វប្បធម៌ ចេនឡា
បណ្ឌិត មីសែល ត្រាណេ
ជំពូកទី១
១៥. ការបែកបាក់ចេនឡា
(តាមឯកសារចិន ៧០៦.៧៨០ នៃគ.ស)
ដូចបានពោលរួចមកហើយ តាមប្រភពឯកសារចិន អតីតព្រះរាជាណាចក្រកម្ពុជានៅជំនាន់នោះ ត្រូវបែងចែកជាពីរភាគ គឺចេនឡាគោក និងចេនឡាទឹក ។ ឯកសារចិនបានកត់ត្រាថា នៅក្រោយឆ្នាំ៧០៥-៧០៦ នៃគ្រិស្តសករាជ ស្តេចនៃប្រទេសសមន្តរាជទាំងឡាយ បានរលាស់ចំណងត្រួតត្រារបស់ចេនឡារួច ថែមទាំងធ្វើឲ្យអំណាចកណ្តាលនៃព្រះរាជាណាចក្រខ្មែរត្រូវបែកបាក់ទៀតផង ។ ហេតុដូច្នេះហើយបានជានៅសតវត្សទី៨ នៃគ្រិស្តសករាជ គេឃើញប្រទេសកម្ពុជាបែកចេញជាពីរ ។ ភូមិភាគទី១ គឺចេនឡាដីគោក ដែលចិនហៅថា វេនតា ស្ថិតនៅខាងជើងភ្នំដងរែក និងភូមិភាគទី២ គឺចេនឡាដីទឹក ស្ថិតនៅខាងក្រោមទន្លេមេគង្គ ។ ពាក្យចេនឡា ជាពាក្យកើតចេញពីពាក្យ «ជាន់លើ» តាមភាសាខ្មែរនៅខេត្តសុរិន្ទ បុរីរម្យ ។
ឯកសារចិនបានឲ្យដឹងថា ចេនឡាដីគោកបានលាតសន្ធឹងលើភូមិភាគឦសាននៃប្រទេសថៃបច្ចុប្បន្ន ដែលក្នុងនោះ គេត្រូវបញ្ចូលនូវអាងរបស់ដងស្ទឹងឡាំសី (ស្ទឹងជី) ដែលជាដៃខាងឆ្វេងនៃទន្លេសេមូនផងដែរ ។ តំបន់នេះត្រូវបានគេស្គាល់ឈ្មោះថា វេនតាន ប៉ុន្តែ បន្ទាប់មក មានឈ្មោះថា ប៉ូលាវ វិញ ។
ចេនឡាដីគោកបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ៧១៧-៧៣៣ និងឆ្នាំ៧៩៦ នៃគ្រិស្តសករាជ ។ ឯកសារចិនបានបញ្ជាក់ថែមទៀតថា ប្រតិភូខ្មែរស្ថិតនៅក្ចាវចេ ជាទីក្រុងចិនសម័យនោះ ។
ព្រឹត្តិការណ៍ដ៏សំខាន់នៅនាចុងសតវត្សរ៍ទី៨ នៃគ្រិស្តសករាជ ដែលគេត្រូវកត់ត្រាទុក គឺនាសម័យបុរាណនេះ ជាពិសេស ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គបានគ្រងរាជ្យនៅទីក្រុងវ្យាធបុរៈ បានត្រួតត្រាភូមិភាគនេះ ដែលស្ថិតក្នុងអាងរបស់មេគង្គ ហើយក្នុងនោះ មានរួមបញ្ចូលទាំងប្រទេសលាវបច្ចុប្បន្នផងដែរ ។ ចេនឡាទឹកស្ថិតនៅក្នុងភូមិភាគនៃវាលរាប ផ្នែកទំនាបរបស់ទន្លេមេគង្គ នៅចន្លោះភ្នំដងរែកផ្នែកខាងជើង និងសមុទ្រប៉ែកខាងត្បូង ។
សន្តតិវង្សរបស់បុស្ករៈ (សោមា) ប្រមាណជា ៧០៦ ដល់ ៧៧០ នៃគ្រិស្តសករាជ ព្រះបាទបុស្ករៈ (១/៤ទីមួយនៃសតវត្សរ៍ទី៨ គ.ស) ព្រះអង្គម្ចាស់របស់អនិន្ទិត្យបុរៈបានលូកលាន់អំណាច ហើយឡើងធ្វើជាស្ដេចគ្រប់គ្រងទីក្រុងសម្ភុបុរៈ ជាកន្លែងដែលព្រះអង្គបានបង្កើតឡើងនូវព្រះរាជសន្តតិវង្ស បើយើងសំអាងលើសសរស្ដម្ភ ៧១៦ ។
ព្រះបាទបាលាទិត្យ ( ពាក់កណ្ដាលសតវត្សរ៍ទី៨ នៃគ.ស) ទ្រង់ជាក្សត្រិយ៍របស់ទីក្រុងអនិន្ទិត្យបុរៈ ដែលប្រសូតឡើងក្នុងវង្សសោមា និងកោណ្ឌិន្យ ។ ដូចស្តេចនាជំនាន់មុនៗដែរ ព្រះអង្គបានបញ្ជូនភ្នាក់ងារទូតខ្មែរពីចេនឡាទឹកទៅកាន់ប្រទេសចិន នៅក្នុងឆ្នាំ៧៥០ នៃគ្រិស្តសករាជ ។
នៅសម័យនោះ គេឃើញមានការពង្រីកឥទ្ធិពលរបស់ស្តេចជ្វាមួយនៃទីក្រុងស្រីវិជ័យ ទៅលើភូមិភាគខាងជើងនៃជ្រោយម៉ាឡាយូ ដែលដើមឡើយជាតំបន់ស្ថិតក្រោមឥទ្ធិពលខ្មែរសម័យនគរភ្នំ ។
ក្នុងករណីនេះដែរ សូមរំលឹកថា ថ្មីៗនេះ ការរកឃើញចម្លាក់ជាតំណាងព្រះវិស្ណុនាសម័យនគរភ្នំ ក្នុងសតវត្សរ៍ទី៤-៥ នៃគ្រិស្តសករាជ ជាសក្ខីកម្មស្រាប់ ចំពោះស្លាកស្នាមនៃវប្បធម៌បុរេអង្គរក្នុងតំបន់ជ្វាម៉ាឡាយូនេះ ។ មហារាជនៃប្រទេសជ្វាបានកាន់កាប់តំបន់ លិគោរ រួចគ្របដណ្ដប់ដល់ភូមិភាគមាត់សមុទ្របានឌុង ដោយរួមបញ្ចូលទៅនឹងរដ្ឋទាំងឡាយរបស់សៃយ (ជយា) បើយើងយកសសរស្តម្ភលេខទី៧៧៥ ជាលក្ខណ៍ដ្ឋាន ។ តំបន់នេះ ដើមឡើយ ក៏ស្ថិតនៅក្រោមឥទ្ធិពលកម្ពុជាផងដែរ ដោយហេតុថាវាជាទឹកដីរបស់នគរភ្នំ ។
ដូច្នេះ គេឃើញមានចម្បាំងមួយបានកើតឡើងរវាងជនជាតិខ្មែរនិងម៉ាឡាយូ ចំពោះបញ្ហាអនុត្តរភាពនយោបាយ ។ ស្តេចដែលសោយរាជ្យបន្ត យើងពុំស្គាល់ព្រះនាមច្បាស់លាស់ទេ ក៏ប៉ុន្តែ សិលាចារឹកបានសរសេរថា ព្រះអង្គជាស្តេចមានព្រះជន្មក្មេង តែឆាប់យល់ការណ៍ ហើយសោយរាជ្យនៅទីក្រុងឥន្ទ្របុរៈ ។ ព្រះអង្គត្រូវទ័ពជ្វាធ្វើគតក្នុងទីក្រុងឥន្ទ្របុរៈ នៅពេលព្រះអង្គកំពុងធ្វើសង្គ្រាមដ៏ខ្លីមួយជាមួយមហារាជប្រទេសហ្សាបាគ នៃប្រទេសជ្វា ប្រហែលជានៅឆ្នាំ៧៨០ នៃគ្រិស្តសករាជ ។
កំណត់ហេតុចិនបានបញ្ជាក់ថា ភ្នាក់ងារទូតដែលជាព្រះរាជាខ្មែរព្រះនាមប៉ូមិ បានយាងទៅកាន់មហានគរចិននៅឆ្នាំ៧៧៨ នៃ គ្រិស្តសករាជ ព្រមជាមួយនឹងព្រះជាយារបស់ព្រះអង្គផ្ទាល់ ។ រាជទូតខ្មែរបាននាំយកដំរីដប់ និងប្រអប់មួយមានផ្ទុកគ្រឿងអលង្ការដ៏ច្រើន ទៅថ្វាយអធិរាជថៃចុង ។
ត្រលប់ទៅមាតិការឿង