ភ្លេងប្រពៃណីខ្មែរ - Economic Buddhism

Website

ភ្លេងប្រពៃណីខ្មែរ

ចែករំលែកចំណេះដឹង

 

ភ្លេង​ជា​សិល្បៈ​មួយ​ប្រភេទ​ដែល​អាច​បំបាត់​ ការ​អផ្សុក ឬ​ការ​ហត់​​នឿយ​​បាន​មួយ​គ្រា​ដែរ ។ អ្នក​ខ្លះ​និយម​ស្ដាប់​ភ្លេង​បុរាណ ខ្លះ​និយម​ស្ដាប់​ភ្លេង​សម័យ ។

នៅ​ប្រទេស​ខ្មែរ​ ការ​ប្រគំ​ភ្លេង​គឺ​ជា​ការ​ចាំបាច់​សម្រាប់​ញ៉ាំង​បរិយាកាស​ក្នុង​ពីធី​ បុណ្យទាន ពិធី​ទំនៀម​ទន្លាប់​ផ្សេងៗ​ឲ្យ​មាន​សភាព​លន្លង់​លន្លោច រីករាយ​រុងរឿង ឬ​អឹកធឹក​ឡើង ។ នៅ​ស្រុក​ខ្មែរ ភ្លេង​ដែល​គេ​និយម​ប្រើ​តាំង​ពី​បុរាណ​មក​មាន​ច្រើន​ប្រភេទ​ណាស់ ៖

ក. ភ្លេង​ពិណពាទ្យ

គេ​ហៅ​ភ្លេង​នេះ​ថា​ ពិណពាទ្យ មក​ពី​ក្នុង​ក្រុម​ភ្លេង​នេះ គេ​ប្រើ​ពិណ​ចាប់​ផ្ដើម​មុន​គេ ។ មាន​អ្នក​ខ្លះ​ហៅ​ភ្លេង​ពិណពាទ្យ​នេះ​ដោយ​ភ័ន​ច្រឡំ​ថា​ភ្លេង​សៀម តាម​ការ​ពិត​សៀម​យក​ពី​ខ្មែរ​យើង​ទៅ​វិញ​ទេ ។ សៀម​ហៅ​ភ្លេង​ពិណពាទ្យ​នេះ​ថា ប៉ីពាទ្យ (ពិផាត) ដោយ​ពី​ដើម​គេ​ប្រើ​ប៉ី ឬ​ស្រឡៃ​នាំ​មុខ​គេ ។ តាម​លោក ឈិម ក្រសេម បាន​ឲ្យ​ដឹង​ថា ភ្លេង​ពិណពាទ្យ​នេះ​មាន​កំណើត​មក​ពី​ប្រទេស​ឥណ្ឌា​តាំង​ពី​ព្រេង​នាយ​ ហើយ​ត្រូវ​បាន​ខ្មែរ​យើង​កែប្រែ​ផ្លាស់​ប្ដូរ​ថែម​ថយ​គ្រឿង​ភ្លេង​ឲ្យ​ក្លាយ ​មក​ជា​របស់​ខ្មែរ ។ គេ​បាន​រៀប​ភ្លេង​ពិណពាទ្យ​ជា​ពីរ​វង់​គឺៈ ពិណពាទ្យ​វង់​តូច (មាន​ប្រដាប់​ ៥ ​គ្រឿង) និង​ពិណពាទ្យ​វង់​ធំ (មាន​ប្រដាប់​ ១០​គ្រឿង) ។ នៅ​ក្នុង​ព្រះរាជ​វាំង​មាន​ភ្លេង​ពិណពាទ្យ​ពិសេស​មួយ​បែប​ហៅ​ថា ក្រុម​មហោរី​ព្រះរាជ​ទ្រព្យ (មាន​គ្រឿង​ចម្រុះ​ច្រើន​បែប​យ៉ាង​រហូត​ដល់​ ១៦ ​គ្រឿង) ។

នៅ​ប្រទេស​ខ្មែរ​យើង គេ​លេង​ភ្លេង​ពិណពាទ្យ​កំដរ​របាំ​បុរាណ​ក្នុង​ពិធី​បួងសួង (បន់ស្រន់ លាបំណន់) ពិធី​ក្នុង​សាសនា (បុណ្យ​កឋិន បំបួស​នាគ ផ្កា​ប្រាក់ ពុទ្ធា​ភិសេក…) និង​អាច​លេង​ក្នុង​ពិធី​កំដរ​បុណ្យ​សព ។

ខ. ភ្លេង​អារក្ខ

គឺ​ភ្លេង​ដែល​ប្រគំ​ក្នុង​ការ​បញ្ចូល​ខ្មោច​ព្រាយ​បិសាច អារក្ខ អ្នក​តា ។ កាល​ណា​មាន​មនុស្ស​ឈឺ ហើយ​បើ​ចង់​ដឹង​អំពី​បុព្វហេតុ​នៃ​ជម្ងឺ គេ​លែង​ភ្លេង​អារក្ខ​ដើម្បី​បញ្ចូល​ខ្មោច លៀង​ខ្មោច ។ ក្រៅ​ពី​ប្រើ​ក្នុង​ការ​បញ្ចូល​ខ្មោច និង​លៀង​ខ្មោច គេ​អាច​ប្រើ​ក្នុង​ការ​ឡើង​អ្នក​តា​ដែរ ។

តាមការ​ស្រាវជ្រាវ​របស់​ក្រុម​ប្រជុំ​ទំនៀមទម្លាប់ (លោក ជឹម ឈុំ) បាន​ឲ្យ​ដឹង​ថា​ភ្លេង​អារក្ខ​នេះ​មាន​កំណើត​មក​ពី​ក្មេង​លេង​បាយឡុក​បាយ​ ឡ ។ មាន​រឿង​ដំណាល​តៗ​គ្នាថា នៅ​ក្នុង​ភូមិ​មួយ​មាន​ក្មេង​ប្រុស​ស្រី​ជាច្រើន​បាន​ប្រជុំ​គ្នា​លេង​ដោយ​ មាន​អ្នក​ខ្លះ​ធ្វើ​ជា​ភ្ញៀវ ខ្លះ​ធ្វើ​ជា​កូន ហើយ​នាំ​គ្នា​ផឹក​ស៊ី​ស្រឹង​ដេក​ដួល​ស្រែក​ហ៊ោកញ្ជ្រៀវ​សប្បាយ​រាល់ៗ​ ថ្ងៃ ។ លុះ​លេង​យូរ​ទៅ​ក៏​វក់​លេង​ទាំង​យប់​ទាំង​ថ្ងៃ​ភ្លេច​បាយ​ទឹក​ ដេក​ពួន ឪពុក​ម្ដាយ​ឃាត់​យ៉ាង​ណា​​ក៏​ពុំ​ស្ដាប់ ។ ដោយ​ឃើញ​ហេតុ​ចម្លែក​យ៉ាង​នេះ ចាស់ៗ​ក៏​នឹក​ថា​ប្រហែល​ជា​មាន​ខ្មោច​ព្រាយ​អ្វី​មក​ពង្វក់​ចិត្ត​ក្មេង​ ទាំង​នេះ ហើយ​ទើប​នាំ​គ្នា​​បន់​ស្រន់​ឡើង ។ នៅ​ពេល​ដែល​គេ​នឹកនា​រក​ខ្លួន ពេល​នោះ​ខ្មោច​ក៏​ឆ្លៀត​ឱកាស​ចូល​មក​សន្ធិត​ក្នុង​ខ្លួន​ក្មេង​ម្នាក់​ភ្លាម ​ ហើយ​បញ្ជា​ឲ្យ​ចាស់ៗ​ទាំង​នោះ​រៀប​សំណែន​ដោយ​មាន​លេង​ភ្លេង​ថ្វាយ​ពួក​គេ​ ផង ។ លុះ​បាន​ផឹក​ស៊ី​ឆ្អែត​ស្កប់​ស្កល់​ហើយ ខ្មោច​ក៏​ចាក​ចេញ​ពី​រូប​ក្មេង​នោះ​ទៅ ឯ​ពួក​ក្មេង​ក៏​ឈប់​វក់​លេង​ដូច​មុន​ទៀត ។ ចាប់​ពី​ពេល​នោះ​មក​ចាស់ៗ​ក៏​មាន​ជំនឿ​ព្រម​ទាំង​យក​ខ្មោច​ជាទី​គោរព​ ទីពឹង​ក្នុង​គ្រា​មាន​ភ័យ​អាសន្ន ។

គ. ភ្លេង​ខ្មែរ

ជា​ភ្លេង​មង្គល​ ហេតុ​នេះ​ហើយ​បាន​ជា​គេ​លេង​តែ​ក្នុង​ពិធី​ដែល​ជា​មង្គល ​ដូច​ជា​ ពិធី​បញ្ចេញ​ម្លប់​កូន​ស្រី ពិធី​មង្គលការ​ ជា​ដើម ។ ភ្លេង​ខ្មែរ​ដែល​លេង​ក្នុង​ពិធី​មង្គល​និមួយៗ​មិន​ត្រឹម​តែ​ញ៉ាំង​ឲ្យ​ បរិយាកាស​ឲ្យ​អឹកធឹក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​មក​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​​ថែម​ទៀត​ផង ដែល​ចាស់​ទុំ​ខ្លះ​បាន​ប្រកាន់​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន​ ។ ភ្លេង​ខ្មែរ​សម្រាប់​ពិធី​មង្គល​ការ​មាន​ច្រើន​បទ​ណាស់​សម្រាប់​កំដរ​ក្នុង​ កម្មវិធី​និមួយៗ ដូចជា បទ​ហែ​កូន​កម្លោះ​ចូល​រោង ហែ​កំណត់ ស៊ី​ស្លា​ថង់​រង កាត់​សក់ សែន​ក្រុង​ពាលី កូន​ប្រុស​សំពះ​ពេលា កូន​ស្រី​ចេញ​ផ្ទឹម ចង​ដៃ​ បង្វិល​ពពិល… ។

បទ​ភ្លេង​ខ្មែរ​ខ្លះ​មាន​ទំនាក់​ទំនង​ទៅ​នឹង​រឿង​ព្រេង​របស់​ខ្មែរ​ ដូចជា បទ​ខ្ទោរ ខ្នង​ភ្នំ របង​រមាស បន្ទាយ​ប្រសាទ ជ្រង ជ្រង​ស្រងាត់ ទ្រាំង ដោះក្រាល កន្លេង លេង​នៅ​ពេល​លៀង​ភោជនាហារ​ថ្ងៃ​ត្រង់ (ក្រោយ​ពេល​ស៊ី​ស្លា​កំណត់) ដោយ​យក​តម្រាប់​តាម​តា​ដុង​យាយ​ជ័យ ដែល​ឲ្យ​អ្នក​ភ្លេង​លេង​បទ​ទាំង​នេះ​ថ្វាយ​អ្នក​តា​ព្រៃ​ដើម្បី​លា​មាត់​លា​ ក​គាត់​កាល​ដែល​បន់​ស្រន់​នៅ​ក្នុង​ព្រៃ​ ហើយ​វង្វេង​ផ្លូវ​នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​រៀបការ​កូន​ស្រី ។ បទ​ព្រះ​ថោង​នាង​នាគ​ដែល​ប្រើ​លេង​នៅ​ពេល​សំពះ​ផ្ទឹម​កើត​មាន​ឡើង​ក្នុង​ រជ្ជកាល​ព្រះ​ថោង (ហ៊ុន ទៀន) ដែល​ជា​បឋម​ក្សត្រ​ខ្មែរ ។ ព្រះអង្គ​បាន​រៀប​អភិសេក​ជា​មួយ​នឹង​នាង​ទាវតី (លីវយី) ដែល​ជា​បុត្រី​ស្ដេច​ភូជង្គនាគ លុះ​រៀបការ​នៅ​ឋាន​មនុស្ស​លោក​រួច​ហើយ ស្ដេច​ភូជង្គ​នាគ​បាន​នាំ​ព្រះ​ថោង​ទៅ​ជប់​លៀង​នៅ​ឋាន​បាតាល​ម្ដង​ ទៀត ។ ដោយ​ព្រះ​ថោង​ពុំ​ចេះ​វិជ្ជា​ជ្រែក​ទឹក គេ​ឲ្យ​ព្រះ​ថោង​តោង​កន្ទុយ​នាង​នាគ​ទើប​អាច​ចុះ​ទៅ​បាន ។

អាស្រ័យ​ដូច​មាន​រឿង​រាវ​ខាង​លើ​នេះ ទើប​គេ​និយម​លេង​បទ​ព្រះថោង​នាង​នាគ​រហូត​មក ​ព្រម​ទាំង​មាន​ទំនៀម​ឲ្យ​កូន​កម្លោះ​តោង​ជាយ​ស្បៃ​កូន​ស្រី​ចូល​ក្នុង​ បន្ទប់​ទៀត​ផង ។

ឃ. ភ្លេង​ឆៃយ៉ាំ

គេ​លេង​ភ្លេង​ឆៃយ៉ាំ​តែ​ក្នុង​ពិធី​ណា​ដែល​ជា​ទី​រីករាយ​ដូចជា​ លេង​កំដរ​ពិធី​បុណ្យ​កឋិន បុណ្យ​ផ្កា បំបួស​នាគ​ ជា​ដើម ។ ភ្លេង​ឆៃយ៉ាំ​គឺ​ជា​ភ្លេង​ដែល​រំភើប​សប្បាយ​ខុស​ប្លែក​ពី​ភ្លេង​ឯ​ ទៀត ។ គេ​មិន​ទាន់​បាន​ដឹង​ច្បាស់​លាស់​នូវ​ឡើយ​ទេ​អំពី​កំណើត​នៃ​ភ្លេង​ឆៃយ៉ាំ​ នេះ ។

ដោយ​សារ​ចង្វាក់​ភ្លេង​មាន​លក្ខណៈ​លោត​ភ្ញាក់ៗ​ អ្នក​ខ្លះ​ក៏​យល់​ថា​ភ្លេង​ឆៃយ៉ាំ​នេះ​ទំនង​ជា​មាន​កំណើត​មក​ពី​មនុស្ស​ ជំនាន់​ដើម​ដែល​តែង​តែ​មាន​សភាព​ភ្ញាក់​ផ្អើល​ក្លាច​រអើល​ប្រៀប​បាន​នឹង​ សត្វ​ព្រៃ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​មនុស្ស ។ អ្នក​ខ្លះ​ទៀត​យល់​ថា​មនុស្ស​នៅ​ពេល​ដែល​ធ្វើ​កិច្ច​ការ​អ្វី​មួយ​បាន​ទទួល​ ជោគជ័យ តែង​តែ​សប្បាយ​យ៉ាង​ខ្លាំង​ហើយ​ក៏​បង្កើត​ភ្លេង​ឆៃយ៉ាំ​នេះ​ឡើង​ដើម្បី​ រំលឹក​នូវ​ជ័យ​ជំនះ​នោះ ។

ង. ភ្លេង​មហោរី

ជា​ភ្លេង​ប្រជាប្រិយ​ដែល​មាន​លក្ខណៈ​ស្រាល​ជាង​ភ្លេង ​ពិណពាទ្យ ។ គេ​មិន​និយម​លេង​ភ្លេង​មហោរី​កំដរ​ពិធី​បុណ្យ​ទាន​ផ្ទាល់​ទេ ប៉ុន្តែ​គេ​លេង​កំដរ​បរិយាកាស​បាន​ដែរ ។ ជាទូទៅ​ គេ​លេង​ភ្លេង​មហោរី​កំដរ​ល្ខោន​មហោរី ។

ច. ភ្លេង​គង​ស្គរ

គឺ​ជា​ភ្លេង​ដែល​មាន​សភាព​ស្រងេះស្រងោច​លន្លង់​លន្លោច ហេតុ​នេះ​ហើយ​បាន​ជា​គេ​លេង​តែ​ពេល​មាន​មនុស្ស​ស្លាប់ ឬ​នៅ​ពេល​ធ្វើ​បុណ្យ​លើក​សព ។ ភ្លេង​គង​ស្គរ​នេះ​កើត​មាន​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ត្រសក់​ផ្អែម ព្រះ​អង្គ​ឲ្យ​អ្នក​ភ្លេង​លេង​បទ​នេះ​ឡើង​ដើម្បី​រំលឹក​នូវ​សម្លេង​សត្វ​យំ​ សព្វ​បែប​យ៉ាង​លាយឡំ​នឹង​ស្នូរ​ខ្យល់ ​ភ្លៀង ផ្គរ​រន្ទះ​កាល​ដែល​ព្រះ​អង្គ​ធ្លាប់​បាន​ស្ដាប់​ទាំង​យប់​ទាំង​ថ្ងៃ​ពេល​ ដែល​នៅ​ជា​ម្ចាស់​ចំការ​ត្រសក់​ផ្អែម​នៅ​ឡើយ ។ អ្នក​ខ្លះ​ហៅ​ភ្លេង​គង​ស្គរ​ថា​ភ្លេង ទាំមូងកន្ធ្រាំមូង ។

ឆ. ភ្លេង​ក្លងឆ្នាក់

ភ្លេង​ក្លងឆ្នាក់​​មាន​សភាព​ស្រងេះ​ស្រងោច​ណាស់ គេ​លេង​ភ្លេង​នេះ​កំដរ​បុណ្យ​សព​ ហែ​សព និង​បូជា​សព ។ អ្នក​ខ្លះ​ហៅ​ភ្លេង​ក្លងឆ្នាក់​តាម​សៀម​ថា ក្លងខែក ដែល​មាន​ន័យ​ថា ភ្លេង​ស្គរ​ជ្វា 

ជ. ភ្លេង​ស្គរ​យោល

ជា​ភ្លេង​របស់​កង​ទ័ព​ដែល​ព្យួរ​នៅ​លើ​ខ្នង​ដំរី ។ លុះ​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ គេ​យក​ភ្លេង​ស្គរ​យោល​សម្រាប់​កំដរ​បុណ្យ​សព និង​កំដរ​ពិធី​ប្រដាល់​ដោយ​សេរី (គុន​ខ្មែរ) ។

ឈ. ភ្លេង​ប៉ី​កែវ

គឺ​ជា​ភ្លេង​​មួយ​ដែល​ឋិត​នៅ​ក្នុង​ក្រុម​ភ្លេង​ព្រះរាជ​ទ្រព្យ ។ តាម​សេចក្ដី​រាយការណ៍​របស់​លោក បាន តេង គ្រូ​នៃ​ក្រុម​ភ្លេង​ព្រះរាជទ្រព្យ​បាន​ឲ្យ​ដឹង​ថា ភ្លេង​ប៉ី​កែវ​នេះ​គេ​ប្រើ​លេង​នៅ​ពេល​ចាក់​ទឹក​ដូង​ថ្វាយ​ព្រះ​បិដរ (សែន​ដូន​តា) នៅ​ក្នុង​ព្រះរាជវាំង ។

 យោបល់​រួម

តាម​ការ​រៀបរាប់​រួច​មក​ហើយ​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ភ្លេង​បុរាណ​ខ្មែរ​មាន​ច្រើន​ប្រភេទ​ច្រើន​វង់​ ហើយ​វង់​និមួយៗ​មិន​មែន​ចេះ​តែ​យក​ទៅ​ប្រគំ​លេង​បាន​គ្រប់​ពេល​វេលា​នោះ​ទេ គឺ​វា​មាន​លក្ខណៈ​ពិសេស​របស់​វា ​តម្រូវ​ទៅ​តាម​កម្ម​វិធី​បុណ្យទាន ពិធី​ផ្សេងៗ​ថែម​ទៀត​ផង ។ ឯ​តម្លៃ​របស់​ភ្លេង​និមួយៗ​គឺ​ឋិត​នៅ​ត្រង់​ចង្វាក់​ភ្លេង​សម​ស្រប​ទៅ​នឹង​ កិច្ច​ការ​ដែល​មនុស្ស​ខ្មែរ​តែង​ប្រព្រឹត្ត​ គឺ​មិន​លឿន​ពេក​មិន​យឺត​ពេក​ មាន​សភាព​ធម្មតា​ ទុក្ខ​សោក​ ស្រងេះ​ស្រងោច លន្លង់​លន្លោច សប្បាយ​រីក​រាយ ។ បទ​ភ្លេង​ខ្មែរ​មាន​សូរស័ព្ទ​រងំ​ ស្ដាប់​យូរ​ទៅ​កាន់​តែ​ពិរោះៗ​ឡើងៗ​ ហើយ​បទ​និមួយៗ​សុទ្ធ​តែ​មាន​ខ្លឹមសារ មិន​មែន​តែង​ឡើង​ដើម្បី​គ្រាន់​តែ​ពិរោះ​ស្ដាប់ ឬ​បញ្ចើច​បញ្ចើ​ឥត​ន័យ​នោះ​ឡើយ ៕

ប្រភពអត្ថបទៈ មេរៀន​មុខវិជ្ជា​អរិយធម៌ របស់អ្នកគ្រូ តាំង ជួន វិទ្យាល័យមង្គលបូរី ប.ជ

 

ឧបករណ៍​ភ្លេង​ប្រពៃណី​ខ្មែរ​


Home