ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា-ជំពូកដើម - Economic Buddhism

Website

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា-ជំពូកដើម

ចែករំលែកចំណេះដឹង

ប្រវត្តិសាស្ត្រប្រទេសកម្ពុជា

និពន្ធដោយលោក អាដេម៉ារ ឡឺក្លែរ

ក្បាលទី

ប្រទេសកម្ពុជា តាមរឿងនិទាន និងសិលាចារឹក

ជំពូកដើម

ឥណ្ឌូចិន និងប្រជាជន

នៅដើមគ្រិស្ដសករាជ និងដើមមហាសករាជហិណ្ឌូ

- អំពីទឹកដី

ប្រសិនបើ ​គេ​ពិនិត្យ​មើល​ផែនទី​ទ្វីបអាស៊ី ជាដំបូង​គេ​សង្កេត​ឃើញ​មាន​ទៀប​កោះ​ធំៗ​បី​ស្ថិត​នៅ​ភាគ​ខាង​ត្បូង ៖ ទៀបកោះ​មួយ​នៅ​ខាងលិច​គឺ​ទៀបកោះ​អារ៉ាប់ ដែល​យើង​នឹង​មិន​យក​ចិត្ដ​ទុកដាក់​ទេ ។ ទៀបកោះ​មួយ​ទៀត​នៅ​កណ្ដាល គឺ​ឧបទ្វីប​ឥណ្ឌា ដែល​មាន​រាង​ត្រីកោណ និង​មាន​កោះ​សិរី​លង្កា​នៅ​ត្រង់​កំពូល តែ​ខិត​មក​ខាង​ឦសាន​បន្ដិច កោះ​នោះ​ប្រៀប​បាន​ទៅ​នឹង​ពេជ្រ​មួយ​គ្រាប់​ដែល​ច្នៃ​ឡើង​ដោយ​ជាង​មក​ពី​ ប្រទេស​ហុល្លង់ ។ ទៀបកោះ​ទី​បី​នៅ​ខាង​កើត​នោះ​គឺ​ឧបទ្វីប​ឥណ្ឌូចិន ។ ទៀបកោះ​នេះ​មាន​រាង​ដូចជា​ថង់​រៃ​អង្គាស​ប្រាក់ ហើយ​មាន​ទៀបកោះ​មួយ​តូច​ព្យួរ​ជាប់​នឹង​ចង្កេះ មាន​រាង​ដូចជា​ខ្សែ​បន្ដោង​ដែល​មាន​ខាង​ចុង​រីក​ធំ​ដូច​ជា​ថ្នក់​អ្វី​ មួយ ៖ នោះ​គឺ ទៀបកោះ​ម៉ាឡាកា រាង​វែង​ហើយ​រៀវ​ដែល​មាន​ឈ្មោះ​ថា «ដែនដី​សុវណ្ណ​ភូមិ» នៅ​ក្នុង​ផែនទី​របស់ ផ្ដូលេមេ ។ តាម​មើល​ទៅ ទៀបកោះ​នេះ​ប្រហែល​ជា​នៅ​ដាច់​ផុត​ពី​ទ្វីប​នៅ​ឡើយ​កាល​ពី​ដើម​គ្រិស្ដសករាជ ដោយ​ដៃ​សមុទ្រ​មួយ​ត្រង់​បួរ​ដី មាន​ឈ្មោះ​ថា «ក្រា» ។

បើគេ​ទុក​ផែនទី​ដែល​បង្ហាញ​ប្រទេស​ជា​ច្រើន​នេះ រួច​យក​ផែនទី​ដែល​បង្ហាញ​ពី​ឥណ្ឌូចិន​ក្នុង​មាត្រដ្ឋាន​ធំ ព្រម​ទាំង​មាន​កោះ​ទាំងឡាយ​នៅ​ក្នុង​សមុទ្រ​ខាងត្បូង ពោល​គឺ អាំស៊ុឡាំង​ផង​មក​មើល​វិញ គេ​ឃើញ​មាន​សមុទ្រ​តូច​មួយ​នៅ​ចន្លោះ​ឧបទ្វីប​ឥណ្ឌូចិន និង​ទៀបកោះ​ម៉ាឡាកា សមុទ្រ​នោះ​មាន​ឈូង​មួយ​នៅ​ពី​ខាងជើង ៖ សមុទ្រ​នោះ​គឺ​សមុទ្រ​សៀម រីឯ​ឈូង​សមុទ្រ​គឺ​ឈូង​សមុទ្រ​បាងកក ។ នៅ​ពី​ខាង​និរតី​នៃ​ទៀបកោះ​ម៉ាឡាកា​ដ៏​វែង មាន​កោះធំ​មួយ គឺ​កោះ​ស៊ូម៉ាត្រា ហើយ​នៅ​ខាង​ចុង​កោះ​នេះ គឺ​កោះ​ជ្វា​ដ៏​ល្អ​ត្រកាល ។ ទៅ​ខាងកើត​នោះ​ទៀត​គឺ កោះ​ប៊័រណេអូ​ដែល​ជា​កោះធំ​ជាង​គេ​នៅ​លើ​លោក​រួច​ហើយ មាន​កោះ​រាប់​ពាន់ មាន​តូច​មាន​ធំ នៅ​ប្រមូលផ្ដុំ​គ្នា​ជា​ប្រជុំ​កោះ ដែល​ត​ភ្ជាប់​ចេញពី​ទៀបកោះ​ម៉ាឡាកា និង​កោះ​ទាំងឡាយ​របស់​ម៉ាឡេស៊ី ទៅ​ទិស​ខាង​កើត​ចម្ងាយ​ប្រហែល​៨០០​គីឡូម៉ែត្រ ។ កោះ​តូច​ធំ​ទាំង​អស់​នេះ អាច​ជា​កំពូល​ភ្នំ​នៃ​ទ្វីប​ធំ​មួយ ដែល​បាន​លិច​កប់​បាត់​ទៅ​នៅ​ក្រោម​ទឹក​សមុទ្រ រីឯ​វាល​ទំនាប និង​ជ្រលង​ភ្នំ ស្ថិត​ក្នុង​ទីជម្រៅ ។

នៅ​ពេល​ដែល​ គេ​ពិនិត្យ​ឃើញ​ថា​ទៀបកោះ​ម៉ាឡាកា​ដ៏​វែង​នេះ​នៅ​ផ្ដុំ​គ្នា​ជាមួយ​នឹង​ ឧបទ្វីប​ឥណ្ឌូចិន​ដ៏​ធំ​ដែល​មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ប្រទេស​ចិន​នោះ គេ​អាច​យល់​បាន​អំពី​ភាព​ទាក់ទង​គ្នា​ខាង​ប្រវត្ដិសាស្ដ្រ​នៃ​បណ្ដា​ប្រជាជន ​ដែល​កកើត​បាន​ជា​ជាតិ​សាសន៍​ផ្សេងៗ​ឡើង​នៅ​លើ​ទឹកដី​ដ៏​ធំ​ទូលាយ​ នេះ ។​ហើយ​គេ​ក៏​យល់​បាន​ដែរ​ថា គេ​មិន​អាច​និយាយ​អំពី​ជាតិ​សាសន៍​ណាមួយ ដោយ​មិន​និយាយ​អំពី​ជាតិ​សាសន៍​ផ្សេង​ទៀត​សោះ​នោះ​ទេ ។

ឥឡូវនេះ សូម​បែរ​មក​ពិនិត្យ​មើល​ផែនទី​លម្អិត​របស់​ឧបទ្វីប​ឥណ្ឌូចិន​វិញ​ ម្ដង ។ បើ​លោក​អ្នក​ពិនិត្យ​ជួរ​ភ្នំ​ដ៏​វែង ដែល​លាត​សន្ធឹង​នៅ​លើ​ឧបទ្វីប​នេះ លោក​អ្នក​នឹង​ឃើញ​ថា​មាន​ទន្លេ​ស្ទឹង​ធំៗ ដែល​ហូរ​កាត់​ជួរ​ភ្នំ​នេះ ទន្លេ ស្ទឹង​ទាំងនោះ ហូរ​នាំ​ទឹក​ចេញ​ពី​ជ្រលង​ភ្នំ​ទាំងឡាយ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ថា​ឥណ្ឌូចិន គឺជា​កូនស្រី​នៃ​ទន្លេ​ទាំង​អស់​នោះ នឹង​ថា ជាតិ​សាសន៍​ប្រកប​ដោយ​អារ្យធម៌​ទាំងឡាយ ដែល​គេ​ប្រទះ​ឃើញ​នៅ​ទី​នេះ សុទ្ធតែ​បាន​កកើត​ឡើង​នៅ​លើ​ដី​ល្បប់​ដែល​ទន្លេ​ស្ទឹង​ហូរ​នាំ​យក​មក​ចាក់​ បំពេញ​បន្ដិច​ម្ដងៗ ហើយ​ទឹកទន្លេ​ស្ទឹង​ទាំង​អស់នោះ បាន​ហួត​ស្ងួត​អស់​ទៅ​ដោយ​កម្ដៅ​ព្រះអាទិត្យ ។

យ៉ាងណាមិញ តុងកឹង គឺជា​កូន​របស់​ទន្លេ​ក្រហម និង​ទន្លេ​សុងម៉ា ។ កម្ពុជា គឺជា​កូន​របស់​ទន្លេ​មេគង្គ (ឬ​មេទឹក) ។ ប្រទេស​សៀម គឺជា​កូន​នៃ​ទន្លេ​មេណាម ដែល​មាន​ន័យ​ថា​មេទឹក​ដែរ ។ ប្រទេស​ភូមា ជា​កូន​របស់​ទន្លេ​ឥរាវតី និង​ទន្លេ​សាលូអង់ ។ ទន្លេ​ទាំងអស់​សុទ្ធតែ​មាន​ប្រភព​ចេញពី​ភ្នំ​ដ៏​ធំ គឺ​ភ្នំ​ហិមាល័យ (ខ្មែរ​ហៅ ភ្នំ​ហេមពាន្ដ) នៅ​ទីបេ ។

ក្រោយពី​បាន​ពិនិត្យ​មើល​ភ្នំ និង​សិក្សា​ទន្លេ​ទាំងឡាយ​រួច នោះ​គេ​នឹង​មិន​លំបាក​នឹង​គិត​ស្រមៃ​ក្នុង​ចិត្ដ​ទេ ដើម្បី​គូស​វាស​ផែនទី​នៃ​ប្រទេស​ទៅ​តាម​ដែល​ព្រះឥន្ទ្រ​លោក​អាច​នឹង​ពិនិត្យ ​មើល​ឃើញ ពេល​លោក​គង់​នៅ​លើ​ទី​ដ៏​ខ្ពស់​ដោយ​ក្រឡេក​តែ​មួយ​ភ្លែត​អាច​មើល​ឃើញ​ ឧបទ្វីប​ទាំងមូល ។​ជាដំបូង​នៅ​ខាងជើង​គឺ​ភ្នំ​ធំ​ក្រាស់​ដែល​លាត​ សន្ធឹង​ពី​កើត​ទៅ​លិច​ព័ទ្ធ​ជុំវិញ​ឈូង​សមុទ្រ​តុងកឹង ។ ចុះ​មក​ខាងត្បូង​ភ្នំ​ធំ​ក្រាស់​នេះ​សណ្ឋាន​ដី​បាន​ត្រូវ​កត់​សម្គាល់​ដោយ​ ជួរ​ភ្នំ​អាណ្ណាម ដែល​ចោត​បន្ដិច​ពី​ខាងកើត ប៉ុន្ដែ រាង​ទេរ​នៅ​ខាង​លិច មាន​ខ្ពង់រាប​ខ្ពស់​ទាប​បន្ដ​បន្ទាប់ បន្លាយ​ត្រង់​កន្លែង​ខ្លះ​រហូត​ជិត​ដល់​ទន្លេ​មេគង្គ ។ នៅ​ខាង​ទិសនិរតី​ជួរ​ភ្នំ​អាណ្ណាម​រីក​ជា​ភ្នំ​ធំ​ក្រាស់​ដែល​លាត​សន្ធឹង​ពី ​សមុទ្រ​រហូត​ដល់​ខាងត្បូង​ដាឡាត់ និង​ទៅ​ដល់​កូសាំងស៊ីន​ទៀត ។ នៅ​ទិស​ខាងលិច​វិញ មាន​ជួរ​ភ្នំ ភ្នំ​តូចៗ និង​ខ្ពង់រាប ដែល​បន្ដ​ភ្ជាប់​ចេញ​ពី​ភ្នំ​ហិមាល័យ​ដែរ ហើយ​ញែក​ប្រទេស​សៀម​ចេញពី​ប្រទេស​លាវ និង​កម្ពុជា និង​ជា​បន្ទាត់​ខណ្ឌ​ចែក​ទឹក​រវាង​អាង​ទន្លេ​មេគង្គ និង​ទន្លេ​មេណាម ។

ទីបំផុត មាន​ជួរ​ភ្នំ​ទី​បី​មួយ​ទៀត ដែល​បែក​ចេញពី​ភ្នំ​ធំ​ក្រាស់​ហិមាល័យ​នៅ​ទីបេ​ដែរ ។ ជួរ​ភ្នំ​ដ៏​វែង​តែ​តូច​ចង្អៀត​នេះ លាត​សន្ធឹង​ចេញពី​ប្រទេស​ភូមា​ខាងលើ បែងចែក​ភូមា​ជា​ពីរ ហើយ​ជា​ទ្រនុង​ឆ្អឹង​របស់​ទៀបកោះ​ម៉ាឡាកា បន្ដ​មក​បញ្ចប់​នៅ​ក្នុង​សមុទ្រ​ខាងត្បូង​ជា​កោះ​ជា​ច្រើន ខណ្ឌ​ដោយ​ដៃសមុទ្រ​តូច​ធំ ឬ​ដោយ​សមុទ្រ​តូចៗ និង​ស្ងប់ស្ងាត់ ។

ដូច្នេះ គេ​ពិនិត្យ​ឃើញ​ថា​មាន​ជួរ​ភ្នំ​បី​នៅ​ឥណ្ឌូចិន ជួរ​ភ្នំ​ទាំង​នោះ​មាន​ប្រភព​ចេញពី​ភ្នំ​ធំ​ក្រាស់​ហិមាល័យ​នៅ​ទីបេ ហើយ​សន្ធឹង​មក​ខាង​ត្បូង​ទាំង​អស់​គ្នា បង្កើត​បាន​ជា​អាង​ធំៗ​បួន ដែល​មាន​ទន្លេ​វែងៗ​បួន ហូរ​កាត់​អាង​ទន្លេ​ទាំង​នោះ​ជា​ជម្រក​រស់នៅ​នៃ​ជាតិ​សាសន៍​ប្រាំ​គឺ ៖ អាង​ទន្លេ​មេគង្គ​ដែល​ជា​ជម្រក​នៃ​ប្រទេស​លាវ​នៅ​ខាង​ជើង រួច​ប្រទេស​កម្ពុជា និង​កូសាំងស៊ីន​នៅ​ខាងត្បូង អាង​ទន្លេ​មេណាម​ជា​ជម្រក​នៃ​ប្រទេស​សៀម អាង​ទន្លេ​ឥរាវតី ជា​ជម្រក​នៃ​ប្រទេស​ភូមា និង​អាង​នៃ​ទន្លេ​ក្រហម ដែល​ជា​ជម្រក​នៃ​ប្រទេស​តុងកឹង ។

នៅ​មាន​ជួរ​ភ្នំ​មួយ​ទៀត ដែល​ជា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ខេត្ដ​មួយ​ចំនួន​របស់​ប្រទេស​សៀម​នោះ​គឺ ភ្នំ​ដងរែក ។ ភ្នំ​នេះ​មាន​ចង្កេះ​ខាងត្បូង​ចោត​ខ្លាំង ក៏​ប៉ុន្ដែ​តាម​ពិត​ភ្នំ​នេះ​ជា​ខ្ពង់រាប​ដ៏​ធំ​មួយ​ដែល​នៅ​ជាប់​នឹង​ឈូង​ សមុទ្រ​ដ៏​ជ្រៅ​មួយ​កាលពី​សម័យ​ដើម ។ ជួរ​ភ្នំ​នេះ​សន្ធឹង​កាត់​អាង​ទន្លេ​មេគង្គ​ពី​កើត​ទៅ​លិច ក៏​ប៉ុន្ដែ វា​មិន​បាន​បង្វែរ​ទិស​របស់​ទន្លេ​នេះ​ទេ ។ ទឹក​ហូរ​នាំ​យក​ដី​គ្រប់​ទិស​ទី​ចាក់​ទៅ​ក្នុង​ទន្លេ រួច​ហូរ​ពី​ទន្លេ​សំដៅ​ទៅ​សមុទ្រ​ខាងត្បូង ។

តាមមើលទៅ កាលពី​សម័យ​មួយ​ដ៏​យូរលង់​ដែល​នៅ​ពេល​នោះ​ប្រទេស​កម្ពុជា និង​កូសាំងស៊ីន​មិន​ទាន់​កកើត​នៅ​ឡើយ ទឹក​សមុទ្រ​បាន​ឡើង​មក​ដល់​ត្រឹម​ជើងភ្នំ​ដងរែក​នេះ​ឯង រីឯ​មាត់​ពាម​របស់​ទន្លេ​មេគង្គ​គឺ​ស្ថិត​នៅ​ត្រង់​ចន្លោះ​បាសាក់ និង​ខោន ។ ពេល​នោះ​ទឹកដី​កូសាំងស៊ីន និង​កម្ពុជា​ស្ថិត​នៅ​ក្នុង​បាត​ឈូង​សមុទ្រ​នៅ​ឡើយ កន្លែង​ឈូង​សមុទ្រ​នោះ សព្វ​ថ្ងៃនេះ​គឺ​បឹង​ទន្លេសាប ។

កាលនោះ មាន​បឹង​ធំ​មួយ​នៅ​ខាងជើង​ភ្នំ​ដងរែក ។ ទឹក​បឹង​នេះ​រីង​ខះ​បន្ដិច​ម្ដងៗ​ក្លាយ​ទៅជា​វាល​ទំនាប​មួយ​ប្រកប​ដោយ​ ជីជាតិ ដែល​លោក បារតេ​ឡេមី បាន​បរិយាយ​នៅ​ឆ្នាំ​១៩០៧ ហើយ​ដែល​មាន​ទន្លេ​សេមូន និង​ដៃ​របស់​ទន្លេ​នេះ​គឺ ស្ទឹង​សេស៊ី ហូរ​កាត់​សព្វ​ថ្ងៃនេះ ។ ទាំង​អស់នេះ គឺជា​កាក​សំណល់​ដែល​នៅ​សេស​សល់​ពី​កូន​សមុទ្រ​មេឌីទែរ៉ាណេ​តូច​មួយ​ដែល​ទឹក​ សមុទ្រ​បាន​ស្រក​ថយ​បាត់​អស់​ទៅ​តែ​ឡើង​មក​លិច​ម្ដងៗ​ដែរ​កាលណា​ទឹក​ ជោរ ។ ដី​នៅ​ទី​នេះ​រាបស្មើ តែ​នៅ​រក្សា​ជាតិ​ប្រៃ​នៅ​ឡើយ ។ ក្រោយ​រដូវ​ភ្លៀង​ម្ដងៗ គេ​ឃើញ​មាន​ឡើង​ក្រាម​ជាតិ​ប្រៃ​ក្រាល​នៅ​លើ​ដី ដែល​អ្នកស្រុក​រមែង​ប្រមូល​យក​មក​ស្ល​ជា​អំបិល គ្រប់​គ្រាន់​សម្រាប់​តម្រូវការ​នៅ​ក្នុង​តំបន់ ។ បាតុភាព​នេះ​អាច​នឹង​កើត​មាន​ឡើង​ដូច​គ្នា​នៅ​ក្នុង​អនាគត​ដប់ ឬ​ដប់​ប្រាំ​សតវត្សរ៍​តទៅ​មុខ​ទៀត​ចំពោះ​បឹង​ទន្លេសាប ដែល​ទឹក​ពី​មុន​ប្រៃ ហើយ​ការ​ដែល​គេ​ដាក់​ឈ្មោះ​ថា «សាប» នេះ អាច​ជា​ការ​បញ្ជាក់​ថា ទឹក​ទន្លេ​នេះ កាល​ពីមុន​នៅ​ប្រៃ​តិចៗ ឬ​មិន​ស្រួល​ទទួល​ទាន​ប៉ុន្មាន​ទេ ទោះបីជា​ឥឡូវ ទឹក​នេះ​បាន​សាប​ទៅ​ហើយ​ក៏​ដោយ ។

នៅ​ប្រទេស​សៀម​ឯណោះ​វិញ កាលពី​សម័យ​នោះ ទឹកសមុទ្រ​ប្រហែលជា​ឡើង​រហូត​មក​ដល់​ត្រឹម​នគរ​សុវណ្ណ ត្រង់​ខាងលើ​ចំណុច​ដែល​មាន​ស្ទឹង​ពីរ​ហូរ​ចូល​មក​ក្នុង​ទន្លេ​មេណាម​ ឥឡូវ ។ ប្រជាជន​ដែល​រស់នៅ​ទី​នេះ កាលពី​ពេល​នោះ មាន​ដី​ខ្ពស់​តែ​ត្រង់​ផ្នែក​ខាងលើ​នៃ​អាង​ទន្លេ​មេណាម​នៅ​ខាងជើង​ប៉ុណ្ណោះ និង​ចម្រៀក​ដី​ធំ​ទូលាយ​មួយ​នៅ​តាម​ជើងភ្នំ​ប៉ាតាវី​ ប៉េទ្រូ និង​ប៉ាយ៉ង់ នៅ​ខាងកើត និង​នៅ​តាម​ជើងភ្នំ​តេណាសេរីម​នៅ​ខាង​លិច ។ តំបន់​ទាំង​អស់​ជុំវិញ​អយុធ្យា ត្រង់​កោះ​ណងស្នោ ដែល​ជាទី​តាំង​របស់​ទីក្រុង​នេះ ហើយ​និង​តំបន់​ជុំវិញ​បាងកក ដែល​ជា​ទីក្រុង​ទំនើប​របស់​សៀម​សព្វថ្ងៃ កាលនោះ​ស្ថិត​នៅ​ក្រោម​ទឹក​សមុទ្រ​នៅ​ឡើយ ។ ដី​កន្លែង​នេះ ចាប់​លេច​ចេញពី​ទឹក​នៅ​ដើម​គ្រិស្ដសករាជ​យើង​នេះ ប៉ុន្ដែ​បាងកក​នៅ​តែ​ជា​តំបន់​សម្បូរ​ទៅ​ដោយ​បឹងបួ​ដដែល ។

ហេតុការណ៍ដូច​គ្នា​នេះ​ក៏​កើត​មាននៅ​ឯ​រ៉ង់ហ្គូន នៅ​បាសេន និង​ហេងសាដា របស់​ប្រទេស​ភូមា​ផង​ដែរ ។ ទឹកដី​ទាំង​អស់នេះ​ផ្អៀង​ទម្លាក់​ខ្លួន​នៅ​ចន្លោះ​ភ្នំ​អារៈកយ្យម៉ា​នៅ​ ខាងលិច​ចុះ​ទៅ​ត្បូង រហូត​ដល់​ជ្រោយ​នេហ្គ្រេ និង​ភ្នំ​ពេគូ​យ៉ាម៉ា​នៅ​ខាងកើត បង្កើត​បាន​ជា​ឈូង​សមុទ្រ​មួយ ដែល​ទន្លេ​ឥរាវតី​ហូរ​ចូល​មក ។

ឥឡូវយើង​ត្រលប់​មក​មើល​ប្រទេស​កម្ពុជា និង​ទន្លេ​មេគង្គ ដែល​ជា​ទន្លេ​មួយ​ក្នុង​បណ្ដា​ទន្លេ​ដែល​វែង​ជាង​គេ​នៅ​លើ​លោក​នេះ​វិញ​ ម្ដង ។

សូម​ពិនិត្យ​មើល​ផ្លូវ​ទឹក​ របស់​ទន្លេ​មេគង្គ​នៅ​លើ​ផែនទី ។ ទន្លេ​នេះ​មាន​ប្រវែង​៣០០០​គីឡូម៉ែត្រ និង​មាន​ផ្លូវទឹក​បត់​បែន​យ៉ាង​ខ្លាំង ។ ជល​មាគ៌ា​នេះ ទទួល​យក​បរិមាណ​ទឹកភ្លៀង​ចំនួន​ពាក់​កណ្ដាល​ដែល​ធ្លាក់​មក​លើ​ឥណ្ឌូចិន ហើយ​ដែល​មិន​បាន​ហួត​អស់​ទៅ​ដោយ​កម្ដៅ​ព្រះអាទិត្យ​ទេ ។ ទន្លេ​នេះ​ហូរ​ចេញពី​ភ្នំ​ហិមាល័យ​នៅ​ទីបេ ប្រទេស​ចិន ដោយ​មាន​ជម្រាល​ចោត​យ៉ាង​ខ្លាំង និង​មាន​ដៃទន្លេ​ច្រើន​រាប់រយ ។ នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ខាង​ក្រោម​ព្រំ​ប្រទល់​រវាង​ចិន និង​ឥណ្ឌូចិន ទន្លេ​មេគង្គ​រីក​ធំ​តែ​រាក់ ទឹក​នៅ​តែត្រឹម​ជង្គង់ មនុស្ស​អាច​ដើរ​កាត់​បាន​នៅ​រដូវ​រងា ។ ចាប់ពី​ត្រឹម​នេះ​ទៅ ទន្លេ​មេគង្គ​បាន​ចូល​មក​ដល់​ទឹកដី​ឥណ្ឌូចិន​ហើយ នៅ​ត្រង់​ខាងលើ​ទន្លេ​ក្វេនហុង ដោយ​ហូរ​កាត់​របាំង​ថ្ម​ធម្មជាតិ​ខ្ពស់ៗ ចង្អៀត និង​ជ្រៅ មិន​អាច​ធ្វើ​នាវាចរ​បាន​ទេ ។

មកដល់​ត្រង់​ហ្លួងប្រាបាង ទន្លេ​មេគង្គ​ប្រែជា​ល្អ​ឡើង​វិញ ហើយ​រឹតតែ​ល្អ​ឆើត​ឆាយ​នៅ​ត្រង់​វៀងច័ន្ទ ។ ក៏​ប៉ុន្ដែ នៅ​ចន្លោះ​ពី​ហ្លួងប្រាបាង​មក​ដល់​វៀងច័ន្ទ ការ​ធ្វើ​នាវាចរ​ពេល​ខ្លះ​មាន​ការ​លំបាក គេ​ត្រូវ​ផ្ទេរ​ទំនិញ​យ៉ាង​តិច​ម្ដង បើ​គេ​ចង់​ធ្វើ​ដំណើរ​ចុះឡើង ។

ចាប់ពីក្រោម​វៀងច័ន្ទ​ចុះ​មក​ក្រោម ទន្លេ​មេគង្គ​ល្អ​ត្រកាល​ណាស់ ហើយ​នាវា​សមុទ្រ និង​នាវា​ចម្បាំង អាច​ធ្វើ​នាវាចរ​បាន​នៅ​រដូវ​ប្រាំង រហូត​មក​ដល់​សុវណ្ណ​ខែត្រ ។ ចុះ​ទៅ​ក្រោម​ទៀត ផ្ទៃ​ទន្លេ​រីក​ធំ ក៏​ប៉ុន្ដែ​ទឹក​រាក់ កន្លែង​ខ្លះ​មាន​ដុំ​ថ្ម​រដិប​រដុប ឬ​មាន​ជួរ​ទឹក​ហូរ​ខ្លាំង ប្រកប​ដោយ​គ្រោះថ្នាក់​រហូត​ដល់​ដូនសា (1) ។ បន្ទាប់​មក ទឹក​ចាប់​ជ្រៅ​គ្មាន​ប្រទះ​ដុំ​ថ្ម​ទៀត​ទេ​ កប៉ាល់​ប្រើ​ចំហាយ​អាច​ប្រើ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ចុះ​មក​ដល់​ កេង (ល្បាក់​ទឹក​ធ្លាក់) កាឡាហៃ (2) ។

គេ​អាច​ចុះ​ជួរ​ទាំង​អស់នេះ​បាន​តែ​ដោយសារ​ទូក​តូចៗ ដោយ​ប្រើ​ពេល​៤​ម៉ោង​នៅ​ពេល​ទឹក​ស្រក ។ ចុះ​ទៅ​ក្រោម​ទៀត គឺជា​ទន្លេ​មួយ​ដ៏​ល្អ​ដែល​គេ​ត្រូវ​ប្រើ​ពេល​២​ថ្ងៃ ដើម្បី​ចុះ​ពី​កេងយ៉ា​ពើត​មក​ដល់​កោះ​ខុង ។ នៅ​ចន្លោះ​ខុង​ និង​កោះ​ខោន​ ផ្ទៃ​ទន្លេ​មាន​កោះ​ជា​ច្រើន​ ទឹក​រាក់​ និង​មាន​ដុំ​ថ្ម​លិច​ប៉ប្រះៗ​បាត​ទូក​នៅ​រដូវ​សម្រក ។ នាវា​ប្រើ​ចំហាយ​អាច​ធ្វើ​ដំណើរ​បាន​តែ​ពេល​ទឹក​ឡើង ពី​ខែ​កក្កដា​ដល់​ខែ​វិច្ឆិកា ។ បន្ទាប់​មក​ទៀត គឺ​ល្បាក់ខោន ដែល​ប្រៀប​បាន​ទៅ​នឹង​សន្ទះ​រាំង​ទឹក ធ្វើ​ឱ្យ​ទឹក​ហូរ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដូច​បាក់​ទំនប់​បញ្ចេញ​សំឡេង​ ទ្រហឹង​អឺងអាប់ បែក​ផ្កាត្រែង​ស​ក្បុស​នៅ​សងខាង​កោះ​ខោន ។ គេ​ឆ្លងកាត់​កោះ​នេះ​តាម​ផ្លូវដែក​តូច​មួយ មាន​ប្រវែង​ប្រហែល​៥​គីឡូម៉ែត្រ ។

ចុះទៅ​ខាងត្បូង​កោះ​ខោន ទន្លេ​មេគង្គ​រីក​ធំ គ្មាន​កោះ​គ្មាន​ត្រើយ ទូក​តូចៗ​អាច​ឆ្លងកាត់​បាន​តែ​នៅ​រដូវ​សម្រក ។ នៅ​រដូវ​ទឹក​ធំ ផ្ទៃ​ទន្លេ​មាន​ទទឹង​ពី​៥​ទៅ​៦​គីឡូម៉ែត្រ ។ នាវាចរ​ប្រព្រឹត្ដ​ទៅ​កាត់​ព្រៃ​លិច​ទឹក ដែល​គេ​មើល​ឃើញ​តែ​ចុង​លើ​ប៉ុណ្ណោះ ។

នៅខាងក្រោម​ស្ទឹង​ត្រែង​ និង​ដៃទន្លេ​ខាងឆ្វេង​ មាន​ជួរ​ព្រះត្រពាំង​រួច​កោះ​រ៉ុងហ្សូ​ដ៏​ធំ​ដែល​មាន​ប្រវែង​៤០​គីឡូម៉ែត្រ​ រួច​ហើយ​គឺ​សម្បូរ​ដែល​ជា​រាជធានី​សម្ភុបុរៈ​ពី​មុន​ ហើយ​ដែល​ពួក​ហុល្លង់​ហៅ​ថា​ «សំបា​បឿ»។ បន្ទាប់​មក គឺ​ជួរ​សម្បុក​សម្បូរ រួច​សម្បុក​ដែល​ចាប់ពី​នេះ​ទៅ ទឹក​ទន្លេ​ហូរ​ជា​ធម្មតា មាន​ទទឹង​ពី​១៥០០​ម៉ែត្រ ដល់​២០០០​ម៉ែត្រ​ ហើយ​គេ​អាច​ធ្វើ​នាវាចរ​បាន​គ្រប់​រដូវ ។

មកដល់​ភ្នំពេញ​ចតុម្មុខ ទន្លេ​មេគង្គ​ចែក​ផ្លូវ​ទឹកជា​ពីរ​ធំៗ ដើម្បី​ងាយ​ហូរ​ចូល​ទៅ​សមុទ្រ ។ នៅ​រដូវ​ទឹក​ឡើង ទឹក​ទន្លេ​មេគង្គ​ហូរ​ចាក់​តាម​ទន្លេសាប​បញ្ច្រាស​ទៅ​ជើង ចូល​ទៅ​បឹង​ទន្លេសាប ។ ដោយ​អំណាច​ទឹក​ហូរ​ចូល​ដ៏​ច្រើន​នេះ​ ទឹក​បឹង​ទន្លេសាប​ឡើង​រហូត​ដល់​កម្ពស់​៥​ ៦​ ឬ​៨​ម៉ែត្រ​ជន់​លិច​ផ្ទៃ​ដី​ដែល​នៅ​ជុំវិញ​រហូត​ដល់​ទៅ​ចម្ងាយ​៥០​ គីឡូម៉ែត្រ ។ ទឹក​បឹង​ទន្លេសាប​គ្រប​ដណ្ដប់​វាលទំនាប​ធំធេង​ពោរពេញ​ទៅ​ដោយ​ទូក​ និង​ហ្វូង​ក្អែកទឹក​ ហ្វូង​ទុង​ ចចាត ក្រសា ទោម ពណ៌​ប្រផេះ​ឬ​ពណ៌​កុលាប ដែល​ហិច​ហែល​ចាប់​ត្រី​ដ៏​សម្បូរ ។ អ្នកនេសាទ​ខ្មែរ យួន និង​ចិន រាប់​ពាន់​នាក់​ចាប់​យក​ត្រី​ទាំង​អស់នេះ នៅ​ខែកុម្ភៈ មីនា និង​មេសា ។

ពេល​ផុត​រដូវ​ភ្លៀង វាលទំនាប​ទាំងឡាយ​រីងស្ងួត​អស់​ដោយ​កាំរស្មី​ព្រះអាទិត្យ មិន​មាន​ទឹក​ហូរ​ចាក់​ចូល​ដៃ​ទន្លេ​ទៀត​ទេ ។ នៅ​ពេល​នោះ ទឹកទន្លេ​សាប​ចាប់​ហូរ​បញ្ច្រាស​ពី​ជើង​មក​ត្បូង​វិញ​ម្ដង​ក្នុង​រយៈពេល​៦​ ខែ ដើម្បី​បញ្ចេញ​ទឹក​ដែល​ហូរ​ចូល​កាលពី​៦​ខែ​មុន ។ ទឹក​ចាប់​ស្រក​ចេញពី​វាលទំនាប​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប បន្ដិច​ម្ដងៗ រួច​កាន់តែ​ឆាប់រហ័ស​ឡើងៗ ។ ទឹក​បឹង​ទន្លេ​សាប​ក៏​ស្រក​ចុះ​ដែរ មក​ត្រឹម​មាត់​ទន្លេ​ខ្លួនឯង រួច​ស្រក​ចុះ​ថែម​ទៀត រហូត​ទាល់តែ​នៅ​សល់​ជម្រៅ​ត្រឹម ១ ឬ​២​ម៉ែត្រ​ប៉ុណ្ណោះ​នៅ​ត្រង់​កន្លែង​ខ្លះ ។ អាង​ទឹក​ដ៏​ធំ​នេះ ក៏​ប្រែក្លាយ​ខ្លួន​មក​ត្រឹម​ជា​សមុទ្រ​តូច​មួយ ដែល​មាន​ប្រវែង​បណ្ដោយ​១៥០​គីឡូម៉ែត្រ និង​ទទឹង​៤៥​គីឡូម៉ែត្រ ។

ទឹក​ហូរ​ចូល​មក​ក្នុង​បឹង​ទន្លេសាប​ត្រាំត្រែង​អស់​រយៈពេល​៦​ខែ រួច​ទើប​ហូរ​ចេញ​ទៅ​វិញ នាំ​យក​ទាំង​ដីល្បាប់​ទៅ​កាន់​សមុទ្រ​ផង បង្កើត​បានជា​ដីដុះ​ថ្មី​នៅ​ខាងត្បូង​កូសាំងស៊ីន ។ ការ​ចម្រើន​ដី​ល្បប់​ឥត​ឈប់​ឈរ​បាន​ធ្វើ​ឱ្យ​ដីដុះ​កាន់តែ​ច្រើន​ឡើងៗ ឯ​ដើម​កោង​កាង​ប្រកប​ដោយ​ឫស​ស្មូញស្មាញ​ក៏​ចាប់​ដុះ ដូច​ជា​រឹតតែ​ជួញ​ទប់​ល្បប់​ឱ្យ​កក​នៅ រួច​មនុស្ស​ក៏​មក​តាំង​ទីលំនៅ​បង្កើត​បាន​ជា​ភូមិ​ស្រុក​ឡើង ។

ទឹកដីកម្ពុជា​ទាំងមូល​ចាប់​កកើត​ឡើង​តាម​របៀប​នេះ ពី​ត្រឹម​សម័យកាល​មួយ​ដែល​មាន​រយៈពេល​មិនជា​យូរ​ប៉ុន្មាន​ពី​យើង​ទេ គឺ​កកើត​ឡើង​ដោយ​ដី​ល្បប់ ដែល​ធ្វើ​ឱ្យ​ទឹកទន្លេ​មេគង្គ​ប្រែ​ពណ៌​ទៅ​ជា​លឿង ដី​ល្បប់​នោះ​មិន​មែន​មក​តាំងពី​ភ្នំ​ហិមាល័យ​ឯ​ទីបេ​នោះ​ទេ ព្រោះ​ទឹក​ដែល​ហូរ​ចេញពី​ភ្នំ​ហិមាល័យ​មក​នោះ មាន​តែ​ប្រមាណ​ជា​មួយ​ភាគ​មួយ​រយ​នៃ​ទឹកទន្លេ​មេគង្គ​ទាំងមូល​ ប៉ុណ្ណោះ ។ តាម​ពិត ដី​ល្បប់​ទាំងនោះ​បាន​មក​ពី​ដី​នៃ​អាង​ទន្លេមេគង្គ​ទាំងមូល ដែល​ទឹក​ភ្លៀង​ហូរ​នាំ​ចូល​មក​ក្នុង​ទន្លេ​តាម​រយៈ​ដៃទន្លេ​ទាំងឡាយ រួច​ហូរ​នាំ​រហូត​ទៅ​ដល់​សមុទ្រ ។ ទឹកដី​កូសាំងស៊ីន​សព្វថ្ងៃ ក៏​កកើត​ឡើង​របៀប​នេះ​ដែរ​ក្នុង​សម័យកាល​មុន​នេះ​បន្ដិច ។

សូមពិនិត្យ​មើល​ផែនទី​ឥណ្ឌូចិន នោះ​លោក​នឹង​សង្កេត​ឃើញ​វិសាលភាព​នៃ​អាង​ទន្លេ​គង្គា​ឥណ្ឌូចិន សម្បូរ​ទៅ​ដោយ​ដៃទន្លេ ដែល​គ្រប​ដណ្ដប់​ពាសពេញ​ផ្ទៃដី​ប្រមាណ​ជា​៨០០.០០០​គីឡូម៉ែត្រ​ក្រឡា ដៃទន្លេ​ទាំងអស់​នោះ​ទទួល​ទឹក​ហូរ​មក​ពី​ស្ទឹង​រាប់​ពាន់ ហើយ​លោក​អាច​ប្រមើល​មើល​ឃើញ​ទំហំ​ទឹក​យ៉ាងច្រើន ដែល​ហូរ​សំដៅ​មក​រក​ភ្នំពេញ ។ គឺ​ទឹក​ទាំងនេះ​ហើយ​ដែល​ហូរ​នាំ​យក​ដីល្បាប់​មក​ចាក់​តាំងពី​ច្រើន​សតវត្សរ៍ ​មុន​គ្រិស្ដសករាជ​ទៅ​ទៀត បង្កើត​បាន​ជា​ប្រទេស​កម្ពុជា​ទាំងមូល ហើយ​ដែល​យើង​នឹង​ធ្វើការ​សិក្សា​អំពី​ប្រវត្ដិសាស្ដ្រ​ប្រទេស​នេះ​នៅ​ខាង​ មុខ​ទៀត ។ គឺជា​ដីល្បាប់​ដែល​ផុស​លេច​ចេញពី​ក្នុង​ទឹក​មក ។ អ្នកស្រុក​ដែល​មក​រស់នៅ​ទី​នេះ​ចាំបាច់​ត្រូវ​តែ​សង់ផ្ទះ​បន្ដើត​ឱ្យ​ខ្ពស់​ ផុត​ពី​ទឹក​នៅ​ពេល​ទឹកធំ ហើយ​ផ្ទះ​មួយ​ត្រូវ​មាន​ទូក​មួយ ។ ដី​នេះ​ល្អ​ណាស់​សម្រាប់​ដំណាំ​ស្រូវ ហើយ​ទន្លេ ស្ទឹង បឹងបួ ត្រពាំង សម្បូរ​ទៅ​ដោយ​ត្រី​ច្រើន​ឥត​គណនា ទាំង​អស់នេះ​អាច​ចិញ្ចឹម​ប្រជាជន​បាន​ច្រើន​ជាង​សព្វថ្ងៃ​៦​ដង ។ គឺជា​ដី​មាន​ជីជាតិ សើម​ហើយ​ក្ដៅ កាលបើ​ទទួល​បាន​នូវ​អារ្យធម៌​ឥណ្ឌា ក៏​រីក​ចម្រើន​លើស​ម្ចាស់​ដើម​ទៅ​ជា​ស្ថាបត្យកម្ម​មួយ​ដ៏​សម្បើម​មហស្ចារ្យ ចម្លែក​ពោរពេញ​ទៅ​ដោយ​អត្ថន័យ ។ នេះ​ជា​អារ្យធម៌​មួយ​គួរ​ឱ្យ​ចង់​ស្គាល់​នៅ​ចុង​បូព៌ា ដែល​បាន​មក​សណ្ឋិត​នៅ​លើ​ប្រជាជន​ប្រមាណ​ជា​សាមសិប​លាន​នាក់ នៅ​ក្នុង​ឥណ្ឌូចិន​អស់​រយៈកាល​៨​សតវត្សរ៍ ។ នោះ​គឺ​អាណាចក្រ​ខ្មែរ ដែល​មាន​ទឹកដី​កកើត​ឡើង​អាស្រ័យ​ដោយ «មេទឹក» ដោយ​ទន្លេ​គង្គា​នៃ​ឥណ្ឌូចិន​សម្បូរ​ភោគផល​មិន​ចាញ់​ទន្លេ​នីល (3) ដែល​វែង​ជាង ធំ​ជាង និង​មាន​គុណ​ប្រយោជន៍​ល្អ​ដូច​ទន្លេ​គង្គា​នៅ​ឥណ្ឌា​ដែរ ។ មុន​នឹង​ប្រគល់​ឱ្យ​នូវ​គុណ​ប្រយោជន៍​ទាំងអស់​ដែល​ខ្លួន​មាន​ ទន្លេ​មេគង្គ​ត្រូវ​រង់ចាំ​នូវ​ការ​កែ​ច្នៃ​ដូចដែល​ពួក​ហិណ្ឌូ​ ពួក​មហាម៉ាត់​ និង​ពួក​អង់គ្លេស​បាន​ធ្វើ​ទៅ​លើ​ទន្លេ​គង្គា​ដែល​ផ្ដល់​ទឹក​ទាំង​អស់​បី​ដង ​បួន​ដង​ ផ្ដល់​នូវ​ជីជាតិ​ទៅ​ឱ្យ​វាល​ទំនាប​ដែល​ស្ងួត​ហែង​ទៅ​ដោយ​កម្ដៅថ្ងៃ ។​ វាលទំនាប​ទាំងនោះ​នឹង​មិន​ផ្ដល់​ផល​ស្រូវ​សូម្បី​តែ​មួយ​គ្រាប់ បើ​គ្មាន​ទន្លេ​ទឹក​មេ​នេះ​ទេ ។ គឺ​ទន្លេ​នេះ​ឯង​ដែល​គ្រប​ដណ្ដប់​ទឹក​ដី​ទាំង​អស់​នោះ ដើម្បី​ផ្ដល់​ទៅ​ឱ្យ​នូវ​ទឹកដោះ ពោល​គឺ ទឹក​សម្រាប់​បាច​ស្រោច​ស្រព ផ្ដល់​ឱ្យ​នូវ​ចំណី​អាហារ ពោល​គឺ ជីជាតិ​ដែល​ធ្វើ​ឱ្យ​ទឹក​ល្អក់​កករ ក៏​ប៉ុន្ដែ​ធ្វើ​ឱ្យ​ទឹក​មាន​ជីជាតិ ។

អាស្រ័យហេតុនេះ សូម​គោរព​ចំពោះ​ទន្លេ​គង្គា​នៃ​ឥណ្ឌូចិន ចំពោះ​មេទឹក​ដែល​បាន​បង្កបង្កើត​កម្ពុជា និង​កូសាំងស៊ីន​ឡើង ។ ដើម្បី​ធ្វើ​ឱ្យ​ទឹកដី​នេះ​ក្លាយ​ទៅជា​ប្រទេស​មួយ​មាន​ភោគទ្រព្យ​ដូច​ជា​ ប្រទេស​អេហ្ស៊ីប គេ​នៅ​គ្រាន់តែ​ត្រូវការ​ការ​កែ​ច្នៃ​ពី​មនុស្ស​ដែល​មក​រស់នៅ​ទី​នេះ​តែ​ ប៉ុណ្ណោះ ។ មនុស្ស​ដែល​មក​រស់នៅ​ទី​នេះ​នឹង​មាន​សិរី​ដែល​គេ​អាច​សុំ​ពី​ទន្លេ​នេះ​ បាន ។

ទាំង​អស់នេះ គឺជា​ឧបទ្វីប​ឥណ្ឌូចិន​ដែល​យើង​នឹង​ពិនិត្យ​មើល​ប្រជាជន​កកើត​ឡើង រីក​ធំធាត់ លាស់​ផ្លែផ្កា បង្កបង្កើត​ផល រួច​ហើយ​ស្រយុត​ស្រយង់ រលត់​បាត់បង់​ទៅ បន្ទាប់​ពី​បាន​រស់រាន​មាន​ជីវិត បាន​ធ្វើ​សង្គ្រាម​បំផ្លិច​បំផ្លាញ​រវាង​គ្នា​នឹង​គ្នា ដណ្ដើម​ទឹកដី​គ្នា​បំពេញ​មហិច្ឆតា​រៀងៗ​ខ្លួន ។ អ្វី​ទាំងអស់​មាន​លក្ខណៈ​ជា​បណ្ដោះ​អាសន្ន​ និង​កើត​មាន​ឡើង​តែ​មួយ​រយៈពេល​ប៉ុណ្ណោះ ។

ឥឡូវនេះ យើង​ពិនិត្យ​មើល​បណ្ដា​ប្រជាជន​ផ្សេងៗ​ទៀត​ដែល​រស់នៅ​លើ​ទឹកដី​នេះ​កាលពី​ សតវត្សរ៍​ទី​១ ថា​តើ​គេ​ធ្វើ​យ៉ាងណា​នៅ​លើ​ទឹកដី​ល្បាប់​ដ៏​ធំធេង ស្ទើរ​ទឹក​ស្ទើរ​គោក​នេះ ដែល​ត្រូវ​តែ​សង់ផ្ទះ​បន្ដើត​ឱ្យ​ផុត​ទឹក តើ​ពួក​គេ​ធ្វើ​យ៉ាងណា​ទើប​អាច​បង្កើត​ជា​ក្រុម​ជា​ប្រទេស​មាន​អំណាច​ដែល​ យើង​នឹង​សរសេរ​ជា​ប្រវត្ដិសាស្ដ្រ​នេះ ។

២- អំពី​ប្រជាជន

នៅ​ដើម​គ្រិស្ដសករាជ​របស់​អឺរ៉ុប និង​ដើម​មហាសករាជ (4) របស់​ពួក​ហិណ្ឌូ ប្រជាជន​ដែល​មក​រស់​នៅ​ក្នុង​ឥណ្ឌូចិន​ហាក់​ដូចជា​បញ្ជ្រាប​ខ្លួន​ក្នុង​ ហ្វូង​ប្រជាជន​សព្វ​ថ្ងៃនេះ ក៏​ប៉ុន្ដែ​នៅ​ពេល​នោះ​ពួក​គេ​រស់នៅ​បែក​គ្នា​ជា​កុលសម្ព័ន្ធ ឬ​ជា​រដ្ឋ​អធិបតេយ្យ​តូចៗ ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​ទាន់​ស៊ីវីល័យ​នៅឡើយ​ទេ ។

ពួក​ខ្មែរ ឬ កម្ពុជៈ

ប្រជាជន ​ដែល​កសាង​ប្រជាជាតិ​ខ្មែរ​ឡើង រស់នៅ​លើ​ទឹកដី​ដែល​មានឈ្មោះ​សព្វថ្ងៃ​ថា កូសាំងស៊ីន និង កម្ពុជា បើ​ហោច​ណាស់​ក៏​រហូត​ដល់​ល្បាក់​ខោន និង​ប្រទេស​សៀម (5) ផង​ដែរ ។ ប្រវត្ដិសាស្ដ្រ​ដែល​យើង​នឹង​សរសេរ គឺជា​ប្រវត្ដិសាស្ដ្រ​របស់​ប្រជាជន​ទាំង​នោះ ដោយ​ហេតុ​នេះ យើង​មិន​ទាន់​ចាំបាច់​ត្រូវ​និយាយ​ពី​ពួក​នេះ ច្រើន​ពេក​ទេ​នៅ​ពេល​នេះ ។

ពួក​ចាម ឬ ចម្ប៉ា

នៅ ​ពី​ខាងកើត​ពួក​ខ្មែរ​ ឬ​កម្ពុជៈ មាន​ពួក​ចាម​ដែល​ជា​ពួក​អ្នក​ផ្សងព្រេង​ ឬ​ជា​ចោរ​សមុទ្រ ធ្វើ​ដំណើរ​ចេញ​ពី​កោះ​ធំៗ​ដែល​មាន​ឈ្មោះ​សព្វថ្ងៃ​ថា កោះ​ស៊ូម៉ាត្រា កោះ​ជ្វា និង​ប្រហែលជា​ចេញ​ពី​កោះ​តូចៗ​ក្បែរៗ​នោះ​ផង ដែរ ។ ពួក​នេះ​មក​តាំងទី​នៅ​តាម​មាត់​សមុទ្រ រួច​ហើយ​បាន​ដណ្ដើម​យក​ទឹកដី​មាត់​សមុទ្រ​ត្រង់​កន្លែង​កូសាំងស៊ីន និង​អាណ្ណាម​សព្វ​ថៃ (6) ទាំងស្រុង​ ឬ​ក៏​មួយ​ចំណែក មុន​ពួក​ហិណ្ឌូ​មក​ដល់ ។ បន្ទាប់​មក អាស្រ័យ​ដោយ​ចំណង​មេត្រី​ភាព​ជាមួយ​អ្នកស្រុក​ដែល​រស់នៅ​តាម​មាត់​សមុទ្រ​ នេះ ក៏​សម្រេច​បង្កើត​បាន​ជា​ជាតិ​មួយ​នៅ​រវាង​សតវត្សរ៍​ទី​២​មុន​គ្រិស្ដសករាជ ដែល​ពួក​ចិន​ហៅ​ថា​ «នគរ​លីនយី» ហើយ​ដែល​ក្រោយ​មក​មាន​ឈ្មោះ​ថា «ចាម្ប៉ា» (7) ។ ពួក​នេះ​ចេញ​មក​ពី​ប្រទេស​ដែល​មិន​ទាន់​ស៊ីវីល័យ គេ​ពិតជា​មិន​ទាន់​ទទួល​យក​អារ្យធម៌​ព្រាហ្មណ៍​នៅ​ឡើយ នៅ​ពេល​មក​ដល់​ឥណ្ឌូចិន ក៏​ប៉ុន្ដែ​បន្ទាប់​មក ពួក​នេះ​បាន​ទទួល​យក​ការ​គោរព​បូជា និង​ប្រពៃណី​ព្រហ្មញ្ញ​សាសនា​ខ្លះៗ គឺ​ប្រហែលជា​នៅ​សតវត្សរ៍​ទី​១​នៃ​គ្រិស្ដ​សករាជ​របស់​អឺរ៉ុប ។

ពួក ​នេះ​បាន​បង្កើត​រដ្ឋ​សក្ដិភូមិ​ជា​ច្រើន​នៅ​តាម​មាត់​សមុទ្រ ជា​រដ្ឋ​ពាក់​កណ្ដាល​ឯករាជ មាន​មេកោយ​រៀងៗ​ខ្លួន ក៏​ប៉ុន្ដែ ចំណុះ​ឱ្យ​ស្ដេច​អធិរាជ​ណាមួយ​ជា​ផ្លូវការ តាម​ទំនៀម​ទម្លាប់ ទោះបីជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ក៏​ដោយ ។ ពួក​នេះ​ក៏​មាន​ទីតាំង​មួយ​ចំនួន​នៅ​ខាង​ទិស​ទក្សិណ និង​និរតី​ផង​ដែរ ចាប់ពី​ប៊ិញធន់​រហូត​ដល់​កំពត ដែល​ក្រោយ​មក​ត្រូវ​ពួក​កម្ពុជៈ​មក​ពី​ឥណ្ឌា​ដណ្ដើម​យក (8) ។

ពួក​លាវ

នៅ ​ពី​ខាងជើង​ទឹកដី​ដែល​ពួក​ខ្មែរ ឬ​កម្ពុជៈ​រស់នៅ មាន​ប្រជាជន​ផ្សេង​ទៀត​ដែល​មិនសូវ​ជា​ស៊ីវីល័យ​រស់នៅ​ដែរ​គឺ​ពួក​លាវ​ដើម​ ចាប់ពី​ខោន​រហូត​ដល់​ព្រំប្រទល់​ខេត្ដ​យុនណាន ប្រទេស​ចិន ។

រឿងព្រេង ​របស់​លាវ​និយាយ​ថា ពួក​វិប្រជា (ក្រុម​មនុស្ស​ដែល​មាន​ការ​រៀបចំ​មិន​ទាន់​គ្រប់សព្វ) នៅ​ប្រទេស​លាវ​មាន​ដើម​កំណើត​ចេញ​មក​ពី​បុព្វបុរស​រួម​តែ​មួយ ។ ពាក្យ​ថា​ «វិប្រជា​លាវ» ​នេះ មិនមែន​សំដៅយក​តែ​ប្រជាជន​លាវ​សព្វថ្ងៃ​ប៉ុណ្ណោះ​ទេ គឺ​រាប់​បញ្ចូល​ទាំង​ប្រជាជន​ដែល​រស់នៅ​ក្នុង​អាង​ទន្លេ​មេណាម​ខាងលើ​ផង​ដែរ មុន​ពេល​ដែល​ពួក​ថៃ​មក​ដល់ ពួក​មួង​នៅ​តុងកឹង ពួក​ម៉ង់ ពួក​ចាវជី ឬ​ពួក​ធុក មុន​ពេល​ជ័យ​ជម្នះ​របស់​ពួក​ង៉ាមណន់ ឬ​អាណ្ណាម ព្រមទាំង​រដ្ឋ​សាន មុន​ពេល​ពួក​សាន​ដែល​មាន​ដើម​កំណើត​ថៃ​មក​ដល់ ។

តាម​រឿងព្រេង​ទាំងនោះ មេៗ​របស់​ពួក​គេ​មាន​ឋានៈ​ជា​គួន ដែល​មាន​នៅ​បន្ដ​រហូត​មក​ដល់​សព្វថ្ងៃ​នៅ​លាវ ក៏​ដូច​ជា​នៅ​ថៃ និង​កម្ពុជា​ផង​ដែរ គឺជា​ឋានៈ​មន្ដ្រី​ថ្នាក់​ទាប ។

ពួក​មន ឬ ប៉ាកាន

ពួក ​មន​រស់នៅ​លើ​ច្រាំង​ខាងត្បូង​នៃ​ទន្លេ​ឥរាវតី​ និង​ទន្លេ​សាលូអង់ ។​ ក្រោយ​ពី​រៀបចំ​កសាង​រាជធានី​ប៉េហ្គូ​រួច ពួក​នេះ​ដាក់​ឈ្មោះ​ខ្លួនឯង​ថា «ប៉េហ្គូ» ដែរ ហើយ​បាន​ត្រូវ​ពួក​អឺរ៉ុប​កែ​ដាក់​ថា​ «ប៉ាកាន» (9) វិញ ដើម្បី​កុំឱ្យ​ច្រឡំ​នឹង​ឈ្មោះ​រាជធានី និង​ឈ្មោះ​ស្រុក​ផង ។

ពួក ​នេះ​ធ្វើ​ដំណើរ​ចេញ​មក​ពី​រមញ្ញ​ទេស ដែល​ស្ថិត​នៅ​តាម​មាត់​សមុទ្រ​បឹងហ្កាល់ ។ នៅ​ទីនោះ​មាន​ទីក្រុង​ផ្សេង​ទៀត​គឺ​ តាវ៉យ​ តេណាស់សេរីម​ មែរគុយ និង​ម៉ាតាបាន (10) ដែល​កំបាំង​បាត់​នៅ​ពីក្រោយ​កោះ​ជា​ច្រើន​រយ ។ តាម​ពិត​ ពួក​នេះ​មាន​ដើម​កំណើត​នៅ​ឥណ្ឌា​ គឺ​ប្រហែលជា​នៅ​តាម​មាត់​សមុទ្រ​កូរ៉ូម៉ង់​ដែល​ ឬ​អូរីស្សា​ដែល​ពី​មុន​ហៅ​ថា​ «កលិង្គៈ» (11) ។ ពួក​នេះ​បាន​កសាង​រាជធានី​ទី​មួយ​របស់​គេ​មាន​ឈ្មោះ​ថា​ «តាលឹង» ​តាំងពី​មុន​គ្រិស្ដ​សករាជ ហើយ​ក៏​ត្រូវ​បាន​គេ​ហៅ​ថា​ «តាលឹងៗ» ​យ៉ាងនេះ​រហូត​ដល់​សតវត្សរ៍​ទី​១៨​ តែ​ពួក​អឺរ៉ុប​ហៅ​ថា​ «តាលៀង» ។ ​គឺ​ចាប់ពី​រាជធានី​នេះ​ហើយ ដែល​ពួក​គេ​ចេញ​ទៅ​លុកលុយ​ទឹកដី​សុវណ្ណ​ភូមិ គឺ​ប្រទេស​ភូមា​ភាគ​ខាង​ត្បូង​សព្វថ្ងៃ ។ នៅ​សុវណ្ណ​ភូមិ​នេះ ពួក​កលិង្គៈ​ដែល​មក​ពី​ខាងត្បូង នឹង​ជួប​ជាមួយ​ពួក​ភូមា​ដែល​ចុះ​មក​ពី​ខាងជើង ។

មាន ​ពួក​តាលឹង​មួយ​ចំនួន​ដើរ​កាត់​ភ្នំ​តេណាស់សេរីម​ទៅ​រស់នៅ​ច្របូក​ច្របល់​ ជាមួយ​ប្រជាជន​ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​នៅ​ត្រង់​ទឹកដី​សៀម​ សព្វថ្ងៃ ។​មួយ​ក្រុម​ទៀត​ចុះ​ទៅ​ក្រោម​ទៅ​កាន់​ទៀបកោះ​ម៉ាឡាកា​ ទៅ​រស់​នៅ​ជាមួយ​អ្នកស្រុក​ដើម​ដែល​មាន​រួច​ទៅ​ហើយ ។

ពួក​សៀម ឬ ថៃ

នៅ ​សតវត្សរ៍​ទី​១​នៃ​គ្រិស្ដសករាជ មិន​ទាន់​មាន​ពួក​សៀម​ ឬ​ថៃ​មក​នៅ​ជាមួយ​ពួក​ខ្មែរ ចាម​ឬ​ចាម្ប៉ា និង អាណ្ណាម​ទេ ។​ មាន​ប្រភព​ដើម​ចេញ​ពី​ឥណ្ឌា​ត្រង់​និរតី​ប្រទេស​ចិន​ពី​សម័យកាល​ដ៏​យូរលង់​ មួយ (12) ពួក​នេះ​បាន​មក​ដណ្ដើម​យក​ទឹកដី​នៅ​ចន្លោះ​យុនណាន​ពី​ខាងកើត ទីបេ​ពី​ខាងលិច និង​ភូមា​ភាគ​ខាងលើ​ពី​ខាងត្បូង ។ ពួក​នេះ​បាន​បង្កើត​ជា​ក្សត្រ​ប្រទេស (Principauté) របស់​ថៃ​បាន​ចំនួន​៦​នៅ​សតវត្សរ៍​ទី​២​នៃ​សករាជ​យើង ដែល​ពួក​ចិន​ដាក់​ឈ្មោះ​ថា «ណានឆាវ» មាន​ន័យ​ថា «ក្សត្រ​ទិស​ខាងត្បូង» ។ ពេល​នោះ​ពួក​ថៃ​មិន​ទាន់​មាន​គំនិត​ចង់​ធ្វើ​ដំណើរ​មក​ត្បូង គឺ​មក​កាន់​ឥណ្ឌូចិន​នៅឡើយ​ទេ ។ ពួក​នេះ ប្រហែលជា​ធ្លាប់​មាន​ធ្វើ​ចម្បាំង​ជាមួយ​នឹង​ពួក​ភូមា​ខ្លះ​ហើយ​នៅ​ពេល​នោះ ក៏​ប៉ុន្ដែ គ្មាន​ឯកសារ​ណា​បញ្ជាក់​ពី​រឿង​នេះ​ទេ​នៅ​សតវត្សរ៍​ដំបូងៗ​នៃ​គ្រិស្ដសករាជ ហើយ​វា​ហាក់​ដូច​ជា​មិន​ទាន់​មាន​សង្គ្រាម​ធំដុំ​ទេ​មុន​សតវត្សរ៍​ទី​ ៥ ។ យើង​មាន​តែ​ព័ត៌មាន​ស្ដី​ពី​រឿង​ណានឆាវ​ចុះ​មក​វាយ​ភូមា​នៅ​សតវត្សរ៍​ទី​៧​ ប៉ុណ្ណោះ ។

ចំណែក​ទឹកដី​ដែល​សព្វថ្ងៃ ​យើង​ហៅ​ថា​សៀម​កាលពី​ពេល​នោះ​មាន​ប្រជារាស្ដ្រ​រួច​ហើយ​គឺ​ពួក​ដែល​រស់នៅ​ តាម​មាត់​ទន្លេ​មេណាម​ខាងក្រោម​ដូច​គ្នា​ទៅ​នឹង​ប្រជាជន​ដែល​រស់នៅ​តាម​មាត់ ​ទន្លេមេគង្គ​ខាងក្រោម​ រីឯ​ពួក​ដែល​រស់នៅ​តាម​មាត់ទន្លេ​មេណាម​ខាងលើ​ដូច​គ្នា​ទៅ​នឹង​ប្រជាជន​ដែល​ រស់​តាម​មាត់​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​លាវ​ដែរ ។

នា ​ពេល​នោះ តាម​មើលទៅ​វា​ហាក់​ដូចជា​មាន​ពួក​បរទេស​ចូល​មក​រស់​លាយឡំ​ជាមួយ​ពួក​ខ្មែរ​ នៅ​ត្រង់​មេណាម​ភាគ​ខាងក្រោម និង​កណ្ដាល​ស្រេច​ទៅ​ហើយ គឺ​ពួក​មន​ដែល​យើង​បាន​រៀបរាប់​ពី​ខាងលើ​រួច​ហើយ តែ​ការ​លាយឡំ​នេះ មិន​អំណោយផល​ល្អ​ដល់​ការ​ត្រួតត្រា​របស់​ពួក​កម្ពុជៈ​ទេ ដែល​លាយ​សព្វ​ល្អ​ជាង ។ ចាប់ពី​ដំបូង​ម្ល៉េះ​ ពួក​មន​ខ្មែរ​នេះ​ដូច​ជា​ប្រាកដ​ខ្លួន​ឡើង​ជា​រដ្ឋ​មិន​ចំណុះ​ហើយ​ប្រជែង​ ជាមួយ​នគរ​កម្ពុជា ។​ ដល់​ពេល​ដែល​ពួក​ថៃ ឬ​សៀម ចុះ​មក​ច្បាំង​ដណ្ដើម​យក​ទឹកដី​នេះ​បាន ពួក​ថៃ ឬ​សៀម​នេះ បាន​ទទួល​ជា​មរតក​នូវ​កំហឹង​របស់​ប្រជាជន​ដែល​ត្រូវ​គេ​ត្រួតត្រា​ ហើយ​ចាប់​បន្ដ​ការ​ប្រឆាំង​ទល់​នឹង​ការ​ត្រួតត្រា​របស់​ខ្មែរ​រហូត​ដល់​ពួក​ គេ​ទទួល​បាន​នូវ​ជោគជ័យ​មក​ទល់​នឹង​សព្វថ្ងៃ គឺ​៧​សតវត្សរ៍​ក្រោយ​ពេល​ដណ្ដើម​បាន​ឥន្ទបត្ដ​ជា​លើក​ទី​១ ។

បណ្ដា​ក្រុម​ឧបនិវេសន៍​ហិណ្ឌូ

នៅ ​ដើម​នៃ​គ្រិស្ដសករាជ វា​ហាក់​ដូចជា​មាន​ក្រុម​ឧបនិវេសន៍ (អ្នក​ចេញ​ទៅ​នៅ​ប្រទេស​ក្រៅ) ជ្វា​-ម៉ាឡេ និង​ហិណ្ឌូ ដែល​ចេញ​ផ្ទាល់​មក​ពី​ប្រជុំ​កោះ​អាំងស៊ុយឡាំង និង​កលិង្គៈ មក​តាំងនៅ​តាម​មាត់​សមុទ្រ​ខាងត្បូង និង​ខាងលិច​នៃ​ឥណ្ឌូចិន​រួច​ទៅ​ហើយ ។ ក្រោយមក ពួក​នេះ​បាន​ច្របល់​លាយ​គ្នា​ចូល​ជាមួយ​អ្នកស្រុក​ដើម គឺ​ពួក​ខ្មែរ​នេះឯង ។ គឺ​ក្រុម​ឧបនិវេសន៍​កលិង្គៈ​ទាំង​អស់​នេះ​ហើយ​ដែល​បាន​កសាង​រាជាណាចក្រ​តូចៗ ប្រកប​ដោយ​អារ្យធម៌​ហិណ្ឌូ​នៅ​ផ្នែក​ខាងត្បូង​នៃ​ឥណ្ឌូចិន រាជាណាចក្រ​ទាំងនោះ​ក្រោយមក​ក្លាយជា​ប្រទេស​កម្ពុជា ឬ ស្រុក​ខ្មែរ ។ ចំណែក​នៅ​តាម​មាត់​សមុទ្រ​ខាងលិច​នៃ​ឥណ្ឌូចិន ដែល​បែរមុខ​ទៅ​រក​ឈូង​សមុទ្រ​បឹងហ្កាល់​វិញ មាន​រាជាណាចក្រ​តូចៗ​ដែល​ពួក​ព័រទុយហ្គេ ហៅ​ថា​ មែរតាបាន​ មែរគុយ​ តាវ៉យ​ តេណាស់សេរីម ព្រមទាំង​រាជាណា​ចក្រ​តូចៗ​នៅ​តាម​ឆ្នេរសមុទ្រ​ខាងកើត​នៃ​ទៀបកោះ​ម៉ាឡាកា មាន​លីហ្គ័រ ឬ ស្រីធម្មរាជ​នគរ​ជាដើម ។

អាណ្ណាម ឬ តុងកឹង

កាលពី​២​សតវត្សរ៍​មុន​គ្រិស្ដសករាជ នៅ​ប៉ែក​ពាយ័ព្យ​នៃ​តុងកឹង​សព្វថ្ងៃ មាន​រាជាណាចក្រ​តូច​មួយ​ដែល​ពួក​ចិន​ហៅ​ថា​ «ធុក ឬ​ណាមយែ» ។ អ្នកស្រុក​រដ្ឋ​នេះ​មាន​អម្បូរ​ជា​មន ប៉ុន្ដែ​ពួក​នេះ​ប្រហែលជា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​អាណ្ណាម ដែល​មក​ពី​ភាគ​ខាងត្បូង​នៃ​ទន្លេ​យ៉ង់​សេក្យាង ឬ​ទន្លេ​ខៀវ ។ រាជធានី​គឺ ភានងូ ។

ព្រះរាជា​មួយ​អង្គ​នៃ​រាជាណាចក្រ​នេះ ព្រះ​នាម​ មនយ៉ាវជី បាន​ប្រកាស​សង្គ្រាម​ជាមួយ​ចិន រួច​វាយ​ដណ្ដើម​យក​បាន​ខែត្រ​ក្វាងទុង (កាល​នោះ​មាន​ឈ្មោះ​ថា តៃវៀត) ខែត្រ​ក្វាងសេ និង​ភូគៀន (កាល​នោះ​មាន​ឈ្មោះ​ថា ដុងអូ) ព្រមទាំង​រដ្ឋ​តូចៗ​មួយ​ចំនួន​ទៀត ។ ព្រះ​អង្គ​ត្រូវ​បាន​ព្រះ​ចៅ​អធិរាជ​ចិន​ទទួល​ស្គាល់​ថា ជា​ព្រះរាជា​នៃ​ង៉ានណាម ឬ​អាណ្ណាម​ដែរ ។ អាណ្ណាម​នា​ពេល​នោះ គឺ​តុងកឹង​សព្វថ្ងៃ​នេះ​ឯង ។

ចាប់ពី​ពេល​នោះ​មក រាជាណាចក្រ​ធុក ក្រោម​ឈ្មោះ​ថ្មី​ថា អាណ្ណាម ឬ​ង៉ានណាម មាន​ទឹកដី​លាត​សន្ធឹង​ចាប់ពី​ព្រំដែន​ភាគ​ខាងត្បូង​យុនណាន រហូត​ដល់​ឈូង​សមុទ្រ​តុងកឹង និង​រហូត​ដល់​ព្រំដែន​ភាគ​ខាងជើង​នគរ​ចាម្ប៉ា គឺ​អាណ្ណាម​សព្វថ្ងៃ ។

រាជាណាចក្រ​នេះ ដែល​ចិន​ហៅ​ថា​ «ណាមយែ​ ឬ​ ណាមវៀត» ​នៅ​ឆ្នាំ​១១១ (មាន​ន័យ​ថា ទក្សិណ​បែកខ្ញែក) បន្ទាប់​មក​បាន​ត្រូវ​ធ្លាក់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ឧត្ដម​សេនិយ​ មេទ័ព​ចិន​ដែល​ព្រះ​ចៅ​អធិរាជ​ចិន​តែងតាំង​ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ ខែត្រ ។ ពួក​នេះ​គ្រប់គ្រង​អំណាច​តៗ​គ្នា​ពី​ឪពុក​ដល់​កូន ហើយ​ពង្រឹង​អំណាច​តែ​ក្នុង​គ្រួសារ​ឯង​យ៉ាង​ដូច្នេះ ។

ពួក​ឧត្ដម​សេនិយ​ចៅហ្វាយ​ខែត្រ​ទាំងនេះ​បាន​បែងចែក​ទឹកដី​ព្រះរាជាណាចក្រ​អាណ្ណាម​ជា​៩​ខែត្រ​ហៅ​ថា​ «ក្វាន់» ក្នុង​នោះ​មាន​៤​ស្ថិត​នៅ​ចិន​ភាគ​ខាង​ត្បូង ៣​នៅ​តុងកឹង​ខាង​ក្រោម និង​២​ទៀត​នៅ​តុងកឹង​ខាងលើ ។ ចំណែកឯ​ផ្នែក​កណ្ដាល​នៃ​រាជាណាចក្រ​អាណ្ណាម ដែល​សោយរាជ្យ​ដោយ​ឧបរាជ​ចិន មាន​ចែក​ចេញ​ជា ៣​ក្វាន់​គឺ ក្វាន់​យ៉ាវជី​ គូជឿន និង​ញុតណាម ។ ក្វាន់​ទាំងនេះ គេ​ហៅ​ថា​ «ទួង​ក្វាង» ក្រោយ​មក​ក្លាយ​ជា «តុងកឹង» ដែល​សព្វថ្ងៃ​នេះ​ជា​ឈ្មោះ​របស់​ប្រទេស​ទាំងមូល និង​ស្ថិត​នៅ​ចន្លោះ យុនណាន លាវ ឈូង​សមុទ្រ​តុងកឹង ជួរ​ភ្នំ​អាណ្ណាម និង​មាត់​ច្រក​អាណ្ណាម ។

គេ​ដំណាល​ថា នៅ​ឆ្នាំ​១៦៦​នៃ​គ្រិស្ដសករាជ មាន​ពួក​ឈ្មួញ​ដែល​អះអាង​ថា ខ្លួន​ជា​រាជទូត​របស់​ព្រះ​អធិរាជ​រ៉ូម៉ាំង​ព្រះ​នាម​ថា​ ម៉ាក់​អូរ៉ែល ហើយ​ដែល​ប្រហែល​មិនមែន​មាន​សញ្ជាតិ​រ៉ូម៉ាំង​ទេ (13) បាន​មក​ចុះ​សំពៅ​នៅ​ខាងត្បូង​នគរ​យ៉ាវជី ឬ​អាណ្ណាម​នេះ ។

តាមមើល​ទៅ​នៅ​ក្នុង​ផែនទី​របស់​ផ្ដូលេមេ ហាណូយ គឺ អាកាណាការ៉ា ហើយ​ប្រជាជន​ដែល​រស់នៅ​ត្រង់​ពាម​ទន្លេ​ក្រហម បាន​ហៅ​ខ្លួនឯង​តាម​របៀប​សាមញ្ញ​ថា «អ៊ិនដូយ» ។

ពួក​ម៉ារ៉ាម៉ា ឬ មិយ៉ាម៉ា ឬ ភូមា

នៅ ​ពាយ័ព្យ​ឥណ្ឌូចិន​មាន​ទឹកដី​ដែល​មាន​ឈ្មោះ​សព្វថ្ងៃ​ថា​ ភូមា​ខាងលើ​ដែល​មាន​ពួក​ម៉ារ៉ាម៉ា​រស់នៅ​ ពួក​នេះ​ក្រោយ​មក​បាន​ដូរ​ឈ្មោះ​ជា​ភូមា​វិញ ។​ ពួក​នេះ​ចុះ​មក​ពី​ទីបេ​កាលពី​រវាង​២​ ឬ​៣​សតវត្សរ៍​មុន​គ្រិស្ដសករាជ​ រួច​មក​ដណ្ដើម​យក​ទឹកដី​របស់​ពួក​ការ៉េន​នៅ ។​ពួក​ការ៉េន​នេះ​ជា​ ប្រជាជន​គ្មាន​អារ្យធម៌​ ស្លូត​ ចូល​ចិត្ដ​ធ្វើ​កសិកម្ម ។​អាស្រ័យ​ដោយ​ភាព​អៀន​ប្រៀន និង​ទំនៀម​ទម្លាប់​អន់​ថយ ពួក​គេ​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

វត្ដមានរបស់​ពួក​ម៉ារ៉ាម៉ា​នៅ​ត្រង់​ផ្នែក​ខាងលើ​នៃ​ទន្លេ​ឥរាវតី​នេះ បាន​បង្ខំ​ឱ្យ​ពួក​សាន ដែល​មាន​អម្បូរ​ថៃ​ដែរ ហើយ​ដែល​យើង​នឹង​លើក​មក​និយាយ​ខាងក្រោម​នេះ ត្រូវ​គេចខ្លួន​ទៅ​រស់​នៅ​ឯ​ស្រុក​លាវ ហើយ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ឥណ្ឌូចិន ក៏​បង្កើត​បាន​ជា​ក្សត្រ​ប្រទេស​ជា​ច្រើន រស់នៅ​ឆ្ងាយ​ពី​សមុទ្រ ពី​ទន្លេ​ដោយ​មិន​គិត​ពី​ការ​អភិវឌ្ឍន៍​ឡើយ ។

ពួក ​ម៉ារ៉ាម៉ា​បាន​ទុក​ឱ្យ​ពួក​សាន​រស់នៅ​លើ​ទឹកដី​ផ្នែក​ខាងជើង ហើយ​មិន​បាន​រំខាន​ពួក​នេះ​ក្នុង​ការ​វាត​យក​ទឹកដី​ឯខាង​កើត​ទេ​ពីព្រោះ​ពួក ​ម៉ារ៉ាម៉ា​មាន​បំណង​ចង់​តែ​ចុះ​មក​ខាងក្រោម​ទន្លេ​ឥរាវតី​សំដៅ​មក​រក​ សមុទ្រ​ដោយ​គ្មាន​ចង់​វាត​យក​ទឹកដី​ប្រទេស​លាវ​ឡើយ ។

តាមមើលទៅ នៅ​ដើម​សតវត្សរ៍​នៃ​គ្រិស្ដសករាជ ពួក​ភូមា ឬ​ម៉ារ៉ាម៉ា​បាន​ដណ្ដើម​យក​បាន​ទឹកដី​ដែល​សព្វ​ថ្ងៃនេះ គឺ​ប្រទេស​ភូមា​ភាគ​ខាងលើ​រួច​ទៅ​ហើយ ។

ពួក​សាន

នៅ ​ខាងលិច​ប្រទេស​លាវ​ភាគ​ខាងលើ បន្ទាប់​ពី​ទឹកដី​មួយ​កន្លែង​នៅ​លើ​ច្រាំង​ខាងស្ដាំ​នៃ​ទន្លេ​មេគង្គ ដែល​ជា​ចំណែក​មួយ​នៃ​ព្រះរាជា​ណាចក្រ​ហ្លួងប្រាបាង​សព្វ​ថ្ងៃនេះ មាន​ប្រជាជន​មួយ​ក្រុម​រស់នៅ​គឺ​ពួក​សាន ។ ដូច​ដែល​បាន​រៀបរាប់​ពី​ខាងលើ​រួច​មក​ហើយ​ ពួក​សាន​នេះ​មាន​អម្បូរ​ជាមួយ​ពួក​ថៃ​ ឬ​សៀម ។​ ប្រជាជន​សាន​នេះ​ចុះ​មក​ពី​កន្លែង​មួយ​ដែល​ក្រោយ​មក​ក្លាយជា​រាជា​ណា​ចក្រ​ តាលី ។ ពួក​នេះ​បាន​មក​រស់នៅ​ពី​ខាងកើត​ពួក​ភូមា នៅ​ពេល​ដែល​ពួក​ភូមា​នេះ​កំពុង​វាយ​ដណ្ដើម​យក​ទឹកដី​ពី​ពួក​មន ឬ​ប៉ាកាន តែ​ត្រូវ​ពួក​មន​វាយ​ដេញ​ឱ្យ​រត់ឡើង​ទៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​ឥរាវតី​វិញ​ ទៅ ជា​កន្លែង​ដែល​ពួក​មន​នេះ​ធ្លាប់​នៅ​កាលពី​ពីរ​-បី​សតវត្សរ៍​មុន ។

នៅដើម​គ្រិស្ដសករាជ ពួក​សាន​បាន​ត្រួតត្រា​ពេញ​ទឹកដី​ដែល​ពួក​គេ​រស់នៅ​សព្វ​ថ្ងៃនេះ ដោយ​បង្កើត​បាន​ជា​ក្សត្រ​ប្រទេស​មួយ​ចំនួន មាន​ស្វ័យភាព​រៀងៗ​ខ្លួន ក៏​ប៉ុន្ដែ​ទាំងអស់​គ្នា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ព្រះ​ចៅ​អធិរាជ ​មួយ​អង្គ ការ​ត្រួតត្រា​នោះ​អាច​មាន​តែ​នាម និង​អាច​ជា​ការ​ត្រួតត្រា​ពិតប្រាកដ​តែ​នៅ​ក្នុង​កាលៈ​ទេសៈ​ខ្លះ​ ប៉ុណ្ណោះ ។

ក្សត្រ​ប្រទេស​ទាំង​ អស់នោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​សមុទ្រ ពី​ទន្លេធំៗ និង​ពី​ពាណិជ្ជកម្ម​ផង​ដែរ ដូចនេះ​ពួក​គេ​មិន​សូវ​ជា​លូត​លាស់​ប៉ុន្មាន​ទេ ។ ដោយហេតុ​នោះ ពួក​គេ​ខិតខំ​បង្កបង្កើន​ផល​តែ​លើ​ដី​ដែល​គេ​ដណ្ដើម​បាន​ពី​ពួក​លាវ​ ប៉ុណ្ណោះ ហើយ​មិន​បាន​យកចិត្ដ​ទុកដាក់​នឹង​ស្ថាបនា​ផ្លូវថ្នល់​ធ្វើ​ដំណើរ​អ្វី​ ឡើយ ។

គេ​គិត​ថា មាន​កុលសម្ព័ន្ធ​សាន​មួយ​នៅ​ផ្នែក​ខាង​លើ​រដ្ឋ​អាសាម​ដែរ ប៉ុន្ដែ​គឺជា​ក្សត្រ​ប្រទេស​មួយ​ដែល​មិន​សូវ​ជា​មាន​សារសំខាន់​ប៉ុន្មាន​ ទេ ។

អំពី​ប្រទេស​ចិន

នៅ ​ដើម​គ្រិស្ដសករាជ ប្រទេស​ចិន​បាន​មាន​អត្ថិភាព​ប្រហែលជា​៣០០០​ឆ្នាំ​រួច​មក​ហើយ ។ ពួក​ចិន​មាន​អារ្យធម៌​រីក​ចម្រើន​ខ្លាំង​ណាស់​ទៅ​ហើយ គឺ​មាន​ទស្សនវិជ្ជា​ប្រកបដោយ​គតិបណ្ឌិត​តាំងពី​៥​សតវត្សរ៍​មុន​មក​ម្ល៉េះ និង​មាន​សាសនា​ច្រើន ដែល​មាន​មូលដ្ឋាន​ស្ថិត​នៅ​លើ​សីលធម៌​ប្រកបដោយ​វិចារណញ្ញាណ និង​នៅ​លើ​ការ​គោរព​បូជា​បុព្វបុរស​ព្រមទាំង​ទំនៀម​ទម្លាប់​បុរាណ​ផង ។

ពេល ​នោះ ប្រទេស​ចិន​មិនធំ​ដូច​សព្វ​ថ្ងៃនេះ​ទេ ។ បណ្ដា​ខែត្រ​ខាងលិច​មិន​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ពួក​គេ​ទេ ។ ប្រទេស​ទីបេ​កាលនោះ​នៅ​ឯករាជ មិន​ទាន់​ជា​ទឹកដី​របស់​ចិន​នៅ​ឡើយ ។ ហើយ​ចិន​ប្រហែល​ជា​ត្រួតត្រា​បណ្ដា​ខែត្រ​ដែល​នៅ​ឆ្ងាយ​ពី​រាជធានី​មិនជា​ ច្រើន​ប៉ុន្មាន​ទេ ។ អំណាច​របស់​ចិន​នៅ​ពេល​នោះ គឺជា​អំណាច​ដែល​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ ចំពោះ​ប្រជាជន​ជា​ច្រើន​នៅ​ទិស​ខាងជើង និង​ខាង​និរតី ។ ពួក​អាណ្ណាម​នៅ​ខាងត្បូង និង​ពួក​កូរ៉េ​នៅ​ខាងជើង ដែល​មិន​ត្រឹមតែ​មិន​ទទួល​យក​អនុត្ដរភាព​របស់​ចិន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បះបោរ​ប្រឆាំង​ទៀត​ផង ។

ទោះជា ​យ៉ាងនេះ​ក្ដី នៅ​កន្លែង​ណា​ដែល​ចិន​វាត​អំណាច​ទៅ​ដល់ ពួក​គេ​ផ្សព្វផ្សាយ​អារ្យធម៌​របស់​គេ ហើយ​ប្រជាពលរដ្ឋ​ទទួល​យក​ទំនៀម​ទម្លាប់ ឧត្ដមគតិ ប្រពៃណី និង​ទស្សនវិជ្ជា​របស់​គេ ។

អ្វី​ដែល​ បាន​រៀបរាប់​មក​ខាងលើ​នេះ​គឺជា​អ្វី​ដែល​មាន​នៅ​លើ​ទឹកដី​ឥណ្ឌូចិន នៅ​ដើម​គ្រិស្ដសករាជ គឺ​មាន​ប្រជាជន​ដែល​រស់នៅ​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន ប្រជាជន​ដែល​គំរាម​កំហែង​មក​ពី​ខាងត្បូង និង​ប្រជាជន​ដែល​រស់នៅ​ភាគ​ខាងជើង​ដែល​នៅ​តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង និង​មាន​ប្រសិទ្ធភាព​មក​លើ​ឥណ្ឌូចិន​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

នៅ ​ពេល​ដែល​និយាយ​អំពី​ប្រវត្ដិសាស្ដ្រ​របស់​ប្រជាជន​កម្ពុជា យើង​ត្រូវ​តែ​និយាយ​អំពី​ប្រទេស​ទាំងអស់​នោះ​ដែរ ពីព្រោះ​ក្រៅ​តែ​ពី​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា​ដែល​ច្រើន​តែ​មាន​ទំនាក់​ទំនង​មិត្ដភាព​ជាមួយ​កម្ពុជា ប្រទេស​ជិតខាង​ឯទៀត​ច្រើន​តែ​មាន​ចម្បាំង​ជាមួយ​កម្ពុជា និង​មាន​ប្រទេស​ជា​ច្រើន​ដែល​កម្ពុជា​បាន​វាយ​កាន់កាប់​ដាក់​ជា​ ចំណុះ ។

ឥឡូវនេះ​យើង​ពិនិត្យ​មើល​ថា​ តើ​អាណាចក្រ​ខ្មែរ​ដ៏​ខ្លាំងក្លា​មួយ​នេះ​ចាប់​ផ្ដើម​ឡើង​យ៉ាង​ដូចម្ដេច​ រីក​ចម្រើន យ៉ាងណា ហើយ​តើ​ក្រោយ​ពី​ដណ្ដើម​បាន​ទឹកដី​ឥណ្ឌូចិន​ភាគ​កណ្ដាល​តាំងពី​ជើង​រហូត​មក​ ដល់​ត្បូង ពោល​គឺ អាង​ទន្លេមេគង្គ​ទាំងមូល​រួច​ហើយ​ ហេតុ​អ្វី​ក៏​ស្រាប់តែ​ត្រូវ​កាត់​ផ្ដាច់​អំពី​នគរ​ចំណុះ​ទាំងឡាយ​អស់​រលីង​ នៅ​សល់​តែ​ទឹកដី​តូច​មួយ​យ៉ាង​ដូច្នេះ ។ យើង​នឹង​ស្រាវជ្រាវ​មើល​បន្ទាប់​មក ថា​តើ​ការ​មក​ដល់​របស់​ពួក​បារាំង​បាន​ជួយ​ស្រោច​ស្រង់​ប្រទេស​នេះ​ពី​ កណ្ដាប់ដៃ​ពួក​សៀម​ដែល​ជា​សត្រូវ​១០០០​ឆ្នាំ និង​ពី​កណ្ដាប់ដៃ​ពួក​អាណ្ណាម ដែល​ឈ្លោះ​ជាមួយ​ខ្មែរ​៣​សតវត្សរ៍​រួច​មក​ហើយ​ដោយ​របៀប​ណា ។ នៅ​ទី​បញ្ចប់ យើង​នឹង​ពិនិត្យ​មើល​ថា ក្រោម​ឥទ្ធិពល​នៃ​អារ្យធម៌​បារាំង ប្រទេស​នេះ​ហាក់ដូច​ប្រែជា​មាន​វាសនា​មួយ​ផ្សេង ដទៃ​ពី​វាសនា​នៃ​ការ​ធ្លាក់​ចុះ​របស់​ខ្លួន​ដែល​ត្រៀម​ទុក​ដោយឡែក​កាលពី​ ថ្មីៗ​នៅ​ឡើយ ។

(1) ពាក្យ​ឡាវ «ដូន» មាន​ន័យ​ថា ភូមិ ។

(2) «កេង» មាន​ន័យ​ថា ល្បាក់ ។ «កាឡាហៃ» ជា​ពាក្យ​ត្រាប់​តាម​សំឡេង​ទឹក​ជួ​ដែល​ហូរ​នៅ​ចន្លោះ​ដុំ​ថ្ម​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា ឆាយ កាឆាយ ។

(3) ទន្លេ ​មេគង្គ​មាន​កម្លាំង​ចម្រើន​ដី​ល្បប់​ស្មើនឹង​ទន្លេ​នីល​គឺ ១៥​ភាគ​១០.០០០, ១០​ដង​ខ្លាំង​ជាង​ទន្លេ​រ៉ាំង​ ៨​ដង​ខ្លាំង​ជាង​ទន្លេ​សែន ។

(4) មហាសករាជ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​៧៩ នៃ​គ្រិស្ដសករាជ ។

(5) តាម​មើលទៅ ពួក​លេស្ដៃ​នៅ​ក្នុង​ផែនទី​របស់​ផ្ដូលេមេ គឺជា​ប្រជាជន​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា និង​កូសាំងស៊ីន​បច្ចុប្បន្ន ។ រីឯ​ទឹកដី​របស់​ពួក​សកៈ​នៅ​ក្នុង​រឿង​មហាភារតៈ ក៏​គឺ​ទឹកដី​នេះ​ដែរ ។

(6) សិលាចារឹក​វ៉ូកាញ់​បញ្ជាក់​ថា មាន​ពួក​ចាម​រស់នៅ​ជ្រលង​ភ្នំ​ញ៉ាត្រាង​នៅ​សតវត្សរ៍​ទី​៣​ ឯ​សិលាចារឹក​មីសឺន​ថា មាន​ចាម​នៅ​ឆកសមុទ្រ​ទួរ៉ាន ។ ពួក​ចាម​អាច​នឹង​មាន​វត្ដមាន​នៅ​ផានរ៉ាង និង​ប៊ិញធន់ រួច​ហើយ ។

(7) គេ ​មិន​បាន​ដឹង​អំពី​ឈ្មោះ​ដែល​ប្រទេស​នេះ​ដាក់​ឱ្យ​ខ្លួនឯង​មុន​នឹង​ប្រកាន់​ យក​ឈ្មោះ​ចាម្ប៉ា​នេះ​ទេ ។ ចំពោះ​ឈ្មោះ​ចាម្ប៉ា​នេះ​វិញ ប្រហែលជា​គេ​ដាក់​តាម​រដ្ឋ​ចាម្ប៉ា​របស់​ពួក​ហិណ្ឌូ​មួយ​ដែល​ស្ថិត​នៅ​ជិត​ ភ្នំ​ហិមាល័យ នៅ​ផ្នែក​ខាងជើង​រដ្ឋ​បញ្ចាប ។ អាច​និយាយ​ថា ឈ្មោះ​ចាម្ប៉ា​នេះ​វា​ប្រហាក់​ប្រហែល​នឹង​ឈ្មោះ​ដើម​ថា ជាម ឬ ជែម  ឬ សាន នៅ​រវាង​សតវត្សរ៍​ទី​២ ។ លោក ផ្ដូលេមេ ដូច​ជា​បាន​ស្គាល់​តែ​ឈ្មោះ​រាជធានី​បាលអង់វៃ ដែល​លោក​ហៅ​ថា សាបាន មាន​ន័យ​ថា​រាជធានី​របស់​ចា ឬ​សាន​ប៉ុណ្ណោះ ។ តាម​មើលទៅ​គឺ​ឈ្មោះ សាន នេះឯង​ដែល​ក្លាយ​មក​ជា ចាម្ប៉ា ហើយ​ដែល​ពួក​អ្នកនិពន្ធ​អារ៉ាប់​ហៅ​ថា ហ្សាង នៅ​សតវត្សរ៍​ទី​៨ ។

(8) រឿងព្រេង​កម្ពុជា​និយាយ​ថា មាន​ស្ដេច​ចាម​៦​អង្គ​សោយរាជ្យ ហើយ​មាន​ពួក​ខ្មែរ​ចេញ​មក​ពី​ឥទ្ទ្រប្រាស្ថៈ ក្បែរ​ទីក្រុង​ដែល្លី​សព្វថ្ងៃ មក​សុំ​រស់នៅ​ត្រង់​កន្លែង​ដែល​ពួក​គេ​រៀបចំ​រួច​ស្រេច​ហើយ ក្រោយមក​ពួក​ខ្មែរ​នេះ​ត្រូវរ៉ូវ​ជាមួយ​ពួក​នាគ បះបោរ​ប្រឆាំង ដេញ​ពួក​ចាម​ចេញ​ទៅ ។ តាម​ពួក​បញ្ញវន្ដ​កម្ពុជា​មួយ​ចំនួន​ដែល​ជឿ​ទៅ​លើ​រឿងព្រេង បាន​រៀបរាប់​ទៀត​ថា​ ពួក​ចាម​បាន​គេច​ខ្លួន​ទៅ​ដល់​ប្រទេស​លាវ រួច​បង្កើត​រដ្ឋ​ចំប៉ាសាក់​នៅ​ទីនោះ ។ រឿង​ស្ដេច​ចាម​៦​អង្គ​ពិតជា​មាន​សារសំខាន់​ណាស់ ក៏​ប៉ុន្ដែ​រឿងព្រេង​គ្មាន​អ្វី​ជា​សំអាង​ច្បាស់លាស់​ទេ ។ យើង​នឹង​ត្រលប់​មក​មើល​រឿង​នេះ​ទៀត​នៅ​ពេល​ក្រោយ ។

(9) ពាក្យ ប៉េហ្គូ នេះ ប្រហែលជា​ត្រូវ​នឹង​ពាក្យ​ ខៃសេ ​របស់​ផែនទី​ផ្ដូលេមេ និង​ពាក្យ​បទ​សា​ទ្វីប​របស់​ពួក​ហិណ្ឌូ ។

(10) ភាសា​អ្នកស្រុក​ហៅ​ថា តាវ៉យ​ ទនៈស្រី​ មន្ថ និង​មធមៈ ។

(11) កលិង្គៈ ជា​រដ្ឋ​មួយ​ក្នុង​ឥណ្ឌា​សម័យ​បុរាណ ស្ថិត​នៅ​លើ​ច្រាំង​ខាងកើត​នៃ​ឧបទ្វីប​ឥណ្ឌា បែរមុខ​មក​រក​ឥណ្ឌូចិន​ពី​ម្ខាង​នៃ​ឈូង​សមុទ្រ​បឹងហ្កាល់ ។ រដ្ឋ​នេះ​មាន​ស្រុក​៣ ដែល​គេ​ហៅ​រួម​គ្នា​ថា ត្រៃ​លិង្គៈ ក្រោយមក​ក្លាយ​ជា តិលិង្គៈ ឬ​តាលិង្គៈ ទី​បញ្ចប់​ជា តាលឹង ដែល​ជា​ស្រុក​ដើម​របស់​ពួក​ហិណ្ឌូ​ដែល​មក​រស់នៅ​ឥណ្ឌូចិន ។ តាលឹង ក៏​ជា​ឈ្មោះ​ដំបូង​របស់​ពួក​ប៉ាកាន​នៅ​ភូមា​ផង​ដែរ ។ ទាល់តែ​ច្រើន​សតវត្សរ៍​ក្រោយ​ពេល​ដែល​គេ​មក​ដល់​ឥណ្ឌូចិន ទើប​ពួក​កលិង្គៈ​ដូរ​ឈ្មោះ​ទៅ​ជា មន​ ម៉ង់ ឬ​ម៉ាង វិញ ដែល​ជា​ឈ្មោះ​ស្រុក​ចំណុះ​ឥណ្ឌា​សម័យ​បុរាណ​គឺ រមនញ្ញៈ ក្លាយទៅជា រមញ្ញៈ ជា ម័ញ ។

ពាក្យ ​កលិង្គៈ ឬ​ក្លឹង​នេះ​ សព្វថ្ងៃ​ប្រជាជន​កម្ពុជា​ប្រើ​សម្រាប់​ហៅ​ពួក​ហិណ្ឌូ​ រីឯ​ស្រុក​ក្លឹង​គឺ​សំដៅ​យក​ឥណ្ឌា​ជា​ទូទៅ ។​ទាំង​អស់នេះ​គឺ​ដោយហេតុ​ ថា ពួក​គេ​កន្លង​មក​ធ្លាប់​មាន​ទំនាក់​ទំនង​តែ​ជាមួយ​ពួក​ហិណ្ឌូ​នៅ​កូរ៉ូម៉ង់​ ដែល​គឺ​ពួក​កលិង្គៈ​នេះឯង ។

(12) ប្រហែល​ជា​៨​សតវត្សរ៍​មុន​គ្រិស្ដសករាជ ។

(13) នៅ​ឥណ្ឌា​គេ​ហៅ​ទាំង​ពួក​ក្រិក ពួក​អ្នកស្រុក​ទៀបកោះ​អារ៉ាប់ និង​ពួក​អ្នក​រស់នៅ​ខាងលិច​ស្រុក​ពែរ្ស​ថា​ជា រ៉ូម៉ាំង រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ ពីព្រោះ​ពួក​នោះ​ធ្លាប់​ជា​ចំណុះ​របស់​រ៉ូម ។

 

ត្រលប់ទៅ​មាតិកា​រឿង

 


Home