបំបាក់ទីក្រុងទាំង៧រួចក៏វាយយកដាក់ជាចំណុះ ទើបទ្រង់ចាត់តាំងព្រះរាជបុត្រ ព្រះរាជនត្ដាឱ្យទៅសោយរាជ្យលើទីក្រុងនីមួយៗនោះទៀត ។ សរុបមក ដីសាមន្ដរាជមួយដែលព្រះបាទហ៊ុនទៀនបានរៀបចំឱ្យព្រះរាជបុត្ររបស់ ព្រះអង្គសោយរាជ្យ តែស្ដេចទឹកដីមួយៗចង់រើខ្លួនឱ្យបានឯករាជ្យ បានត្រូវព្រះអង្គវាយដាក់ជាចំណុះឡើងវិញ រួចបែងចែកឱ្យស្ដេចត្រាញ់៧រូបសោយរាជ្យ ។
ព្រះរាជា អង្គនេះបានគ្រងរាជ្យរហូតដល់ព្រះជន្ម៩០ព្រះវស្សាទើបសោយទិវង្គត ទៅ ពេលនោះព្រះរាជបុត្រទី២របស់ព្រះអង្គ ព្រះនាមថា ផាន់ ផាន់ (9) ត្រូវបានជ្រើសតាំងឱ្យឡើងសោយរាជ្យបន្ដពីព្រះបិតា ។ ប៉ុន្ដែ ស្ដេចអង្គនេះ មិនបានយកចិត្ដទុកដាក់នឹងកិច្ចការប្រទេសជាតិទេ ទ្រង់បានប្រគល់កិច្ចការទាំងអស់ឱ្យមេទ័ពព្រះអង្គឈ្មោះ ហ្វាន់ចេម៉ាន់ ឬ ហ្វាន់ម៉ាន់ កាន់កាប់ជំនួសវិញ ហើយព្រះអង្គបានសោយទិវង្គតទៅក្រោយពីសោយរាជ្យបាន៣ឆ្នាំ ។ ពេលនោះសេនាមុខមន្ដ្រីក៏បានលើកមេទ័ពហ្វាន់ម៉ាន់ឱ្យឡើងសោយរាជ្យ បន្ដ ។ ការលើក ហ្វាន់ម៉ាន់ ឱ្យសោយរាជ្យនេះមិនបានទទួលការគាំទ្រពីមហាជនទេ ជាពិសេសពីពួកស្ដេចត្រាញ់ដែលសោយរាជ្យនគរចំណុះទាំងឡាយ ពីព្រោះឯកសារចិនបានបញ្ជាក់ថា ក្រោយពីបានឡើងសោយរាជ្យព្រះបាទហ្វាន់ម៉ាន់ដ៏អង់អាច និងមានសមត្ថភាព បានធ្វើសឹកសង្គ្រាមវាយបង្ក្រាបប្រទេសចំណុះទាំងឡាយឱ្យរាបទាបឡើង វិញ ។ មើលទៅព្រះរាជាអង្គនេះ ជាក្សត្រអង់អាចក្លាហាន និងជាអ្នកចម្បាំងផង ។ ព្រះអង្គបានចាត់ឱ្យកសាងនាវាធំៗ ដែលព្រះអង្គជិះកាត់សមុទ្រជ្រៅៗ ធ្វើចម្បាំងវាយប្រទេសលើសពី១០ ក្នុងនោះ មួយចំនួនធំស្ថិតនៅក្នុងទៀបកោះដែលពួកអឺរ៉ុបហៅថា ម៉ាឡាកា ។
ព្រះអង្គមានរាជធានីដែលហៅ និងសរសេរតាមភាសាចិនថា «តូមូ» (10) នៅចម្ងាយប្រមាណជា១៨០គីឡូម៉ែត្រពីមាត់ពាមទន្លេមេគង្គ និងមាត់ច្រាំងនៃទន្លេដ៏ធំមួយដែលនាវាសមុទ្រអាចចូលចតបានយ៉ាង ស្រួល ។
ព្រះបាទហ្វាន់ម៉ាន់បាន ប្រឈួននៅពេលកំពុងធ្វើសង្គ្រាមមួយ ទ្រង់បានចាត់ឱ្យព្រះរាជបុត្រច្បងព្រះនាម គិនចេង បញ្ជាទ័ពជំនួសព្រះអង្គ ហើយទ្រង់ទុកព្រះភាគិនេយ្យព្រះអង្គព្រះនាម ចាន់ ជាបុត្ររបស់ព្រះអនុជក្សត្រីព្រះអង្គឱ្យកាន់ទ័ព២០០០នាក់នៅ ការពារព្រះអង្គ ។ ព្រះភាគិនេយ្យនេះបានឆ្លៀតយកឱកាសដែលព្រះបាទហ្វាន់ម៉ាន់ប្រឈួន ក៏ប្រកាសខ្លួនជា ហ្វាន់ចាន់ គឺជាព្រះរាជានៃនគរហ្វូណន ឬប៉ូណន ។ រួចព្រះអង្គបានចាត់កម្លាំងឱ្យទៅធ្វើឃាតរជ្ជទាយាទគិនចេងដើម្បី កុំឱ្យមកដណ្ដើមរាជ្យពីព្រះអង្គវិញប្រហែលជានៅឆ្នាំ២៣០នៃ គ្រិស្ដសករាជ ។
ព្រះបាទ ហ្វាន់ម៉ាន់នៅមានព្រះរាជបុត្រមួយអង្គទៀតដែលនៅជាព្រះរាជឱរសនៅ ឡើយពេលព្រះបិតាសុគត ។ ពេលទ្រង់ចម្រើនវ័យគ្រប់២០ព្រះវស្សា ព្រះអង្គក៏សម្រេចចិត្ដដណ្ដើមរាជ្យសម្បត្ដិពីព្រះរៀមជីដូនមួយដែល បានជ្រែករាជ្យ និងសម្លាប់ព្រះបិតាព្រះអង្គ ។ ព្រះអង្គកទ័ព ជ្រើសរើសយកពលទាហានសុទ្ធតែអ្នកអង់អាចក្លាហានរួចធ្វើឃាតព្រះបាទ ហ្វាន់ចាន់ទៅ ។ត្រង់នេះគេមិនបានដឹងថាតើព្រះអង្គធ្វើឃាតនៅ ក្នុងសង្គ្រាមតតាំងទល់មុខគ្នា ឬក៏នៅក្នុងការលបវាយប្រហារស្ងាត់ៗទេ ។ ពេលនោះ មេទ័ពរបស់ព្រះបាទហ្វាន់ចាន់ ឈ្មោះ ស៊ីយុន ដោយយកលេសថាសងសឹកថ្វាយព្រះរាជាបានសម្លាប់ឃាតកររួចហើយក៏ប្រកាស ខ្លួនជា ហ្វាន់ស៊ីយុន (11) ជាព្រះរាជានៃនគរហ្វូណននៅឆ្នាំ២៥០នៃគ្រិស្ដសករាជ ត្រូវនឹងឆ្នាំ១៧២នៃមហាសករាជ ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនរៀបរាប់អំពីព្រះបាទហ្វាន់ស៊ីយុននេះថាជាស្ដេច កសាងប្រទេស យកចិត្ដទុកដាក់នឹងរាជកិច្ចខ្លាំងណាស់ ។ ទ្រង់បើកសវនាការឱ្យប្រជារាស្ដ្រចូលគាល់រាល់ថ្ងៃ នៅពេលព្រឹក និងថ្ងៃត្រង់ ។
តាមមើលទៅ ព្រះរាជាដែលសោយរាជ្យនៅនគរហ្វូណនទាំងអស់ រួមទាំងស្ដេចជ្រែករាជ្យផង សុទ្ធតែមានខ្សែលោហិតរាជវង្សតែមួយ ព្រោះយើងមកដល់ពាក់កណ្ដាលសតវត្សរ៍ទី៣ហើយ ហើយតាមឯកសារប្រវត្ដិសាស្ដ្រចិនបាននិយាយថា បច្ឆាញាតិរបស់ព្រះនាងលីវយី និងព្រះបាទហ៊ុនទៀន បានគ្រប់គ្រងរាជសម្បត្ដិនៅហ្វូណនអស់រយៈកាល២សតវត្សរ៍ (12) ។
បើសិនជា ការប្រកាន់តាមប្រពៃណីខ្មែរដែលលើកឡើងថា មានស្ដេចចាម៦អង្គសោយរាជ្យមុនគេនៅកម្ពុជា ស្ដេចទាំងអស់នោះមានព្រះនាមថា យូយូវរ្ម័នទិ កវាលរាជកុមារ សុរិយាវរ្ម័នទិ ទរនិន្ទ្រាវរ្ម័នទិ អាទិត្យវរ្ម័នទិ និងអស្សកៃ ជាការពិតនោះមានន័យថា ព្រះរាជាទាំងអស់នោះជាបច្ឆាញាតិរបស់ព្រះនាងលីវយី និងជ្វាហ៊ុនទៀនទាំងអស់ហើយមិនមែនជាចាមទេព្រោះនៅពេលនោះមិនទាន់ មានពួកចាមនៅឡើយតែជាជ្វា ឬម៉ាឡេ គឺជាអម្បូរជនដែលក្រោយពីបានត្រូវដេញចេញពីកម្ពុជាទៅ បានគេចទៅនៅចំប៉ាសាក់ខាងជើងកម្ពុជា ឬក៏ទៅនៅខាងកើតត្រង់ដែលចិនហៅថា លីនយី ដែលក្រោយមកទើបក្លាយទៅជាចាម្ប៉ានោះឯង ។ ឈ្មោះ «ចាម្ប៉ា» នេះ ខ្មែរនៅចងចាំនៅឡើយរហូតមកដល់២សតវត្សរ៍មុននេះ ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនក៏មានរៀបរាប់ជាច្រើនដែរអំពីស្រុកហ្វូណន ទោះបីជាការរៀបរាប់នីមួយៗមិនគ្រប់ជ្រុងជ្រោយ ហើយសរសេរនៅពេលខុសៗគ្នាក៏ដោយ តែបើយកមកផ្ដុំគ្នា អាចឱ្យយល់ដឹងបានខ្លះអំពីប្រទេសនោះនៅសតវត្សរ៍ទី៣ និងទី៤ ។ដូចនេះវាមានសារសំខាន់នៅពេលនេះដែលត្រូវអធិប្បាយ សង្ខេបអំពីឯកសារទាំងនោះ ។
ឯកសារ នោះនិយាយថា មុនដែលស្ដេចហ៊ុនទៀនមកដល់ អ្នកស្រុកហ្វូណនច្រើនសាក់ខ្លួនដូចដែលពួកភូមា និងលាវនៅអនុវត្ដរហូតដល់សព្វថ្ងៃ ។ ការសាក់ខ្លួននេះហាក់ដូចជាគ្មានទៀតទេពេលដែលស្ដេចហ៊ុនទៀនមកដល់ តែអ្នកស្រុកនៅដើរស្រាត មិនទាន់មានស្លៀកពាក់នៅឡើយ ។ ស្ដេចហ៊ុនទៀនដែលចេញមកពីប្រទេសមួយមានអារ្យធម៌រួចហើយ ម្យ៉ាងទៀតជាព្រាហ្មណ៍ផង ទ្រង់មិនសប្បាយចិត្ដនឹងឃើញព្រះជាយានៅស្រាតដូច្នេះទេ ទ្រង់ក៏យកក្រណាត់មួយផ្ទាំងមកស្លៀកឱ្យ ដោយចោះប្រហោងកណ្ដាលសម្រាប់ច្រកព្រះកេស (13) ។
ក្រោយមក នៅដើមសតវត្សរ៍ទី៣ ស្រីៗអ្នកស្រុកក៏ប្រកាន់យកសម្លៀកបំពាក់នេះរហូត ហើយស្ដេច ហ្វាន់ស៊ីយុន ក៏បានហាមមិនឱ្យប្រុសៗស្រាតទៀតដែរដោយឱ្យបិទបាំងកេរ្ដិ៍ខ្មាស នឹងក្រណាត់ប៉ឹងដែលចិនហៅថា កេនម៉ាន ហើយពួកម៉ាឡេហៅថា កំបាន (14) ។ ពួកអ្នកមានគេប្រើក្រណាត់ប៉ាក់ រីឯអ្នកក្រប្រើក្រណាត់ផាឌិប ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនដដែលនិយាយថា អ្នកស្រុកហ្វូណន គគ្រិច សម្បុរខ្មៅ ហើយមានសក់ក្រញាញ់ (15) ។ ពួកនេះចូលចិត្ដការចារ និងចម្លាក់ ។ឧបករណ៍របស់គេជាច្រើនធ្វើអំពីប្រាក់ គេបង់ពន្ធជាមាសប្រាក់ ឬជាគ្រាប់គជ់ និងទឹកអប់ ។ គេមានសៀវភៅ និងកន្លែងសម្រាប់ទុកដាក់ឯកសារ និងសម្ភារផ្សេងៗ ។ គេមានអក្សរ ហើយគេចូលចិត្ដប្រជល់មាន់ និងប្រជល់ជ្រូក ។ អ្នកស្រុកនេះចូលចិត្ដអនុវត្ដការស្បថស្បែ និងការសាកល្បងផ្សេងៗ ដូចជាឱ្យអ្នកជាប់ចោទកាន់ផ្លែពូថៅដែលដុតឡើងក្រហម ហើយដើរឱ្យបាន៧ជំហាន ឬដាក់ចិញ្ចៀន ឬពងមាន់នៅក្នុងទឹកពុះ ហើយឱ្យយកដៃលូកចាប់យកចេញជាដើម ។ ការអនុវត្ដន៍បែបនេះ នៅមានគេប្រតិបត្ដិនៅឡើយក្នុងចំណោមជនជាតិដើម ។ នៅកម្ពុជាពេលមុននេះបន្ដិច ក៏នៅមានអនុវត្ដបែបនេះដែរ ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនរៀបរាប់ទៀតថា នៅមានវិញ្ញាសាមួយទៀតដែលគេអនុវត្ដចំពោះតែម្ចាស់ និងខ្ញុំបម្រើប៉ុណ្ណោះក្នុងករណីសង្ស័យថាខ្ញុំនោះលួចរបស់ៈ គឺឱ្យខ្ញុំនោះស៊ីស្រូវ ។បើខ្ញុំនោះបានលួចមែនស្រូវនឹងមុត មាត់ចេញឈាម ប៉ុន្ដែបើមិនបានលួចទេ គឺអាចទំពាស្រូវលេបចូលពោះដោយស្រួល ។
ពេល នោះមិនទាន់មានគុកដាក់អ្នកទោសទេ ។ ជនឧក្រិដ្ឋត្រូវបោះឱ្យក្រពើស៊ី ដែលគេចិញ្ចឹមនៅក្នុងប្រឡាយជុំវិញទីក្រុង ឬសត្វសាហាវ ដែលគេចិញ្ចឹមដាក់ក្នុងទ្រុងពិសេស ។
អ្នកស្រុក មិនជីកអណ្ដូងយកទឹកទេ ក៏ប៉ុន្ដែគេមានស្រះទឹកតាមក្រុមគ្រួសារ ហើយប្រើធុងសម្រាប់ដងទឹកយកមកប្រើកាលណាគេត្រូវការ ។
គេគោរពបូជាអាទិទេពដែលរស់នៅលើមេឃ ហើយសាងរូបសំណាកតំណាងអំពីសំរឹទ្ធដែលជួនកាលមានមុខពីរ និងដៃបួន ជួនកាលទៀតមានមុខបួន និងដៃប្រាំបី ។តាមពិតទាំងអស់នេះគឺជាបដិមាតំណាងឱ្យអាទិទេព នៃព្រហ្មញ្ញសាសនាដែលមានដូច្នេះរហូតដល់សព្វថ្ងៃនៅឥណ្ឌា និងមានក្បាលមិនតិចជាងដៃប៉ុន្មានទេ ។ នៅកម្ពុជា គេបានរកឃើញបដិមាបែបនេះជាច្រើនដែលគេយកមកទុកនៅសារមន្ទីរ សព្វថ្ងៃ ។
ព្រះរាជាជិះដំរី កាលណាត្រូវយាងចេញពីវាំង ។ មហេសី និងស្រីស្នំទាំងឡាយក៏ដូច្នោះដែរ ។ កាលណាព្រះអង្គទ្រង់គង់ ទម្រេតព្រះកាយបន្ដិច បញ្ឈរជង្គង់ស្ដាំ ឯជង្គង់ឆ្វេងទម្លាក់ដល់ដី (16)។ នៅពីមុខព្រះភ័ក្ដ្រព្រះអង្គ គេលាតក្រណាត់ស រួចដាក់ព្រះរាជសង្ហារ ភាជន៍មាស និងផើងដុតឈើក្រអូប ។
ការបូជាខ្មោច និងអាពាហ៍ពិពាហ៍របស់អ្នកស្រុកហ្វូណនប្រព្រឹត្ដទៅដូចនៅលីនយី ឬចាម្ប៉ាដែរ ។ គេកាន់ទុក្ខដោយកោរសក់ និងកោរពុកមាត់ ។ មានវិធីយ៉ាងសម្រាប់ទុកដាក់សព ៖ បោះសពចូលក្នុងទឹកទន្លេ បូជា ដោយភ្លើង កប់ និងទុកចោលកណ្ដាលវាលឱ្យសត្វស៊ី ។ នេះគឺជាអ្វីដែលជនកម្ពុជាហៅរហូតមកដល់សព្វថ្ងៃថា «ការបំបែកធាតុទាំងបួន» ។
ចុងក្រោយបង្អស់ ឯកសារចិនបានកត់សម្គាល់ថាអ្នកស្រុកហ្វូណនលោភលន់ណាស់ ។គេមិន គោរពពិធី ឬ ចរិយាធម៌អ្វីទេ ។ ទំនៀមទម្លាប់គ្មាន ហើយកុមារីក៏ដូចកុមារា ធ្វើអ្វីតាមតែអំពើចិត្ដ ។
ឯកសារ ក៏បានបញ្ជាក់ផងដែរថា នគរហ្វូណនពេលនោះធំណាស់ លាតសន្ធឹងពីនគរចាម្ប៉ានៅខាងកើត រហូតដល់ទ្វារវតី (17) នៅខាងលិច (ប្រទេសនេះគឺអយុធ្យាឬសៀមសព្វថ្ងៃ ពេលនោះប្រហែលជាគ្រប់គ្រងដោយក្រុមឧបនិវេសន៍ហិណ្ឌូមួយរួចទៅហើយ) និងលាតសន្ធឹងរហូតដល់ព្រំប្រទល់ខែត្រយេណនានរបស់ចិន គឺខែត្រក្វាងប៊ិញរបស់តុងកឹងសព្វថ្ងៃ (18) ។ ក៏ប៉ុន្ដែវាហាក់ដូចជាពិបាកនឹងជឿណាស់ដែលនិយាយថា ស្ដេចនៃនគរហ្វូណនដែលមានទីតាំងនៅតំបន់ចូវដុក ឬក្នុងខែត្រព្រៃកប្បាស អាចវាតអំណាចទៅបានឆ្ងាយពីរាជធានីបែបនេះ ។
២- រឿងព្រេង
រឿងព្រេង ខ្មែរចាប់កំណើតអស់កាលជាយូរលង់ណាស់មកហើយ ហើយបានក្លាយទៅជាប្រពៃណីរបស់ជាតិខ្មែរផងដែរ ។ រឿងព្រេងទាំងនោះមានប្រជាប្រិយភាពខ្លាំងណាស់ ហើយបានត្រូវប្រជាជនខ្មែរជឿជាក់ និងចាត់ទុកដូចជាព្រះឱង្ការរបស់ព្រះដែលពួកគេការពារយ៉ាងខ្លាំង ថ្វីបើនៅមានការប្រទាំងប្រទើសគ្នាខ្លះក៏ដោយ ។
តើរឿងព្រេងទាំងអស់នោះគ្រាន់តែជារឿងដែលគេប្រឌិតឡើងតាមតែការស្រមើ ស្រមៃគ្មានទាក់ទិនទៅនឹងហេតុការណ៍ប្រវត្ដិសាស្ដ្រអ្វីសោះឬ យ៉ាងណា ? មិនមែនទេ ។ តាមមើលទៅ រឿងព្រេងទាំងអស់នោះហាក់ដូចជាមានចំណែកខ្លះជារឿងពិតតាម ប្រវត្ដិសាស្ដ្រដែលគេយកមកប្រឌិតបំផ្លើសផ្សំធ្វើឱ្យមានភាព អច្ឆរិយៈខ្លះ ទោះជារឿងទាំងនោះចាប់កំណើតចេញពីការនិទានតៗគ្នាពីមាត់មួយទៅ មាត់មួយ រួចបានត្រូវគេត្រងត្រាប់ទុកតែរចនាបថ ឬក៏ជាប្រវត្ដិពិតពីបុរាណកាលដែលបានរលុបស្ទើរបាត់អស់ទៅហើយក្ដី (19) ។
ទោះជាយ៉ាងណាក្ដី ថ្វីបើគេមិនឃើញមានចំណារនៅលើសិលាចារឹក ឬក៏មិនមានរៀបរាប់នៅក្នុងកំណត់ត្រារបស់ប្រវត្ដិវិទូចិនក៏ដោយ ក៏គេមិនអាចបដិសេធមិនទទួលស្គាល់រឿងរ៉ាវដែលគេនិទានផ្ទាល់មាត់តៗ គ្នា និងរឿងព្រេងដែលគេបានសរសេរកត់ត្រាទុកមកថា ពួកចាមមានវត្ដមាននៅកម្ពុជាមុនពួកឥណ្ឌា ។ គឺរឿងទាំងអស់នោះ ហើយដែលជំរុញឱ្យប្រជាជនខ្មែរបច្ចុប្បន្នហ៊ានកំណត់នៅពេលដែលគេជួប សិលាចារឹកមួយថា សិលាចារឹកនេះជារបស់ចាម សិលាចារឹកនោះជារបស់ខ្មែរ ។ គេអាចនឹងទទួលស្គាល់បានដូចដែលគេបានឃើញពីខាងលើរួចមកហើយថា ពួកចាមបានមកដល់កម្ពុជាមុនពួកកម្ពុជៈ ដោយគ្មានប៉ះពាល់អ្វីដល់ប្រវត្ដិសាស្ដ្រដែលផ្អែកទៅលើកំណត់ត្រា របស់ពួកចិន ពីព្រោះថា កំណត់ត្រាទាំងនោះមិនមែនសុទ្ធតែរៀបរាប់ប្រាប់យើងទាំងអស់អំពីអ្វី ដែលចិនបានដឹងពីប្រជាជនដែលគេលើកឡើងនោះទេ ។
ប៉ុន្ដែ ខ្ញុំជឿថាការដែលចង់អះអាងថាប្រវត្ដិសាស្ដ្រដែលទាក់ទងទៅនឹង រឿងព្រេងពីរដែលយើងបានដឹងគឺរឿងជ្វាព្រាហ្មណ៍ និងរឿងព្រះថោងនាងនាគដែលខ្ញុំនឹងរៀបរាប់ខាងក្រោម គឺជារឿងដែលកើតឡើងបន្ដបន្ទាប់គ្នានៅក្នុងក្សត្រប្រទេសតែមួយ គឺព្រះរាជាណាចក្រខ្មែរ ពីព្រោះថា នៅពេលនោះមានក្សត្រប្រទេសជាច្រើនទៀតក្រៅពីហ្វូណន ។ ខ្ញុំគិតថា រឿងដែលកើតមានក្នុងក្សត្រប្រទេសនីមួយៗ ដល់ពេលយូរក្រោយមកក៏បានក្លាយទៅប្រវត្ដិរួមរបស់ប្រទេស ទាំងមូល ។ដោយហេតុនេះព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រដែលកើតមានឡើង ហើយដែលកប់បាត់ទៅតាមពេលវេលា មិនចាំបាច់ត្រូវតែឆ្លើយតបគ្នា និងកើតមានបន្ដបន្ទាប់គ្នាដើម្បីបញ្ជាក់ថា ជាការពិតនោះទេ ។
រហូត មកដល់សព្វថ្ងៃនេះ មានការបញ្ជាក់ច្បាស់ហើយថា ហ្វូណន (20) គឺជាអាណាចក្រមួយដែលរួមផ្សំឡើងដោយក្សត្រប្រទេសជាច្រើន ដែលមានព្រះរាជានៃក្សត្រប្រទេសតូមូជាអធិរាជ ហើយបើមិនមែនដូច្នេះ តាំងពីដើមដំបូងមកទេនោះ ក៏ចាប់តាំងពីពេលដែលព្រះបាទហ្វាន់ម៉ាន់បានធ្វើសង្គ្រាមដណ្ដើម ទឹកដីមកដែរ ។
ហើយខ្ញុំក៏ដូច ជាមានជំនឿច្រើនថា គឺពួកម៉ាឡេដែលជាបុព្វបុរសរបស់ពួកចាមនៅពេលក្រោយមកដែលជា ស្ថាបនិកនៃបណ្ដាក្សត្រប្រទេសទាំងអស់នោះ ។ រាជាណាចក្រចាម ឬចាម្ប៉ានេះ ស្ថិតនៅពីខាងកើត ហើយបានកកើតឡើងយ៉ាងតិចណាស់ក៏២សតវត្សរ៍មុនកម្ពុជាដែរ ពីព្រោះគេបានរកឃើញសិលាចារឹកសំស្ក្រឹតដែលមានវ័យចំណាស់ជាងគេនៅ ក្នុងឥណ្ឌូចិននៅចាម្ប៉ានេះឯង ។ បើតាមសិលាចារឹកទាំងនោះ ប្រទេសចាម្ប៉ាមានអរិយធម៌ជឿនលឿនជាងហ្វូណននៅសតវត្សរ៍ទី៤ ។
អំពីជ្វាព្រាហ្មណ៍
ប្រសិនបើ គេទទួលស្គាល់ថាការលុកលុយរបស់ពួកម៉ាឡេ ឬជ្វា ជាការលុកលុយពីខាងក្រៅដែលកើតមានមុនគេមកលើកម្ពុជានោះ រឿងរ៉ាវដែលនិទានអំពីការលុកលុយរបស់ពួកជ្វាព្រាហ្មណ៍គឺជារឿងមួយ ក្នុងបណ្ដារឿងទាំងនោះ ។ រឿងនេះរៀបរាប់អំពីការលុកលុយរបស់ស្ដេចហ៊ុនទៀនដែលយាងមកពីទិស ខាងត្បូងដូចដែលបានលើកនៅខាងលើ ។ ទោះជាយ៉ាងណាក៏ដោយ ពួកជ្វាព្រាហ្មណ៍ ឬព្រាហ្មណ៍ នៅកោះជ្វាទាំងនោះ ធ្វើដំណើរចេញមកពីប្រជុំកោះអាំងស៊ូឡាំង ។ ពួកនោះប្រហែលជាបច្ឆាញាតិរបស់ពួកព្រាហ្មណ៍ប្រមាណជា២ម៉ឺនគ្រួសារ ដែលបានធ្វើនិរប្រវេសន៍ចេញពីប្រទេសឥណ្ឌានៅដើមមហាសករាជមកតាំង ទីលំនៅលើកោះជ្វា ហើយផ្សព្វផ្សាយព្រហ្មញ្ញសាសនាដល់ប្រជាជនដើមនៅទីនោះ ។ រឿងនិទានរៀបរាប់ថា ក្រៅពីប្រជាជន ឬពួកពលទាហាន និងពួកសំពៅ ពួកព្រាហ្មណ៍ដែលជាមេគេទាំងនោះ មានសក់វែង មានសម្បុរខ្មៅ ហើយបានអះអាងថា ពួកគេមកពីនគរពារាណសី ។ រឿងនិទានក៏បានរៀបរាប់ផងដែរថា នគរដែលពួកជ្វាព្រាហ្មណ៍ទាំងនោះបានបង្កើតឡើងគឺនគរគោកធ្លក គឺស្រុកខ្មែរនេះឯង និងថា មានព្រះមហាក្សត្រចាម៦ព្រះអង្គសោយរាជ្យបន្ដបន្ទាប់គ្នា ព្រះមហាក្សត្រទាំងនោះជាបច្ឆាញាតិរបស់ព្រះនាងលីវយី និងព្រះបាទហ៊ុនទៀន ដែលជាជ្វា ។
- ស្ដេច ជ័យវរ្ម័នសោយរាជ្យ៥០ឆ្នាំ ។ តាមរឿងនិទាន ព្រះអង្គគោរពបូជាព្រះវិស្ណុ ហើយទ្រង់សោយទិវង្គតទៅក្នុងព្រះជន្មាយុ៧០ឆ្នាំ ។
- រាជបុត្រ របស់ព្រះបាទជ័យវរ្ម័នព្រះនាម កវលៈរាជកុមារ បានសោយរាជ្យបន្ដពីព្រះបិតា ហើយគោរពបូជាថ្មស្វ័យម្ភុ (21) ដែលមានន័យថា កើតមានឡើងដោយឯងៗ ។ ព្រះរាជាអង្គនេះសោយរាជ្យបាន២០ឆ្នាំ ។
- ព្រះរាជាចាមទី៣ ទ្រង់ព្រះនាមថា សុរិយាវរ្ម័ន ទ្រង់គ្រងរាជ្យបាន២០ឆ្នាំដែរ និងគោរពបូជាថ្មស្វ័យម្ភុដូចគ្នា ។
- ព្រះរាជាទី៤ ទ្រង់ព្រះនាមថា ធរណិន្ទ្រៈវរ្ម័ន ។ ទ្រង់សោយរាជ្យបាន២០ឆ្នាំ ។
- ព្រះរាជាទី៥ គឺព្រះបាទអាទិត្យវរ្ម័ន សោយរាជ្យបាន២០ឆ្នាំ ។
- ព្រះរាជាចាមទី៦ និងចុងក្រោយគេ គឺព្រះបាទអសជ្ជ័យ ដែលសោយរាជ្យបានតែ១១ឆ្នាំប៉ុណ្ណោះ ។
រឿងព្រះថោង
តាមមើលទៅ រឿងរបស់ពួកហិណ្ឌូស្ដីអំពីព្រះថោង ក៏ដូចជារឿងជ្វាព្រាហ្មណ៍ដែរ គឺមិនមែនជាការប្រឌិតសុទ្ធសាធនោះទេ ។ បើកុំគិតអំពីភាពអស្ចារ្យដែលគេបន្ថែមឱ្យរឿងនេះហាក់ដូចជារំលឹក នូវហេតុការណ៍ប្រវត្ដិសាស្ដ្រមួយនោះគឺការឈ្លានពានរបស់ពួកហិណ្ឌូ ដែលបានមកវាយយកជ័យជម្នះ រួចបណ្ដេញពួកចាមចេញពីនគរគោកធ្លក ។
ដំណើររឿងត្រួសៗមានដូចតទៅ ៖ «មាន ស្ដេចមួយព្រះអង្គសោយរាជ្យនៅនគរឥន្ទ្រប្រទេស (22) មានព្រះរាជបុត្រា៥ព្រះអង្គ ។ ព្រះអង្គបានបែងចែកខែត្រខណ្ឌ៤ចំណែកឱ្យព្រះរាជបុត្រាច្បងទាំង បួនគ្រប់គ្រង ឯព្រះរាជបុត្រាពៅនៅជាមួយនឹងព្រះអង្គ ។ ដល់ពេលព្រះរាជបុត្រាពៅនេះចម្រើនវ័យធំឡើង ព្រះរាជាក៏ដាក់រាជ្យថ្វាយព្រះរាជបុត្រាពៅនេះឱ្យសោយរាជ្យបន្ដពី ព្រះអង្គ ។ ធ្វើយ៉ាងនេះបានសេចក្ដីថា ព្រះអនុជពៅនេះជាអធិរាជលើព្រះរៀមទាំង៤ព្រះអង្គ ។ ព្រះរៀម៣ព្រះអង្គយល់ព្រមទទួលយកស្ថានភាពបែបនេះ ប៉ុន្ដែព្រះរៀមទី៤ព្រះនាមថា ព្រះថោង មិនយល់ព្រមទេ ហើយទ្រង់មិនព្រមយាងមកកាន់ឥន្ទ្រប្រទេសចូលរួមក្នុងពិធីអភិសេក ព្រះអនុជឡើយ ។ ដំបូងឡើយ ព្រះវររាជបិតាប្រុងនឹងបញ្ជូនព្រះរាជបុត្រាទាំងបួនអង្គទៀត ឱ្យលើកទ័ពមកច្បាំងនឹងព្រះថោងដែលទ្រង់ចាត់ទុកថាបានបះបោរ ប្រឆាំង ។ ក៏ប៉ុន្ដែដោយព្រះថោងមានការគាំពារច្រើនពីប្រជាជន ព្រះអង្គក៏ប្រែព្រះទ័យ គ្រាន់តែសម្រេចបណ្ដេញព្រះថោង ព្រមទាំងបរិវារទាំងអស់ចេញពីព្រះនគរ ប៉ុណ្ណោះហើយទ្រង់ឱ្យនាំយកប្រជាជនពីខែត្រខណ្ឌ៤ទៀតមករស់នៅបំពេញ វិញ ។ ព្រះថោងដែលត្រូវបានគេចាត់ទុកថា កាត់សាសនា ក៏ដឹកនាំប្រជារាស្ដ្ររបស់ព្រះអង្គចាកចេញពីប្រទេសមកតាំងនៅលើ ទឹកដីនគរគោកធ្លក ដែលមានពួកចាមរស់នៅមុនរួចទៅហើយ ។ ការរស់នៅលើទឹកដីគោកធ្លកនេះមិនបានស្រួលទេ ដោយចេះតែមានទំនាស់រវាងពួកចាមម្ចាស់ស្រុកជាមួយប្រជារាស្ដ្ររបស់ ព្រះថោង ក៏ក្លាយទៅជាជម្លោះប្រយុទ្ធគ្នាស្លាប់រស់ ។ ពេលនោះ ប្រហែលជាដោយសារមានជំនួយពីជនជាតិដើមផង ព្រះថោងក៏វាយបណ្ដេញពួកចាមបង្ខំឱ្យពួកនេះចាកចេញពីចំប៉ាសាក់ ទៅ ។ ព្រះអង្គក៏ឡើងគ្រងរាជ្យជាព្រះរាជា រួចបានអភិសេកបុត្រីរបស់ស្ដេចនាគជាអគ្គមហេសី ។ ពាក្យថា «នាគ» នេះ ប្រហែលសំដៅយកអ្នកស្រុកដើម គឺពួកខ្មែរនេះឯង ។ ព្រះថោង មិនគ្រាន់តែគ្រប់គ្រងលើទឹកដីក្រុមឧបនិវេសន៍ជ្វាហិណ្ឌូដែលព្រះ អង្គដណ្ដើមបានប៉ុណ្ណោះទេ ប៉ុន្ដែក៏គ្រប់គ្រងលើទឹកដីដែលស្ថិតក្រោមអំណាចរបស់ព្រះបិតាក្មេក ព្រះអង្គផងដែរ ។ ហេតុការណ៍នេះជាភស្ដុតាងបញ្ជាក់អំពីឃ្លានៃរឿងនិទានដំបូងៗដែល និយាយថា ព្រះថោងជាព្រះរាជាទីមួយរបស់ពួកខ្មែរ បានសេចក្ដីថាពួកជនជាតិដើមដែលបានរួបរួមជាមួយពួកហិណ្ឌូ ។»
កម្ពុ
ក្រៅពី រឿងនិទានទាំងពីរខាងលើនេះដែលគេនិយាយតៗគ្នាពីមាត់មួយទៅមាត់ មួយរហូតមកដល់យើងសព្វថ្ងៃ ប្លែកៗពីគ្នាខ្លះ ក៏ប៉ុន្ដែរក្សាបាននូវរចនាបថដើម ហើយដែលគ្មានសិលាចារឹកណាមួយបានលើកឡើងសោះ ។
នៅ មានរឿងព្រេងមួយទៀតស្ដីអំពីទេវបុព្វបុរសរបស់ប្រជាជនកម្ពុជា ហើយដែលសិលាចារឹកមួយបានលើកឡើងដែរ ។ បុព្វបុរសនោះអាចចាត់ទុកបានថាជាមនុស្សរបស់ឥណ្ឌូចិនទ្រង់មានព្រះ នាមថា «កម្ពុ» ហើយជាជីទួត ជីលួតរបស់រាល់ព្រះរាជាវរ្ម័នក្រោយៗមក ។ ព្រះអង្គបង្ហាញរូបរាងឡើងក្នុងឋានៈជាទេវកថាមួយរបស់ជាតិ ។
តាម កំណត់សម្គាល់មួយនៅទំព័រខាងលើ គេបានឃើញថាពាក្យសំស្ក្រឹត «កម្ពុ» មានន័យថា «ចោរ ចោរសមុទ្រ» ដែលលោក ហ្សេរីនី បានបកតម្រូវនឹងពាក្យក្រិក «លេស្ដៃ» ដែលផែនទីរបស់ ផ្ដូលេមេ ប្រើសម្រាប់សម្គាល់ប្រជាជនដែលរស់នៅកូសាំងស៊ីន និងកម្ពុជា ។ ក្នុងករណីនេះ ពាក្យ «លេស្ដៃ» គ្រាន់តែជាពាក្យបកប្រែប៉ុណ្ណោះ មិនមែនជាពាក្យសរសេរតាមឈ្មោះដើមរបស់ប្រជាជនដែលរស់នៅទីនោះ ទេ ។ ខ្ញុំគ្មានជំនឿថា ការដែលមានរឿងប្រហាក់ប្រហែលគ្នានេះ វាមានមូលដ្ឋានច្បាស់លាស់នោះទេ ក៏ប៉ុន្ដែការដែលទេវបុព្វបុរសរបស់ប្រជាជនកម្ពុជាមានឈ្មោះដូច ពាក្យដែលមានប្រើនៅលើផែនទីក្រិក ជាកត្ដាគ្រប់គ្រាន់សម្រាប់គាំទ្រមតិរបស់លោក ហ្សេរីនី ស្ដីអំពីបុព្វបុរសរបស់ប្រជាជនដែលយើងកំពុងធ្វើការសិក្សានេះ ។
៣- កោណ្ឌញ្ញជ័យវរ្ម័ន
ថ្វីបើ មានរឿងព្រេងដែលបានក្លាយទៅជាប្រពៃណីរបស់ប្រជាជនកម្ពុជាទៅហើយ ហើយបើទោះជារឿងព្រេងទាំងនោះមានមូលដ្ឋានផ្អែកទៅលើប្រវត្ដិសាស្ដ្រ ខ្លះក៏ដោយ ក៏គេមិនអាចយករឿងទាំងអស់នោះជាគោលដើម្បីសរសេរប្រវត្ដិសាស្ដ្រនៃ សម័យកាលនោះបានទាំងស្រុងដែរ ។
ក៏ប៉ុន្ដែ ជាសំណាងល្អសម្រាប់សតវត្សរ៍ទី៥ដែលយើងនៅមានប្រភពព័ត៌មាន ច្បាស់លាស់ផ្សេងទៀតគឺដំបូងមានសិលាចារឹក និងបន្ទាប់មកទៀតមានឯកសារប្រវត្ដិសាស្ដ្រចិនដែលយើងបានប្រើប្រាស់ ជាច្រើនណាស់មកហើយសម្រាប់សតវត្សរ៍មុនៗ ។
មកដល់ត្រឹមនេះ រឿងរ៉ាវដែលយើងបានដឹងអំពីព្រាហ្មណ៍ឈ្មោះ កោណ្ឌញ្ញៈ ឬក៏ព្រាហ្មណ៍ត្រកូលកោណ្ឌញ្ញៈ ដែលធ្វើដំណើរចេញពីប្រទេសឥណ្ឌាមកសោយរាជ្យនៅប្រទេសកម្ពុជា មានព្រះនាមថា ជ័យវរ្ម័ន មិនប្រាកដថា សុទ្ធតែជារឿងព្រេងទាំងអស់នោះទេ ។
តាមមើលទៅ វាហាក់ដូចជាមានការលុកលុយរបស់ពួកហិណ្ឌូ ប្រហែលជានៅពាក់កណ្ដាលសតវត្សរ៍ទី៥នៃគ្រិស្ដសករាជ ។ ពួកនោះចេញមកពីប្រទេសឥណ្ឌាភាគខាងត្បូង គឺចេញពីតំបន់ដេកង់ ធ្វើដំណើរកាត់រាជាណាចក្រប៉ានប៉ាន នៅខាងជើងទៀបកោះម៉ាឡាកា មកកាន់កម្ពុជា ។ មេកោយរបស់ពួកនោះឈ្មោះ កោណ្ឌញ្ញៈ បានត្រូវប្រកាសលើកជាស្ដេចតាំងតែពីពេលមកដល់ភ្លាម រួចហើយបានប្រកាន់យកឋានៈជា «វរ្ម័ន» មានន័យថា «អ្នកការពារ» ដូចដែលស្ដេចនៃនគរបល្លវៈ នៅឥណ្ឌា និងស្ដេចចាមនៅតាមមាត់សមុទ្រខាងកើតនៃឥណ្ឌូចិនតែងតែប្រកាន់យក រួចមកហើយ ។ ស្ដេចចាមដែលសោយរាជ្យនៅហ្វូណន ដូចដែលរៀបរាប់ពីខាងលើសុទ្ធតែបានប្រកាន់យកឋានៈនេះដូចគ្នា ទោះជាសោយរាជ្យនៅវយធបុរៈ ឬនៅសម្ភុបុរៈ ឬនៅទូទាំងព្រះរាជាណាចក្រទាំងមូលផងក៏មិនដឹង បើរដ្ឋទាំងពីរនេះស្ថិតនៅក្រោមអាណាព្យាបាលរបស់ព្រះរាជាតែមួយ ព្រះអង្គ ។
រាជធានីរបស់ព្រះបាទកោណ្ឌញ្ញៈនៅហ្វូណននាពេលនោះ មានឈ្មោះថា «អនិន្ទត្តបរុៈ» ដែលគេមិនទាន់កំណត់រកឃើញទីតាំងពិតប្រាកដបាននៅឡើយ ។ កំណត់ត្រារបស់ពួកចិនហៅរាជធានីនេះថា «តូមូ» ដែលក្រោយមក គឺជារាជធានីវយធបុរៈ គឺស្រុកព្រៃកប្បាសសព្វថ្ងៃ ។
ព្រះរាជា អង្គនេះ បានក្លាយទៅជាអធិរាជដ៏មានអំណាច មានស្ដេចចំណុះជាច្រើន ព្រោះសិលាចារឹកព្រះឥន្ទកោសីយ៍ ដែលខ្ញុំបានរៀបរាប់ខាងលើ ហើយដែលគេចារ៤សតវត្សរ៍ក្រោយមក បានរៀបរាប់ថា «ក្រចក ព្រះបាទរបស់ព្រះអង្គទៅជារលោងភ្លឺចិញ្ចាច អាស្រ័យដោយប៉ះនឹងមកុដដាំពេជ្ររបស់ស្ដេចចំណុះទាំងឡាយនៅលើលោក នេះ ដែលចូលមកក្រាបថ្វាយបង្គំគាល់ព្រះអង្គ ។ ព្រះអង្គប្រៀបបានទៅនឹងព្រះអាទិត្យទើបនឹងរះ ឬព្រះច័ន្ទពេញវង់ ដែលល្អលើសផ្កាឈូកនៃពូជជួរទាំងឡាយ ។ ព្រះអង្គជាព្រះចន្ទនៃត្រកូលកោណ្ឌញ្ញៈ ជាទីប្រជុំនៃគុណធម៌ ។ ជោគជ័យរបស់ព្រះអង្គមានពន្លឺចាំងដូចជាស្វេតច្ឆត្រ ហើយរាជធានីមានពន្លឺភ្លឺចិញ្ចាចដោយស្នាព្រះហស្ដដ៏ខ្លាំងក្លារបស់ ព្រះអង្គ ។ មហារាជទាំងឡាយដែលចំណុះព្រះអង្គ គោរពបូជាព្រះអង្គប្រៀបបានទៅនឹងទេវតា ស្រីរបាំ និងតន្ដ្រីករនៅស្ថានសួគ៌គោរពបូជាព្រះអាទិត្យ» ។
ព្រះបាទ កោណ្ឌញ្ញៈគោរពបូជាព្រះសិវៈ ។សិលាចារឹកបានឱ្យយើងដឹងថាព្រះ អង្គបានកសាង និងសម្ពោធលិង្គប្រមាណជា១០០នៅពាសពេញផែនដីនេះ ពោលគឺនៅក្នុងព្រះរាជាណាចក្ររបស់ព្រះអង្គ ។
ឯកសារប្រវត្ដិសាស្ដ្រចិនហៅព្រះអង្គថា «កាវឆេនយូ» គឺកោណ្ឌញ្ញៈ តាមត្រកូលរបស់ព្រះអង្គ ឬក៏ហៅថា «ចូយេប៉ាម៉ូ» គឺ «ជ័យវរ្ម័ន» (23) តាមព្រះនាមរបស់ព្រះអង្គពេលគ្រងរាជ្យ ហើយបានកំណត់រជ្ជកាលរបស់ព្រះអង្គចាប់ពីចុងសតវត្សរ៍ទី៥ ដល់ដើមសតវត្សរ៍ទី៦ ពីព្រោះព្រះអង្គបានបញ្ជូនសួយសារអាករថ្វាយស្ដេចក្រុងចិន២ដង គឺម្ដងនៅឆ្នាំ៤៨៣ និងម្ដងទៀតនៅឆ្នាំ៥០៣ ។ ប្រទេសចិនតែងតែចាត់ទុកប្រទេសជិតខាង ទោះជានៅឆ្ងាយបន្ដិចក៏ដោយថាជានគរចំណុះ ហើយបានដាក់ឋានៈថ្វាយព្រះបាទកោណ្ឌញ្ញៈថាជា «ឧត្ដមសេនីយ៍នៃទក្សិណ សន្ដិភាព ជាព្រះរាជានៃនគរហ្វូណន» ។
ព្រះបាទ កោណ្ឌញ្ញជ័យវរ្ម័ន បានធ្វើសង្គ្រាមជាមួយប្រទេសចាមនៅរវាងឆ្នាំ៤៨៤ ។ អគ្គរាជទូតដែលព្រះអង្គបានបញ្ជូនទៅគាល់ស្ដេចក្រុងចិននាពេលនោះ គឺដើម្បីសុំជំនួយពីស្ដេចស្រុកចិនធ្វើសង្គ្រាម ។
អគ្គរាជទូត ដែលព្រះបាទកោណ្ឌញ្ញជ័យវរ្ម័នបញ្ជូនទៅប្រទេសចិនជាពុទ្ធសាសនិកជន ម្នាក់មានឈ្មោះថា សក្យនាគសេន រីឯរាជសារដែលផ្ញើទៅនោះជាលិខិតសាមញ្ញ បង្ហាញអំពីជីវិតមនុស្សម្នាក់ដែលត្រូវការនូវជំនួយជាចាំបាច់ ។ ព្រះរាជសារនោះបានបង្ហាញឱ្យយើងដឹងអំពីព្រឹត្តិការណ៍សំខាន់មួយនៅ ប្រទេសចាម្ប៉ា គឺថាព្រះរាជាចាមពេលនោះ ជាស្ដេចជ្រែករាជ្យដែលមានកំណើតជាខ្មែរ គឺពីដើមជាទាសករ ឬបើហោចណាស់ក៏ជាអ្នកបម្រើដែរ (ខ្ញុំ) ។ មានឯកសារខ្លះនិយាយថា ស្ដេចចាមនោះជារាជបុត្ររបស់ព្រះបាទកោណ្ឌញ្ញៈ មានព្រះនាមថា គាវឈាវឡូ ។ ក្រោយពីបានភៀសខ្លួនចេញពីហ្វូណន ខ្ញុំបម្រើនេះបានបញ្ចុះបញ្ចូលពួកបះបោរហើយធ្វើដំណើរទៅកាន់ប្រទេស លីនយី ឬចាម ដែលធ្លាប់ច្បាំងចាញ់ម្ដងរួចទៅហើយនៅឆ្នាំ៤៤៦ ដោយ តាន់ហូឆេ រួចក៏ឡើងគ្រងរាជ្យខ្លួនឯងទៅ ។ ពួកចាមក្រោមរជ្ជកាលនៃស្ដេចជ្រែករាជ្យនេះ ធ្លាប់បានវាយប្រហារទៅលើក្បួនដង្ហែរាជទូត សក្យនាគសេន ពេលត្រលប់មកពីប្រទេសចិនវិញលើកទី១ ប្លន់យកទ្រព្យសម្បត្ដិទាំងអស់ដែលស្ដេចចិនផ្ញើថ្វាយស្ដេចនគរ ហ្វូណន ។ ព្រះបាទកោណ្ឌញ្ញៈបានបញ្ជូនរាជទូតទៅរាយការណ៍ថ្វាយស្ដេចស្រុកចិន ដោយទូលថា ទ្រព្យសម្បត្ដិទាំងឡាយជាទ្រព្យរបស់ស្ដេចស្រុកចិន និងទូលថា ក្នុងនាមខ្ញុំជាស្ដេចចាមនេះព្រងើយកន្ដើយ មិនបានបញ្ជូនសួយសារអាករថ្វាយព្រះចៅអធិរាជចិនទេ ។ ព្រះរាជសារស្ដេចហ្វូណនចែងថា «បើព្រះអង្គជា ម្ចាស់ទ្រង់ចង់ចាត់តាំងព្រះរាជាថ្មីឱ្យសោយរាជ្យនៅនគរចាម្ប៉ានោះ ទូលព្រះបង្គំជាខ្ញុំទទួលព្រះរាជបញ្ជាដោយគោរព» ។ រាជសារបានបញ្ចប់ដោយស្នើសុំឱ្យមានការចាត់បញ្ជូនទ័ពមួយកងតាម ហែហមស្ដេចហ្វូណនគ្រប់ទិសទី ដើម្បីដាក់ទោសពួកក្បត់ និងជួយសង្គ្រោះអ្នកស្លូតត្រង់ ។
តាមមើលទៅ ស្ដេចចិនប្រហែលជាបានបញ្ជូនទ័ពតាមការស្នើសុំមែន ហើយនៅពេលដែលនគរចាម្ប៉ាបានត្រូវបង្ក្រាបធ្វើឱ្យមានសន្ដិភាពរួច មក ព្រះបាទកោណ្ឌញ្ញជ័យវរ្ម័នក៏ត្រូវបានស្ដេចស្រុកចិនដាក់ព្រះឋានៈ ឱ្យជា «ឧត្ដមសេនីយ៍នៃទក្សិណសន្ដិភាព ជាព្រះរាជានគរហ្វូណន» ។
ព្រះរាជាអង្គនេះ បានសោយទិវង្គតនៅឆ្នាំ៥១៤នៃគ្រិស្ដសករាជ ត្រូវនឹងឆ្នាំ៤៣៦នៃមហាសករាជ ។
៤- រុទ្រវរ្ម័ន
ព្រះរាជ បុត្រាច្បងរបស់ព្រះបាទកោណ្ឌញ្ញជ័យវរ្ម័នព្រះនាម រុទ្រវរ្ម័ន ពួកចិនហៅថា លាវតូប៉ាម៉ូ ជាព្រះរាជបុត្រជាមួយនឹងស្រីស្នំម្នាក់ បានធ្វើគុតព្រះអនុជដែលជាព្រះរាជបុត្ររបស់ព្រះបាទកោណ្ឌញ្ញ ជ័យវរ្ម័នជាមួយព្រះរាជអគ្គមហេសី រួចហើយដណ្ដើមយករាជ្យសម្បត្ដិ (24) ។
ឯកសារចិននាពេលនោះ លែងរៀបរាប់អំពីព្រះរាជាដែលសោយរាជ្យបន្ដពីព្រះបាទកោណ្ឌញ្ញ ជ័យវរ្ម័នទៀតហើយ ។ បើមាននិយាយពីនគរហ្វូណន គឺមានរៀបរាប់តែអំពីទំនៀមទម្លាប់ និងការប្រកបកិច្ចការផ្សេងៗដូចដែលខ្ញុំបានរៀបរាប់ពីខាងលើរួចមក ហើយ ។ គ្មាននិយាយអ្វីដែលទាក់ទងដល់ព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រ ឬរឿងរ៉ាវអ្វីសំខាន់ទេ ។
រហូត ទាល់តែដល់គ្រិស្ដសតវត្សរ៍ទី៦ ទើបឯកសារប្រវត្ដិសាស្ដ្រចិនមានរៀបរាប់អំពីស្ថានភាពនយោបាយឡើង វិញ ។ នេះគឺមកពីមានព្រឹត្ដិការណ៍ធ្ងន់ធ្ងរមួយបានកើតឡើងនៅហ្វូណន ដែលធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ពួកចិន ។
(1) ក៏ប៉ុន្ដែពាក្យនេះហាក់ដូចជាមិនមែនជាពាក្យរបស់ចិនទេ ។ វាមិនមានន័យថាខែត្រខាងត្បូងដូចដែលគេបាននិយាយនោះទេ ពីព្រោះថាតាមធម្មតានៅក្នុងភាសាចិនគុណនាមនៅពីមុខនាមជា និច្ច ។ម្យ៉ាងទៀត ពាក្យ «ហ្វូ» មិនមានន័យថា «ខែត្រ» ទេគឺមានន័យថា ទីក្រុងតូច លំដាប់ថ្នាក់ទី៣តែប៉ុណ្ណោះ ។ ដូចនេះពាក្យ «ហ្វូណន» គ្មានន័យទេ ។ តែពាក្យនេះអាចជាការសរសេរចម្លងឈ្មោះតាមពាក្យអ្នកស្រុកណាមួយដែល ចិនអានមិនច្បាស់ ។នៅសតវត្សរ៍ទី២នៃគ្រិស្ដសករាជ ហ្វូណន ជាទម្រង់ចុងក្រោយរបស់ប៉ូណន ។ ក៏ប៉ុន្ដែ តើត្រូវពន្យល់ការដែលបាត់ពាក្យ ប៉ូណន ទៅដោយរបៀបណាក្នុងភាសានិយាយ ក្នុងរឿងព្រេង ឬក្នុងសិលាចារឹក ?
(2) តាមកំណត់ត្រាមួយដែលផ្ញើពីទីក្រុងវ៉េនៅឆ្នាំ១៩០៨ ជូនលោក លូស ជារ៉េស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជាបាននិយាយថា ខែត្រយ៉ាឌិញ កាលពីអតីតកាលដ៏យូរមកហើយមានឈ្មោះថា ភូណន ។ ក្រោយមកដូរជា ធុងចានឡាប់ និងក្រោយមកទៀតថា ត្រាយដុងផូ ។ ចាប់ពីឆ្នាំ១៧០១មក ក៏ប្រែទៅជា ភូយ៉ាឌិញ រហូតមក ។
(3) ស្រុកនេះមានរាជធានីឈ្មោះ សាបេ ស្ថិតនៅខាងជើងព្រៃនគរ ។ ឈ្មោះនេះប្រហែលជាពាក្យម៉ាឡេ ហើយដាក់យ៉ាងនេះ គឺយកតាមទីក្រុងសាបេនៅកោះស៊ូម៉ាត្រា ។
(4) ការបកស្រាយនេះអាចនឹងត្រឹមត្រូវ ក៏ប៉ុន្ដែដូចជាគួរឱ្យសង្ស័យខ្លាំងណាស់ ។ គឺជាការពន្យល់ដែលអង់អាចហួស ហើយក៏គ្មានភស្ដុតាងបញ្ជាក់ច្បាស់លាស់ដែរ ។
(5) នៅក្នុងសិលាចារឹក គេសរសេរ កម្វុជា ក៏ប៉ុន្ដែកម្ពុជាមានគេនិយមច្រើនជាង ។ មានគេពន្យល់ថា កម្វុជា ឬកម្ពុជា អាចក្លាយមកពីពាក្យម៉ាឡេថា សិមបូជៈ ដែលជាឈ្មោះ របស់ប៉ាឡំបាង កាលពីយូរយារណាស់មកហើយ ហើយដែលចិនហៅមិនច្បាស់ថា សានហ្វុស៊ី ។ ខ្ញុំមិនឱ្យតម្លៃដល់ការបកស្រាយនេះទេ តែខ្ញុំជឿថា ទោះជាពាក្យកម្ពុជាក្លាយមកពីឈ្មោះជាភាសាម៉ាឡេរបស់ទីក្រុងមួយ ឬក៏ក្លាយមកពីទេវៈបុព្វបុរសកម្ពុក្ដី ពួកខ្មែរទទួលយកពាក្យនេះសម្រាប់ការចារលើថ្មពីព្រោះវាធ្វើឱ្យ នឹកឃើញជាតិសាសន៍មួយនៃឥណ្ឌារបស់ពួកអារ្យាង ហើយធ្វើឱ្យពួកគេមានប្រភពដើមថ្លៃថ្នូរ និងប្រកបដោយជោគជ័យ ។ គឺដូចគ្នាបែបនេះឯង ដែលក្រោយមកពួកគេហៅអង្គរធំ ឬមហានគរថាជា ឥន្ទ្រប្រាស្ថៈ-ឥន្ទបាទ ដែលជាឈ្មោះរបស់ទីក្រុងមួយនៅហិណ្ឌូស្ថាន ប្រហែល១៥គីឡូម៉ែត្រខាងត្បូងទីក្រុងដែល្លី ។
(6) ពាក្យ នាគ ដែលគេប្រើជាប្រពៃណីសម្រាប់ហៅអ្នកស្រុកដើមរបស់នគរគោកធ្លក អាចនឹងត្រូវបានដាក់ឱ្យដោយពួកហិណ្ឌូតាំងតែពីពេលដែលពួកនេះមក ដល់ដំបូងម្ល៉េះ ។ នៅឥណ្ឌា ពាក្យនេះជាឈ្មោះជនជាតិមួយក្រុមដែលមានរហូតមកដល់សព្វថ្ងៃ គឺពួកគេមានទីលំនៅៗចន្លោះខែត្រឈីតតាហ្គុង និងអាសាម ។ ពួកនេះមានផ្ទះសង់បន្ដើត ដូចជាផ្ទះពួកខ្មែរដែរ ។ មានគេនិយាយថា ពួកនាគនៅឥណ្ឌានេះមានអម្បូរជា ជេរ៉ាស ឬ សិរាស ដែលប្រហែលគ្នានឹងពាក្យ ចារ៉ាយ និង ស៊ឺរ៉ាយ ដែលគេតែងឮនៅកម្ពុជា ។ ចារ៉ាយ ជាឈ្មោះដែលជនជាតិភាគតិចគួយដាក់ឱ្យខ្មែរ រីឯពាក្យ ស៊ឺរ៉ាយ ជាពាក្យដែលពួកស្ទៀង និងពួកម៉យនៅភាគខាងកើតកូសាំងស៊ីន ប្រើសម្រាប់ហៅខ្មែរ ។ ដូច្នេះ វាអាចជាការត្រឹមត្រូវដែលថាពាក្យនាគជាឈ្មោះដែលពួកនិរប្រវេសន្ដ ហិណ្ឌូដាក់អ្នកស្រុកគោកធ្លក ។
(7) អ្នកខ្លះថាឈ្មោះ ដៀបលីយើ ។
(8) លោក ពែលីយ៉ូ បានរកឃើញឯកសារដែលនិយាយថា ព្រាហ្មណ៍នោះមកពីវូវែមឬគី និងរាជណាចក្រគាវ ។ជននោះអាចធ្វើដំណើរមកពីឥណ្ឌា ដោយធ្វើដំណើរកាត់តាមច្រកសិង្ហបុរី ក៏ប៉ុន្ដែខ្ញុំជឿថាគ្រាន់តែដឹងថាមកពីទិសខាងត្បូង គឺគ្រប់គ្រាន់ហើយ ។
(9) ពាក្យនេះដែលចិនហៅថា ហ្វាន អាណ្ណាមថា ផាន គេប្រើសម្គាល់ឋានៈព្រះរាជាប្រៀបបានទៅនឹងពាក្យស្រី ឬព្រះ ដែលគេតែងប្រើនៅកម្ពុជា និងចាម្ប៉ា អ៊ីចឹងដែរ ។ ក៏ប៉ុន្ដែពាក្យនេះ គេមិនបានប្រើយូរប៉ុន្មានទេ គឺមានប្រើចំពោះតែព្រះរាជាកម្ពុជា៣ព្រះអង្គ ប៉ុណ្ណោះនៅសតវត្សរ៍ទី៣ និងប្រើនៅចាម្ប៉ាចាប់ពីសតវត្សរ៍ទី៣មក ។ ខ្ញុំមិនដឹងថាពាក្យនេះមានប្រភពដើមពីពាក្យសំស្ក្រឹត ឬចាម ឬម៉ាឡេ ឬក៏ចិន ណាមួយម៉ាត់ទេ ។ ប្រហែលជាពាក្យនេះជាការអានពាក្យ វរ្ម័ន មិនបានច្បាស់ក៏មិនដឹង ។
(10) ប្រហែលជាឈ្មោះពិតប្រាកដគឺ តូម៉ូហ៊ូ ដែលជាឈ្មោះតាមភាសាម៉ាឡេនៃទីក្រុងមួយនៅកោះជ្វា ។
(11) លោក ពែលីយ៉ូ ក្នុងសៀវភៅឈ្មោះថា នគរហ្វូណនបានបញ្ជាក់តាមសំដីលោក ឆាវ៉ាន ថាស្ដេចនគរហ្វូណនបានបញ្ជូនរាជទូតឱ្យទៅគាល់ស្ដេចស្រុកចិននៅ ឆ្នាំ២៤៣ និងក្រោយៗមកទៀត ។
(12) ដោយហេតុនេះ គេត្រូវបំភ្លេចចោលនូវការដែលគិតថា ហ៊ុនទៀន និងកោណ្ឌញ្ញៈ ជាមនុស្សតែមួយ ដូចដែលបានស្នើឡើងដោយ ស្លេហ្សែល បន្ទាប់មក ដោយ ពែលីយ៉ូ និងហ្វ៊ីណូត៍ ។ អ្នកទាំង២រស់នៅចន្លោះពីគ្នាប្រហែល៤សតវត្សរ៍យ៉ាងតិច ។ លោក ពែលីយ៉ូ ដឹងរឿងនេះច្បាស់ណាស់ ព្រោះលោកបានលើកពីអត្ថបទរបស់ម៉ង់ស៊ីចាន់ ដែលរៀបរាប់អំពីស្ដេចមួយចំនួនដែលសោយរាជ្យចន្លោះពីហ៊ុនទៀននៅ សតវត្សរ៍ទី១ដល់កោណ្ឌញ្ញៈដែលឡើងសោយរាជ្យក្រោយឆ្នាំ៤៧៨ហើយមាន ទាំងនិយាយអំពីស្ដេចជ្រែករាជ្យដែលសោយរាជ្យពី២២២ ដល់ ២៨០ផង ។
(13) អ្នកប្រាជ្ញខ្មែរនិយាយថា ដោយហេតុនេះហើយបានជាក្រោយៗមកស្ដ្រីៗបានចៀរក្រណាត់នោះ ហើយដេរបន្ថែមដៃ ក៏បានជាអាវបំពង់ពាក់រហូតមក ។ ក៏ប៉ុន្ដែការលើកឡើងដូច្នេះមិនត្រឹមត្រូវ ព្រោះអាវបំពង់នេះ គេទើបតែពាក់មិនទាន់បាន១៥០ឆ្នាំផងទេ ។
(14) តាមមើលទៅ ការបិទបាំងបែបនេះ ប្រហែលជាដូចអ្វីដែលបុរសៗនៃវិប្រជាដែលរស់នៅឆ្ងាយៗពីទីក្រុងក្នុង ប្រទេសឥណ្ឌា សព្វថ្ងៃនៅប្រើនៅឡើយ គឺថាក្រណាត់មួយផ្ទាំងរាងជាត្រីកោណដែលគេដាក់ពីខាងមុខ ចុងសងខាងភ្ជាប់នឹងខ្សែរុំព័ទ្ធចង្កេះ ឯចុងមួយទៀតភ្ជាប់នឹងខ្សែដែរ តែវាត់ពីក្រោមតាមចន្លោះភ្លៅ ។
(15) ការរៀបរាប់នេះបញ្ជាក់ថា នៅសតវត្សរ៍ទី១នៃគ្រិស្ដសករាជ អ្នកស្រុកហ្វូណនជាក្រុមមនុស្សណេគ្រីតូ ។ បើដូច្នេះមែននោះ បានសេចក្ដីថាអ្នកស្រុកនេះបានទទួលការវិវត្ដន៍យ៉ាងខ្លាំង ព្រោះគេកម្រនឹងប្រទះឃើញជនកម្ពុជាដែលមានសក់រួញណាស់សព្វថ្ងៃ នេះ ។ ក៏ប៉ុន្ដែក្នុងចំណោមប្រជាជនដែលមិនទាន់ស៊ីវីល័យទាំងអស់នៅក្នុង ឥណ្ឌូចិនដែលជាអ្នកស្រុកដើម គេនៅមានឃើញមានអ្នកដែលមានសក់រួញ ហើយរួញខ្លាំងទៀតផង ។ ជាទូទៅ ពួកនេះមិនមានសក់បះទេ គឺច្រើនតែរួញតិចៗ តែសម្បុរមិនខ្មៅដូចពួកខ្មែរពេកទេ ។ ខ្ញុំសូមថែមទៀតថា ក្នុងស្មារតីរបស់អ្នកស្រុកនេះ ការដែលមានសក់រួញគឺជាសញ្ញាបញ្ជាក់ថាទាបថោក ជាប្រការមានគ្រោះថ្នាក់ ។ ប្រការនេះរឹតតែមានន័យដូច្នេះថែមទៀតចំពោះស្រីៗ ដោយហេតុនេះហើយបានជាពួកគេតែងតែស្វែងរកប្រេងមកលាបដើម្បីធ្វើឱ្យ សក់លាត្រង់វិញ ។ ម្យ៉ាងទៀត តាមការនិយាយតៗគ្នា ពួកខ្មែរដើមមានសម្បុរខ្មៅខ្លាំងជាងខ្មែរសព្វថ្ងៃ ។
វា ជាការពិតប្រាកដណាស់ថា បើពួកខ្មែរមានប្រភពចេញមកពីប្រទេសឥណ្ឌា គឺចេញពីឆ្នេរកូរ៉ូម៉ង់ដែល ឬឆ្នេរអូរីស្សា ឬក៏ចេញពីមាត់សមុទ្របឹងហ្កាល់មែននោះ ពួកនេះប្រាកដជាខ្មៅជាងពួកអ្នកស្រុកដើមដែលគេប្រទះឃើញនៅឥណ្ឌូចិន ពិសេសគឺកម្ពុជាសព្វថ្ងៃ ដែលមានស្បែកលឿងទៅទៀត ។
(16) ខ្ញុំជឿថា នេះគឺជាអ្វីដែលខ្មែរនិយាយថា អង្គុយបត់ជើង កាលណាគេអង្គុយលើកម្រាលព្រំ កន្ទេល ឬក្រណាត់ ដោយបត់ជើងទាំង២ស្របគ្នាមកតែម្ខាង ។
(17) ទ្វារវតី មកពីសំស្ក្រឹត ធ្វារវតី ជាឈ្មោះទីក្រុងដែលក្រោយពីបានកសាងរួចទៅជាអយុធ្យា ។
(18) ខែត្រនេះពីមុនឈ្មោះថា ស្យង់គ្យួន រួច គាវតូ មុននឹងមានឈ្មោះថា យេណាន នេះ ។
(19) ខ្ញុំមានជំនឿថា ព្រះរាជាដែលយើងស្គាល់ព្រះនាមជាភាសាសំស្ក្រឹតតាមសិលាចារឹក ក៏ទ្រង់មានព្រះនាមជាភាសាសាមញ្ញ ដែលប្រជាជននិយមហៅ ដូចដែលមានក្នុងរឿងព្រេងអ៊ីចឹងដែរ ក៏ប៉ុន្ដែព្រះនាមនោះមិនបានត្រូវគេចារលើថ្មទេ ព្រោះជាព្រះនាមក្រៅផ្លូវការ ។
(20) ហ្វូណន ក្នុងទីនេះ សំដៅយកតែផ្នែកខាងក្រោម ដែលរួមមានប្រទេសកម្ពុជាបច្ចុប្បន្ន និងកូសាំងស៊ីនតែប៉ុណ្ណោះ ។
(21) តាមធម្មតា គឺព្រះព្រហ្ម ក៏ប៉ុន្ដែជួនកាលក៏អាចជាព្រះសិវៈ ឬព្រះវិស្ណុផងដែរ ។ ខ្ញុំគិតថាប្រហែលជាព្រះសិវៈ ជាពិសេសគឺសិវៈលិង្គ ហេតុនេះហើយបានជាមានពាក្យថា ថ្ម ។
(22) គឺជារាជាណាចក្រមួយនៅប្រទេសឥណ្ឌាខាងជើង ប្រហែលជា២៩គីឡូម៉ែត្រខាងត្បូងទីក្រុងដែល្លី ។
(23) អ្នកខ្លះនិយាយថា កោណ្ឌញ្ញៈ និងជ័យវរ្ម័ន ជាស្ដេចពីរព្រះអង្គផ្សេងគ្នា ។ តាមពិត ព្រះនាមទាំង២ជាព្រះនាមរបស់ព្រះអង្គតែម្នាក់ ។
(24) នៅក្នុងឥណ្ឌូចិន និងកម្ពុជាពីមុន ក្សត្រាមួយអង្គអាចនឹងត្រូវជ្រើសរើសឱ្យឡើងសោយរាជ្យបានលុះត្រាណា តែទ្រង់ជារាជបុត្រ ប្រសូតពីម្ចាស់ក្សត្រីដែលជាប់ខ្សែស្រឡាយជាមួយព្រះរាជា បានសេចក្ដីថា ការឡើងស្នងរាជ្យប្រព្រឹត្ដទៅតាមខ្សែស្រឡាយខាងស្រី ។ បើទោះជាព្រះក្សត្រានោះជាក្សត្រាច្បងក៏ដោយតែបើទ្រង់ជាបុត្រ របស់ស្រីស្នំមិនអាចឡើងសោយរាជ្យបានទេ លើកលែងតែជ្រែករាជ្យ ឬត្រូវជ្រើសរើសផ្ទុយនឹងក្រឹត្យក្រម ។