ប្រវត្តិសាស្ត្រប្រទេសកម្ពុជា
និពន្ធដោយលោក អាដេម៉ារ ឡឺក្លែរ
ក្បាលទី១
ប្រទេសកម្ពុជា តាមរឿងនិទាន និងសិលាចារឹក
ជំពូកទី២
វយធបុរៈ និង សម្ភុបុរៈ
ដូចដែលខ្ញុំបាននិយាយពីខាងដើមរួចមកហើយ តាមមើលទៅពួកចិនប្រើពាក្យហ្វូណនសម្រាប់ហៅទឹកដីទាំងមូលដែល លាតសន្ធឹងពីសមុទ្រខាងត្បូង និងពាមនៃទន្លេមេគង្គរហូតទៅដល់ល្បាក់ខោននៅខាងជើង និងចាប់ពីជួរភ្នំអាណ្ណាមនៅខាងកើត ដែលរួមមានទាំងទឹកដីប៊ិញធន់សព្វថ្ងៃផង រហូតទៅដល់ឈូងសមុទ្រសៀម និងជួរភ្នំតេណាស់សេរីមនៅខាងលិច ហើយអាចរាប់បញ្ចូលទាំងដែនដីចំណុះហិណ្ឌូ មាននៅតេណាស់សេរីម សមុទ្រ មែរហ្គុយ តាវ៉យ និងម៉ាតា ផងដែរ ។
ទឹកដីដ៏ធំធេងនេះជាអាណាចក្រមួយ គ្រប់គ្រងដោយពួកហិណ្ឌូ ពោលគឺ មានប្រជារាស្ដ្រជាអ្នកស្រុកដើមដែលកំពុងតែទទួលយកទំនៀមទម្លាប់ ប្រពៃណីពួកបរទេសដែលមកឈ្លានពាន ។ ម្យ៉ាងទៀត អាណាចក្រដ៏ធំនេះ នៅមិនទាន់បានបង្រួបបង្រួមដោយព្រះរាជាហ្វូណនមួយអង្គណាមួយនៅឡើយ ដែរ ។ មានក្សត្រប្រទេសជាច្រើនដែលក្សត្រមួយអង្គៗ យល់ព្រមធ្វើជាចំណុះនគរហ្វូណន ក៏ដោយសារប្រទេសនេះមានអំណាចខ្លាំងក្លាជាង ព្រោះគ្រប់គ្រងមាត់ពាមទន្លេមេគង្គ ។ ក៏ប៉ុន្ដែ ក្សត្រប្រទេសនីមួយៗឯករាជ្យដាច់ៗពីគ្នា មិនមានចំណុះគ្នាទេ គឺស្ថិតនៅក្រោមការត្រួតត្រារបស់មហាក្សត្ររបស់ខ្លួនដែលចំណុះឱ្យ ព្រះរាជាហ្វូណន ។
ម្យ៉ាងទៀតវាហាក់ដូចជាបណ្ដាក្សត្រប្រទេសទាំងអស់នោះមានស្ដេចសោយរាជ្យ ឬក៏មេកោយជាក្សត្រ ដែលមានឈាមជ័រជាហិណ្ឌូ ចេញពីត្រកូលតែមួយ បើហោចណាស់ក៏ចំពោះបណ្ដាប្រទេសដែលនៅជាប់នឹងមាត់សមុទ្រខាងត្បូង ដែរ ។ ក្សត្រទាំងអស់នោះមានព្រះឋានៈជា «វរ្ម័ន» មានន័យថា «អ្នកការពារ» (1) ។ ពួកគេច្រើនគោរពបូជាព្រះសិវៈ ឬព្រះវិស្ណុ ក៏ប៉ុន្ដែ ប្រជាជនបានកាន់ព្រះពុទ្ធសាសនារួចទៅហើយ (2) ។
តាមមើលទៅ បណ្ដាក្សត្រប្រទេសទាំងអស់នោះ ប្រហែលជាមានច្បាំងគ្នាទៅវិញទៅមកជាញឹកញាប់ដូចនៅប្រទេសបារាំង កាលពីសម័យយុគកណ្ដាលអ៊ីចឹងដែរ ដែលស្ដេចត្រាញ់ច្បាំងគ្នាទៅវិញទៅមក តែព្រះចៅអធិរាជមិនមានធ្វើអន្ដរាគមន៍អ្វីទេ ដរាបណាស្ដេចត្រាញ់នីមួយៗនោះមិនបានគេចវេះចេញពីការគ្រប់គ្រងរបស់ ព្រះអង្គ ឬក៏មិនបានលះបង់កាតព្វកិច្ចជាសម្ភារៈ ឬជាស្មារតី ដែលមានផលប្រយោជន៍ដល់ព្រះអង្គទេ ។ មានក្សត្រប្រទេសពីរដែលប្រកួតប្រជែងគ្នាជាពិសេស ៖ មួយគឺរដ្ឋដែលមានរាជធានីនៅវយធបុរៈ គឺនៅត្រង់ អង្គរបុរី (នគររាជបុរី) នៅក្នុងខែត្រព្រៃកប្បាសសព្វថ្ងៃ ដែលមានសំណល់ប្រាសាទនៅឡើយ ។ ក្សត្រប្រទេសមួយទៀតមានរាជធានីនៅសម្ភុបុរៈ (មានន័យថារាជធានីរបស់សម្ភុ -គឺព្រះសិវៈ) ដែលមានតឹកតាងប្រាសាទសេសសល់នៅសម្បូរសព្វថ្ងៃ ជាទីរួមស្រុកមួយនៅក្នុងខែត្រក្រចេះ ។
១- ស្រីស្រុទ្ទវរ្ម័ន
នៅសតវត្សរ៍ទី៥នៃសករាជ ព្រះរាជានៃនគរវយធបុរៈ (មានន័យថា នគរអ្នកប្រមាញ់) ព្រះនាមព្រះបាទ ស្រីស្រុទ្ទវរ្ម័ន (មានន័យថា អ្នកការពារពពួកវេទ) បានច្បាំងបង្រួបបង្រួម ហើយសោយរាជ្យលើក្សត្រប្រទេសទាំងពីរ ។
២- ស្រីស្រេស្ឋវរ្ម័ន
ព្រះរាជាដែលសោយរាជ្យបន្ដពីព្រះបាទស្រីស្រុទ្ទវរ្ម័នមានព្រះនាមថា ព្រះបាទស្រីស្រេស្ឋវរ្ម័ន (មានន័យថា អ្នកការពារដ៏ប្រសើរ)។
ឯកសារ ប្រវត្ដិសាស្ដ្រចិននៅចុងសតវត្សរ៍ទី៦ បាននិយាយអំពីរាជាណាចក្រថ្មីដែលកើតឡើងពីការបង្រួបបង្រួមក្សត្រ ប្រទេសទាំងពីរ ដោយដាក់ឈ្មោះថា ចេនឡា ។ ឯកសារបានលើកឡើងថា រាជាណាចក្រនេះ ពីមុនជាចំណុះរបស់នគរហ្វូណន ហើយព្រះរាជារបស់រាជាណាចក្រនេះទ្រង់មានព្រះឋានៈជាព្រះអធិរាជ ទោះបីព្រះអង្គចំណុះ និងលើកសួយសារអាករឱ្យនគរហ្វូណនក៏ដោយ ។ ព្រះអង្គបានវាយដណ្ដើមយកសម្ភុបុរៈដាក់បញ្ចូលមកក្នុងវយធបុរៈរបស់ ព្រះអង្គ ហើយប្រហែលជាបានវាយយកក្សត្រប្រទេសច្រើនទៀតផងដែរគឺដោយហេតុនោះ ទើបព្រះអង្គទ្រង់ប្រកាន់យកព្រះឋានៈជាព្រះអធិរាជ ព្រោះព្រះអង្គ និងបុព្វបុរសរបស់ព្រះអង្គបានធ្វើឱ្យក្សត្រឯទៀតៗចូលមកជា ចំណុះ ។
៣- ស្រីវីរវរ្ម័ន
ព្រះរាជាដែលសោយរាជ្យបន្ដពីព្រះបាទស្រីស្រេស្ឋវរ្ម័ន អាចជាព្រះបាទ ស្រីវីរវរ្ម័ន (3) ដែលតាមមើលទៅគឺជាព្រះរាជាចុងក្រោយរបស់វយធបុរៈ ដែលលើកសួយសារអាករថ្វាយព្រះបាទរុទ្រវរ្ម័ន (មានន័យថា អ្នកការពាររុទ្រ) នៃនគរហ្វូណនជាបច្ឆាញាតិព្រាហ្មណ៍កោណ្ឌញ្ញៈ ។
(1) ពាក្យថា វរ្ម័ន នេះ ជាឋានៈសម្រាប់ភ្ជាប់ពីខាងចុងឈ្មោះ ពួកក្សត្រិយៈ ដូចជាពាក្យ ស៌ម័ន សម្រាប់ភ្ជាប់ទៅនឹងឈ្មោះពួកព្រាហ្មណៈ ពាក្យ គុប្ដៈ សម្រាប់ភ្ជាប់ពីខាងចុងឈ្មោះ ពួកវេស្យៈ និងពាក្យ ទាសៈ សម្រាប់ភ្ជាប់ពីខាងចុងឈ្មោះរបស់ ពួកសូទ្រៈ អ៊ីចឹងដែរ ។ វរ្ម័ន ដូចជាព្រហ្ម័ន និងស៌ម័នដែរ គឺផ្សំឡើងពីពាក្យ វរៈ មានន័យថា គ្របដណ្ដប់លាក់ ។ រីឯពាក្យ ម័ន ជាពាក្យឥណ្ឌូអឺរ៉ុប ត្រូវនឹងពាក្យឡាតាំងថា men ដូចពាក្យ ag-men car-men no-men គឺជានាមនបុំសកលិង្គកម្រជានាមបុំលិង្គណាស់ និងជាការណនាម ដូចជាពាក្យ kar-man មានន័យថា សកម្មភាព ពាក្យ pre-man មានន័យថា ស្នេហា ។ ពាក្យនេះក៏អាចសំដៅយកវត្ថុដែលគេប្រើសម្រាប់ធ្វើសកម្មភាពអ្វីមួយ ផងដែរដូចពាក្យថា tokh-man មានន័យថា គ្រាប់ពូជ ។ ពាក្យសំស្ក្រឹត វរ្ម័ន អាចមានន័យថា ប្រើសម្រាប់ការពារ ដូចជាអាវុធការពារ ខែល ប្រៀបបានទៅនឹងពាក្យ គុបតិ ប្រែថា ការពារ ហើយបានក្លាយទៅជាសំណង់ការពារ ។ ន័យដើមរបស់ពាក្យនេះបានប្រែប្រួលទៅតាមពាក្យក្លាយនីមួយៗដូចជា នម័ន ឡាតាំងថា no-men ប្រែថា នាមពាក្យពែក្ស as-men ប្រែថា មេឃ ។ ពាក្យនបុំសកលិង្គនេះ ត្រូវគ្នានឹងពាក្យជាការកនាម ដូចជា ព្រហ្ម័ន វរ្ម័ន មានន័យថា អ្នកដែលការពារ ។ ព្រហ្ម័ន និងក្សត្រិយៈ គឺជាជម្រក (ស៌ម័ន) និងជាអ្នកការពារ (វរ្ម័ន) របស់ពួកវេស្យៈ ដែលមានឋានៈ គុប្ដៈ មានន័យថា អ្នកដែលគេការពារ ។
(2) កោះសិរីលង្កាដូចជាដូរកាន់ព្រះពុទ្ធសាសនានៅរវាងឆ្នាំ៤៣០ ហើយជ្វា និងចាម្ប៉ាក៏ប្រហែលជាបានទទួលឥទ្ធិពលនាពេលនោះដែរ ។ រីឯប្រទេសចិនវិញបានទទួលព្រះពុទ្ធសាសនា៣សតវត្សរ៍រួចមកហើយ ហើយសតវត្សរ៍ទី៤ ទី៥ និងទី៦ជាសម័យដែលមហារាជចិនបញ្ជូនរាជទូតទៅប្រទេសឥណ្ឌាចម្លង គម្ពីរ និងធ្វើទស្សនកិច្ចទៅកាន់ទីកន្លែងកំណើតរបស់ព្រះពុទ្ធ ។
(3) ព្រះរាជាអង្គនេះមិនមានព្រះនាមនៅក្នុងបណ្ដាព្រះរាជានៃប្រទេស កម្ពុជាសម័យមុនអាណាចក្រខ្មែររបស់លោក ម៉ាស្ពេរ៉ូ ទេ ។ ខ្ញុំគិតថាលោក ម៉ាស្ពេរ៉ូ គួរតែរាប់បញ្ចូលព្រះអង្គផង ។