​ព្រះស្ដេច​កនគំហើញ​ថ្មី - Economic Buddhism

Website

​ព្រះស្ដេច​កនគំហើញ​ថ្មី

ចែករំលែកចំណេះដឹង

. ព្រឹត្តិការណ៍ព្រះស្ដេចកន

របកគំហើញថ្មីរបស់សាស្ត្រាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ

 

ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​ព្រះមហាក្សត្រ​ខ្មែរ​ទី​៣៩ ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​កត់​សម្គាល់ ការ​ឆ្ងល់ ការ​ចោទ​ជា​សំណួរ​ច្រើន​ដែល​គ្មាន​ចម្លើយ ហើយ​នៅ​តែ​រក្សា​អាថ៌កំបាំងចាក់​ស្រេះ​ងងឹត ពុំ​អនុញ្ញាត​ឲ្យ​យើង​ស្គាល់​ជាក់​ច្បាស់​អំពី​អតីតកាល​ឡើយ ។

ពីព្រោះ​អ្វី​ជា​មូលដ្ឋាន​នៃ​ការ​ស្រាវជ្រាវ​ស្ថិត​នៅ​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ ដែល​បាន​សរសេរ​ដោយ​អ្នក​ឈ្នះ​គឺ​មន្ត្រី​រាជការ កវី​និពន្ធ​ស្ថិត​នៅ​ក្រោម​ឱវាទ​បទបញ្ជា​របស់​ព្រះមហាក្សត្រ​សោយរាជ្យ​បន្ត​ នៅ​កម្ពុជា ។ ក្រៅ​អំពី​នោះ យើង​ពុំ​មាន​ឯកសារ​ផ្សេង​ទៀត​អាច​ជា​ជំនួស​បាន​ឡើយ ។

ឯការចុះ​ទៅ​ដល់​ទី​កន្លែង​ទឹក​ដី​រាជធានី​ព្រះស្ដេច​កន​៤០០​ឆ្នាំ​ជាង​ក្រោយ​ ព្រឹត្តិការណ៍ គ្រាន់​តែ​ជា​ការ​ស្រាវជ្រាវ​បន្ថែម ស្វែង​រក​យល់​ព្រឹត្តិការណ៍​ខ្លះ អនុស្សាវរីយ៍​ដែល​នៅ​សេស​សល់​អំពី​រជ្ជកាល​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​តែ​ ប៉ុណ្ណោះ ។

ដូច្នេះ​យើង​បាន​ចងក្រង​ជា​ឯកសារ​បន្ថែម​ខ្លះទៀត​ទៅ​លើ​អ្វី​ជា​ពង្សាវតារ​ខ្មែរ​ដែល​ធ្លាប់​មាន ។

ឯកសារ​ពង្សាវតារ​ខ្មែរ

ឯកសារពង្សាវតារ​ខ្មែរ​ទូទៅ ជាស្នាដៃ​និពន្ធ​មួយ​ដែល​គេ​សរសេរ​រៀបរាប់ អួត កោត​សរសើរ​អំពី​ព្រះមហាក្សត្រ ។ អ្វី​ដែល​មិន​ល្អ ឬ​អាក្រក់ គេ​មិន​លើក​យក​មក​និយាយ​ទេ ។ ឯកសារ​ពង្សាវតារ​ខ្មែរ​មាន​ច្រើន​ប្រភេទ​ណាស់​ដែល​យើង​មិន​លើក​លម្អិត​មក​ សិក្សា​វែកញែក​ទេ ។

លក្ខណៈ​ទូទៅ

ជាទូទៅ ព្រះរាជពង្សាវតារ​ខ្មែរ​ត្រូវ​បាន​សរសេរ​ឡើង​ក្រោម​ការ​ត្រាស់​បង្គាប់​ពី​ ព្រះមហាក្សត្រ​ដែល​ចង់​ឲ្យ​កវី​និពន្ធ នាម៉ឺន​មុខ​មន្ត្រី អួត​សរសើរ​រម្លឹក​គុណបុណ្យ​បារមី​ព្រះមហាក្សត្រ​ទាំងឡាយ​ដែល​បន្ត​ វង្សត្រកូល​រៀង​មក ។

ដូច្នេះ កវីនិពន្ធ​ទាំង​នោះ​ត្រូវ​ដឹង​អំពី​តួនាទី​របស់​ខ្លួន​ ហើយ​ត្រូវ​ប្រើ​ពាក្យ​ពេចន៍​ដូចម្ដេច​ឲ្យ​បាន​សមរម្យ កុំ​ប៉ះពាល់​ដល់​របប​រាជានិយម និង​ស្ដេច​ទាំង​ពួង ។ ពាក្យ​មួយ​ម៉ាត់ៗ​ដែល​គេ​ប្រើ​ឈ្មោះ​ព្រះមហាក្សត្រ និង​គោរម្យងារ គេ​តែង​ផ្ចិតផ្ចង់​តម្រង់​មិន​ហ៊ាន​ឲ្យ​ខុស​ឡើយ ។ អ្វីៗ​ដែល​ទាក់ទង​ទៅ​នឹង​ព្រះរាជាភិសេក ការ​លើក​ពលរេហ៍​សេនា​ដង្ហែ​ព្រះមហាក្សត្រ គេ​មិន​បាន​បំភ្លេច​ទេ គេ​លើក​យក​មក​ពណ៌នា​យ៉ាង​ល្អិតល្អន់​ឥត​ខ្ចោះ ។ តែ​អ្វី​ដែល​ជា​រឿង​សៅហ្មង​មិន​ល្អ គេ​បែរ​ជា​ពុំ​ហ៊ាន​លាត​ត្រដាង ឬ​ពន្យល់​រក​ហេតុ​ផល​ឲ្យ​បាន​ក្បោះក្បាយ​ឡើយ ។

កវី​និពន្ធ​ព្រះរាជពង្សាវតារ​ខ្មែរ​មាន​ចែក​ជា​ពីរ​ក្រុម ឬ​ពីរ​ប្រភេទ ៖ ពួក​នាម៉ឺន​មន្ត្រី​រាជការ និង​ព្រះសង្ឃ ។

ស្នាដៃនិពន្ធ​របស់​មន្ត្រី​រាជការ ប្រើ​ពាក្យ​ពេចន៍​សម្អិត​សម្អាង​ទៅ​តាម​ប្រពៃណី​ស្ដេច ដោយ​គ្មាន​ភ្លេច​មួយ​ប្រយោគ​ណា​ទេ ។ ការ​និពន្ធ​របស់​ពួក​គេ មាន​លក្ខណៈ​ជា​សង្ខេប​អំពី​ព្រឹត្តិការណ៍​ផ្សេងៗ ។ ក្នុង​នោះ​គេ​ក៏​មិន​ភ្លេច​ឆ្លៀត​បញ្ចូល​តួនាទី និង​វត្តមាន​ដ៏​សំខាន់​របស់​មន្ត្រី​រាជការ​ដែរ ។ ជាក់ស្ដែង​មាន​ពង្សាវតារ​របស់​គណៈកម្មការ​សម្ដេច​វាំង ជួន ។

ចំណែក​ខាង​ព្រះសង្ឃ​វិញ ដូចជា​ពង្សាវតារ​វត្ត​ទឹកវិល លោក​មិន​ភ្លេច​ពាក្យ​ពេចន៍​ស្ដេច​នោះ​ទេ តែ​ការ​ប្រើ​ពាក្យ​ទាំងនោះ​មិន​សូវ​បាន​ល្អ ឬ​សមស្រប ។ ព្រះសង្ឃ​លោក​ច្រើន​សង្កត់​ទៅ​ផ្នែក​លម្អិត ហើយ​មាន​បន្ថែម​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​ច្រើន​ទាក់ទង​ទៅ​នឹង​មេទ័ព មន្ត្រី​ធំៗ​ដែល​ជា​វីរជន​ស្នេហា​ជាតិ ឬ​អ្នក​បះបោរ​ប្រឆាំង​ទៅ​នឹង​សង្គម​ជាតិ​ ប្រពៃណី ជំនឿ និង​ដីភូមិ ។

នៅទីបំផុត​អ្នក​ទាំង​នោះ ទាំង​អ្នក​មាន​បុណ្យ និង​មនុស្ស​អាក្រក់ សុទ្ធ​តែ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន ទូន្មាន រៀន​សូត្រ​ពី​ព្រះសង្ឃ ដូចជា ព្រះស្ដេច​កន​ជាដើម ។

បញ្ហា​វិធីសាស្ត្រ​និពន្ធ​ប្រវត្តិ​ព្រះស្ដេច​កន

ក្នុងផ្នែក​វិធីសាស្ត្រ​និពន្ធ​រៀបរាប់​អំពី​ប្រវត្តិ​រជ្ជកាល​ព្រះស្រីជេដ្ឋា​ ព្រះស្ដេច​កន ពង្សាវតារ​ខ្មែរ​ជាទូទៅ ប្រើ​ពាក្យ​សម្ដី​ត្រឹមត្រូវ​តាម​ពាក្យ​ស្ដេច​ទាំង​អស់ ពុំ​ហ៊ាន​ប្រើ​ពាក្យ​មិន​សមរម្យ​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​រូប​ព្រះអង្គ​ ឡើយ ។

ប៉ុន្តែ​យើង​កត់​សម្គាល់​ឃើញ​កវី​និពន្ធ​ទាំងនោះ ហាក់​បី​ដូចជា​មាន​ការ​ពិបាក​ច្រើន​ក្នុង​ការ​សរសេរ ។ មួយ​ត្រូវ​គោរព​បម្រើ​ផលប្រយោជន៍ លើក​គុណបារមី​កិត្តិយស ឫទ្ធី​អនុភាព​វង្សត្រកូល​ក្សត្រ និង​មួយ​ទៀត​ត្រូវ​លើក​អំពី​បុណ្យ​បារមី​របស់​ព្រះស្ដេច​កន​យក​មក​អធិប្បាយ កុំ​ឲ្យ​មាន​ខ្វះខាត​ភ្លេច​ព្រឹត្តិការណ៍​សំខាន់ៗ ។

ក្រុមមន្ត្រី​ក្នុង​វាំង ដូចជា គណៈកម្មការ​សម្ដេច​វាំង ជួន បាន​សរសេរ​ដាក់​បន្ថែម​ថា ព្រះអង្គ​ជា​ស្ដេច​ជ្រែក​រាជ្យ ។ ពាក្យ​ក្បត់ គេ​ពុំ​ឃើញ​អ្នក​និពន្ធ​លើក​យក​មក​ប្រើ​សម្រាប់​ចង្អុល​ទៅ​ព្រះស្ដេច​កន​ ឡើយ ។ តែ​គណៈកម្មការ​ក្រុម​មន្ត្រី ពុំ​ហ៊ាន​លើក​អំពី​គុណសម្បត្តិ និង​បុណ្យ​បារមី​ភាព​អច្ឆរិយៈ​របស់​ព្រះស្ដេច​កន​ទេ ។

ពង្សាវតារ​សម្ដេច​វាំង ជួន បាន​ត្រឹម​តែ​សរសេរ​អំពី​បុណ្យ​បារមី​ព្រះអង្គ​នៅ​ផ្នែក​ដើម​គឺ​ក្នុង​ខណៈ​ ដែល​ព្រះសង្ឃ​សត្ថា​បាន​សុបិន ។ បន្ទាប់​មក​ការ​ប៉ិនប្រសប់​ក្នុង​ការ​បាញ់​ធ្នូ​ម្ដង​៥ និង​ប្រាជ្ញា​វាងវៃ​ភ្លឺថ្លា​របស់​ព្រះអង្គ​ក៏​ត្រូវ​បាន​បក​ស្រាយ​បង្ហាញ​ ផង​ដែរ តែ​បន្ត​បន្ទាប់​មក គេ​ពុំ​បាន​បកស្រាយ​លើក​សរសើរ​ឲ្យ​តម្លៃ​ទេ ។ បន្តិចម្ដងៗ យើង​កត់សម្គាល់​ឃើញ​ក្រុម​កវី​និពន្ធ​ជា​មន្ត្រី​ព្រះមហាក្សត្រ​របស់​សម្ដេច ​វាំង ជួន សរសេរ​បន្ទាប​បន្ថោក​ព្រះអង្គ​ជាលំដាប់ បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះអង្គ​ចាញ់​ដោយ​សារ​គ្មាន​ប្រាជ្ញា​ក្នុង​ការ​ដឹកនាំ​បញ្ជា​ទ័ព ឥតមាន​បុណ្យ​ដូច​ព្រះអង្គ​ចន្ទរាជា​ឡើយ ។ ក្រុម​អ្នក​និពន្ធ​ទាំង​នេះ​បន្ថែម​ទៀត​ថា ព្រះអង្គ​គ្មាន​គិតគូរ​យក​ចិត្ត​ទុកដាក់​នឹង​ជោគវាសនា​ព្រះនគរ​ទេ ព្រះអង្គ​គិត​តែ​សប្បាយ​ស្រើប​ស្រាល​នឹង​ស្រី​ទាំង​ហ្វូងៗ ។

ផ្ទុយទៅ​វិញ គេ​នាំ​គ្នា​សរសើរ​លើក​តម្កើង​ព្រះអង្គ​ចន្ទរាជា និង​រៀបរាប់​វែកញែក​អធិប្បាយ​អំពី​អព្ភូតហេតុ និង​ប្រផ្នូល​ជាច្រើន​ដែល​បញ្ជាក់​បង្ហាញ​ថា ព្រះអង្គ​ចន្ទរាជា​ជា​អ្នក​មាន​បុណ្យ​អស្ចារ្យ មាន​ប្រាជ្ញា​ខ្លាំង​ពូកែ​ជាង​ព្រះស្ដេច​កន ។

ចំណែក​ពង្សាវតារ​ប្រទេស​កម្ពុជា ឬ​ពង្សាវតារ​វត្ត​ទឹកវិល​ដែល​និពន្ធ​ដោយ​ព្រះសង្ឃ ហាស់ ស៊ុក គេ ​សង្កេត​ឃើញ​មាន​លក្ខណៈ​វែង មិន​ខ្លី​ដូចជា​ពង្សាវតារ​សម្ដេច​វាំង ជួន មាន​ព្រឹត្តិការណ៍​ផ្សេងៗ​លម្អិត​ជាច្រើន បន្ថែម​ខុស​ច្រើន​ពី​គេ​ឯង ។

ពង្សាវតារក្រោយ​នេះ មិន​បាន​សរសេរ​ថា ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ជា​ស្ដេច​ជ្រែករាជ្យ​ទេ ។ ព្រះអង្គ​បាន​ឡើង​សោយរាជ​សម្បត្តិ​នៅ​ព្រះបរមរាជវាំង​ទួលបាសាន្ត ដោយ​ប្រាប្ដាភិសេក ឯកសារ​ប្រវត្តិសាស្ត្រ​នេះ​បាន​ដាក់​ចំណង​ជើង​ថា ផែនដី​ព្រះស្ដេច​កន ។

ពាក្យពេចន៍​ដែល​អ្នក​និពន្ធ​បាន​ប្រើ​ក្នុង​ការ​សរសេរ​សំដៅ​ទៅ​លើ​រូប​ព្រះស្ដេច ​កន​មាន​លក្ខណៈ​សមរម្យ គោរព​ឋានៈ​ព្រះអង្គ ក្រុម​គ្រួសារ និង​នាម៉ឺន​មុខ​មន្ត្រី​ទាំងអស់​តាម​ក្របខ័ណ្ឌ​កំណត់​ក្នុង​ភាសា​ ខ្មែរ ។ រាជសព្ទ​បាន​ប្រើ​ជានិច្ច​សម្រាប់​ព្រះអង្គ ដោយ​ទាំង​យ៉ាង​ច្បាស់​ថា ព្រះអង្គ​ជា​ព្រះមហាក្សត្រ​កម្ពុជា​ដោយ​គ្មាន​លាក់​លៀម ។

ម្យ៉ាងវិញទៀត ពី​ដើម​រហូត​ដល់​ព្រះស្ដេច​កន​ចូល​ទីវង្គត ពង្សាវតារ​វត្ត​ទឹកវិល​តែងតែ​លើក​យក​មក​និយាយ​ថា ព្រះអង្គ​ជា​អ្នក​មាន​បុណ្យ ។ ដំបូង​កាល​ព្រះស្ដេច​កន​ទើប​តែ​នឹង​កើត ហើ​ធ្លាក់​ទៅ​ក្នុង​ទឹក ត្រូវ​ត្រីពោ​លេប ទេវតា​ទៅ​ពន្យល់សប្ត​ឲ្យ​ព្រះសង្ឃ​សត្ថា​ដែល​ក្លាយ​ទៅ​ជា​សម្ដេចសង្ឃរាជ​បាន ​និយាយ​ប្រាប់​ព្រះពិជ័យ​នាគ​ជា​ឪពុក​ព្រះស្ដេច​កន​ថា «កូន​ឯង​នេះ​នឹង​មាន​បុណ្យ​ជា​ព្រះមហាក្សត្រ​ក្នុង​កម្ពុជា​នេះ​ហើយ» ។ អ្នក​និពន្ធ​សរសេរ​ទៀត​ថា «បណ្ដារាស្ត្រ ​ចូលចិត្ត​ថា ព្រះស្ដេច​កន​នេះ​ជា​អ្នក​មាន​បុណ្យ ទើប​អាណា​ប្រជានុរាស្ត្រ​នាំ​គ្នា​ថ្វាយ​បង្គំ​ចុះចូល​ជាច្រើន» ។ សូម្បី​តែ​សម្ដេច​ព្រះភាគិនេយ្យោ​ជា​ក្មួយ​ក៏​កោត​សរសើរ​ថា «ព្រះស្ដេច​កន​នេះ​មាន​បុណ្យ​អស្ចារ្យ​ណាស់» ។

ពង្សាវតារវត្ត​ទឹកវិល​បាន​អួត​កោត​សរសើរ​ប្រាជ្ញា​ឈ្លាសវៃ​របស់​ព្រះអង្គ​ក្នុង​ការ​ ចាត់​ចែង​រៀបចំ​កសាង​នគរ ចេះ​ធ្វើ​សង្គ្រាម មាន​ថ្វី​ដៃ​ទេពកោសល្យ​ក្នុង​ការ​បាញ់​ធ្នូ​ចេញ​ម្ដង​៥​តម្រង់​ត្រូវ​គោលដៅ​ ទាំង​៥​ខុស​គ្នា ។

មិន​តែ​ប៉ុណ្ណោះ​ព្រះស្ដេច​កន​ជា​ព្រះមហាក្សត្រ​គោរព​គ្រូបាធ្យាយ ឪពុក​ម្ដាយ និង​បង ចេះ​ដឹង​គុណ​អ្នក​ដែល​ធ្លាប់​ជួយ​ជ្រោម​ជ្រែង​ឧបត្ថម្ភ​ព្រះអង្គ ហើយ​ជា​ព្រះមហាក្សត្រ​និយម​ចូលចិត្ត​ធ្វើ​បុណ្យ​ទាន សាងសង់​វត្ត​អារាម គោរព​បូជា​ព្រះពុទ្ធសាសនា ។ ជាញឹកញាប់ រហូត​ដល់​ពេល​ព្រះអង្គ​ត្រូវ​អស់​ព្រះជន្ម ទេវតា​បារមី​តូច​ធំ​តែង​តែ​តាម​ថែរក្សា​ព្រះអង្គ មាន​ទាំង​មក​និមិត្ត​ជា​សុបិន​ប្រាប់​ពន្យល់​ទុក​ជាមុន​ក៏​មាន ។

ខុស​ប្លែក​ពី​ពង្សាវតារ​សម្ដេច​វាំង ជួន​ ដែល​និយាយ​ថា ព្រអង្គ​គ្មាន​មហេសី គិត​តែ​សប្បាយ​នឹង​ស្រី ចំណែក​ឯ​ពង្សាវតារ​វត្ត​ទឹកវិល​បាន​កត់ត្រា​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ថា ព្រះអង្គ​មាន​អ្នកម្នាង​ម្នាក់​ឈ្មោះ ជី​លែង ដែល​ជា​កូន​ ចៅពញា ហែង និង​នាង សួស ។ ឯកសារ​នេះ មិន​បាន​បញ្ជាក់​ ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ស្រឡាញ់​ពេញ​ចិត្ត​នឹង​អ្នកម្នាង​ប៉ុណ្ណា​ទេ តែ​សកម្មភាព​ខ្លះ​អាច​បញ្ជាក់​ថា ព្រះអង្គ​ស្រឡាញ់​​ពេញ​ចិត្ត​នឹង​អ្នកម្នាង​ណាស់ ។

ច្រក​ទ្វារ​ធំ​ខាងកើត​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​ត្រូវ​បាន​ដាក់​ឈ្មោះ ​ថា ទ្វារ​នាង​ជីលែង ឯ​ភូមិ​ជីលែង នៅ​ទិស​ខាងកើត​ដែរ ព្រមទាំង​ស្រះ​នៅ​ទីនោះ​សុទ្ធ​តែ​ត្រូវ​បាន​ដាក់​ឈ្មោះ​ព្រះនាង ហាក់​ដូចជា ព្រះស្រីជេដ្ឋា​មាន​បំណង​ចង់​ឲ្យ​ឈ្មោះ​អ្នកម្នាង និង​ស្នេហា​របស់​ព្រះអង្គ​ស្ថិត​នៅ​ជា​អមតៈ​បន្ត​ជារៀង​រហូត​ដល់​អវសាន​ ភ្លើង​ឆេះ​កល្ប ។ នៅ​ពេល​ដែល​ព្រះអង្គ​យាង​ទៅ​ថ្វាយ​បង្គំ​ព្រះអដ្ឋិធាតុ​ព្រះអរហន្ត​ឯ​វត្ត​ ព្រះធាតុ ព្រះអង្គ​បាន​នាំ​យក​អ្នកម្នាង​ទៅ​ជាមួយ ។ ពេល​ដែល​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ត្រូវ​រត់​ចាក​ចេញ​ចោល​រាជធានី​ស្រឡប់ ​ដូនតី​ពិជ័យ​ព្រៃនគរ អ្នកម្នាង​បាន​រត់​ទៅ​ជាមួយ រួមសុខ​រួមទុក្ខ​ជាមួយ​ព្រះអង្គ រួម​រហូត​ដល់​ថ្ងៃ​ស្លាប់​ជាមួយ​គ្នា ។

អ្នកម្នាង​ ជីលែង ដែល​ពង្សាវតារ​វត្ត​ទឹកវិល​បាន​លើក​យក​មក​រៀបរាប់​សរសើរ​នោះ​ទៅ​ណា​មក​ណា ទោះបី​ក្នុង​ព្រៃព្រឹក្សា​ក៏​ដោយ ក៏​មាន​ទេវតា​អារុក្ខ​អារក្ស​អ្នកតា មនុស្ស សត្វ ដូចជា សត្វ​ខ្លែង ស្រឡាញ់​រាប់​អាន​តាម​ជួយ​ថែរក្សា​ផ្គត់ផ្គង់​ជានិច្ច ។ អ្នកម្នាង​ក៏​និយម​ធ្វើ​បុណ្យទាន កសាង​វត្តអារាម គោរព​បូជា​ព្រះពុទ្ធសាសនា​ដែរ ។ មិន​តែ​ប៉ុណ្ណោះ កន្លែង​ដែល​អ្នកម្នាង និង​ស្ដេច​កន​ឆ្លង​កាត់​សុទ្ធ​តែ​បន្សល់​នូវ​ឈ្មោះ​រៀង​រហូត​មក​ដល់​ សព្វថ្ងៃ ។

ការ​រៀបរាប់​កោត​សរសើរ​បង្ហាញ​អំពី​អ្នកម្នាង ជីលែង ទោះបី​ជា​ពង្សាវតារ​វត្ត​ទឹកវិល​មិន​ហ៊ាន​បញ្ជាក់​អះអាង​ក៏​ដោយ ក៏​យើង​អាច​យល់​បាន​ដែរ​ថា អ្នក​និពន្ធ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នកម្នាង ជីលែង ស្នំឯក​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន ជា​អ្នក​មាន​បុណ្យ ជា​ស្រី​គ្រប់លក្ខណ៍ គឺ​ខុស​ពី​សេចក្ដី​ដែល​មាន​សរសេរ​ក្នុង​ពង្សាវតារ​សម្ដេច​វាំង ជួន ។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ពង្សាវតារ​វត្ត​ទឹកវិល​ត្រូវ​តែ​ងាក​មក​វាយ​បក​ព្រះស្ដេច​កន​ដែរ ។ ការ​វាយ​បក​បន្តុះបង្អាប់​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ស្ថិត​នៅ​លើ​ចំណុច​ តែ​មួយ​គឺ​ចង់​បញ្ជាក់​បង្ហាញ​ថា ព្រះអង្គ​ទន់​ខ្សោយ ឆាប់​ភ័យ​រន្ធត់ និង​ឆាប់​ខ្ញាល់ ខឹង​ខ្វះ​វិចារណញ្ញាណ គ្មាន​ការ​ពិចារណា ។

ព្រះស្ដេច​កន​បាន​ប្រហារ​ជីវិត​ហោរា​ហ៊ាន​ទស្សន៍ទាយ​ការ​ពិត​ថ្វាយ​ព្រះអង្គ ។ «ទ្រង់​មាន​វិតក្ក ទុក្ខ​ទោមនស្ស​ណាស់​រហូត​ដល់​ទ្រង់​ព្រះកន្សែង សោកស្ដាយ​ជា​ខ្លាំង» នៅ​ពេល​ដែល​ព្រះអង្គ​ជ្រាប​ថា ព្រះអង្គ​ចន្ទរាជា​វាយ​យក​បាន​ខេត្ត​ខាងលិច និង​ខាងជើង ព្រមទាំង​បាន​សម្លាប់​មេទ័ព​របស់​ព្រះអង្គ​ជាច្រើន ។

បន្ទាប់​មក​ទៀត នៅ​ពេល​ដែល​ទ័ព​របស់​ព្រះអង្គ​ត្រូវ​បរាជ័យ បាក់​នៅ​បន្ទាយលង្វែក «ព្រះស្រីជេដ្ឋា ​ក្រុង​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​ទ្រង់​បាន​ជ្រាប​ហើយ ទ្រង់​ញ័រ​ភ័យ​ខ្លាច​ព្រះបារមី​ថ្វី​ព្រះហត្ថ​នៃ​សម្ដេច​ចៅពញា​ចន្ទរាជា» ។

ពង្សាវតារវត្ត​ទឹកវិល​បាន​សរសេរ​ត្រង់​ចំណុច​ដដែល​នៅ​វគ្គ​ក្រោយ​ក្នុង​ពេល​ដែល​ ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​កំពុង​តែ​ជាប់​ចូល​អន្ទាក់​ក្នុង​ផ្លូវ​រំលង​ ដែល​មាន​ព្រំខ្ពស់​ដោត​អម​សាង​ខាង​ថា «ស្ដេច​កន​ក៏​ក្រាប​យំ​លើ​ខ្នង​សេះ» ។

ការបន្ថែម​បន្តិច​បន្តួច​ទាំង​នេះ មាន​តិចតួច​ស្ដួចស្ដើង​ណាស់ បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ការ​អួត​សរសើរ​វែកញែក​អធិប្បាយ​អំពី​បុណ្យ​បារមី​ ព្រះស្ដេច​កន ។ មិន​តែ​ប៉ុណ្ណោះ ការ​បន្ថែម​បន្ថយ​ទាំង​ប៉ុន្មាន បើ​យើង​ពិនិត្យ​មើល​ទៅ យើង​អាច​សម្គាល់​ឃើញ​ថា គ្មាន​ការ​ស៊ីសង្វាក់​សមស្រប​ទៅ​នឹង​បុណ្យ​បារមី ទឹក​ចិត្ត​ក្លាហាន​អង់អាច មាន​ថ្វីដៃ​គ្មាន​ប្រៀប និង​ប្រាជ្ញា​ភ្លឺថ្លា​មោះមុត​របស់​ព្រះអង្គ​ឡើយ ។

ព្រះស្ដេចកន​ដែល​រត់​រួច​អំពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​របស់​បងថ្លៃ ព្រះស្រីសុគន្ធបទ បាន​មក​បង្ក​ទ័ព​យោធា​នៅ​បាភ្នំ ប្រើ​ប្រាជ្ញា​កិច្ចកល​ធ្វើ​ឲ្យ​ព្រះអង្គ​ចន្ទរាជា រត់​ចោល​ស្រុក ហើយ​លើក​ទ័ព​បះបោរ​តស៊ូ​មក​ច្បាំង​យក​ជ័យ​ជម្នះ​លើ​កងទ័ព​ស្ដេច មិន​មែន​ជា​ស្ដេច​ធម្មតា គ្មាន​ការ​រិះគិត​ពិចារណា ឬ​ភ័យ​ខ្លាច​ញ័រ​រន្ធត់ ក្រាប​យំ​នោះ​ឡើយ ។ ព្រះអង្គ​ខំ​តស៊ូ​ព្យាយាម​ជានិច្ច មិន​សំចៃ​កម្លាំង ។

ទិដ្ឋភាព​នៃ​ការ​ចងក្រង​ឯកសារ​ពង្សាវតារ​ដូច​ដែល​យើង​បាន​លើក​យក​មក​និយាយ​ខាងលើ​នេះ អាច​បញ្ជាក់​ថា អ្នក​និពន្ធ​កវី ទោះបី​ជា​នៅ​ក្នុង​ប្រភព​ណា​ក៏​ដោយ​ក៏​មាន​ការ​ពិបាក​ជាច្រើន​ក្នុង​ការ​លើក ​យក​ព្រឹត្តិការណ៍​នីមួយៗ​នៃ​ប្រទេស​ជាតិ និង​សង្គម​យក​មក​អធិប្បាយ​វែកញែក​ឲ្យ​បាន​សមស្រប​ទៅ​តាម​ភាព​ពិត​ប្រាកដ​ និយម ។ កត្តា​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​មាន​ចម្ងល់ និង​សំណួរ​ជាច្រើន​ចំពោះ​ព្រឹត្តិការណ៍​ដែល​មាន​លក្ខណៈ​ស្រពិចស្រពិល មិន​ច្បាស់លាស់ បង្កប់​នូវ​អាថ៌កំបាំង​គ្មាន​ចម្លើយ ។

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ

ក្នុងការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​ព្រះស្ដេច​កន យើង​បាន​ជួប​ប្រទះ​នឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែល​យើង​ ជឿជាក់​ថា មាន​អត្ថន័យ​ទូលំទូលាយ បង្កប់​នូវ​ទស្សនៈ​ទ្រឹស្ដី​គ្រប់គ្រង​ប្រទេស​ជាតិ ព្រមទាំង​កត្តា​ផ្សេង​ទៀត​ដែល​ជា​មូលដ្ឋាន​ជាប់​ទាក់ទង​ទៅ​នឹង​ជោគវាសនា​ របស់​នគរ​ខ្មែរ ។

បញ្ហា​អំណាច

ចំណោទ ​ និង​បញ្ហា​ធំ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក៏​ដូច​ជា​ប្រទេស​ឯទៀត​ដែរ​គឺ អំណាច ។ តាម​រយៈ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ យើង​កត់​សម្គាល់​ឃើញ​ថា កង្វល់​ធំ​របស់​ព្រះមហាក្សត្រ​ខ្មែរ គឺ​ធ្វើ​ម្ដេច​រក្សា​អំណាច ឬ​រាជសម្បត្តិ​ឲ្យ​បាន​យូរ ។ បើ​អស់​ពី​ខ្លួន​ហើយ ត្រូវ​ធ្លាប់​ទៅ​កូន​ ទៅ​ចៅ ចៅទួត ចៅលួត ជាលំដាប់​លំដោយ រហូត​ដល់​ឆេះ​កល្ប ។ ដូច្នេះ ព្រះរាជា​ត្រូវ​តែ​ស្វះស្វែង​ខំប្រឹង​តាមដាន​មើល តើ​អ្នកណា​ជា​អ្នក​មាន​បុណ្យ អាច​មក​ដណ្ដើម​យក​អំណាច​រាជសម្បត្តិ​ពី​ខ្លួន ។ ជានិច្ចកាល អំណាច​រាជសម្បត្តិ​នេះ​ជា​ប្រភព​ជម្លោះ​សង្គរាម និង​ការ​បាត់​បង់​ទឹកដី​នៅ​កម្ពុជា​ដែល​បង្ក​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ព្រាត់ប្រាស​គ្រួសារ ស្លាប់ និង​រង​ភាព​ក្រីក្រ​វេទនា​រាប់​រយ​ឆ្នាំ មិន​ចប់ មិន​ហើយ ។

អ្វី​ជា​លក្ខណៈ​ពិសេស​នៅ​កម្ពុជា​គឺ​ព្រះមហាក្សត្រ​ខ្មែរ​តែង​តែ​ឲ្យ​តម្លៃ​ទៅ​លើ ​ការ​ទស្សន៍ទាយ​ការ​យល់សប្ត​ដើម្បី​ស្វែង​រក​អ្នក​មាន​បុណ្យ​ដែល​ខ្លួន​ចាត់ ​ទុក​ជា​សត្រូវ​ស្លាប់​រស់​ក្នុង​គោលបំណង​ធ្វើ​ឃាត​សម្លាប់​កម្ទេច​ចោល​មុន កុំ​ឲ្យ​កើត​មាន​កម្លាំង ។ ស្ដេច​ខ្មែរ​ក្នុង​បរិបទ​នេះ​មិន​បាន​បម្រើ​ផលប្រយោជន៍​របស់​ខ្លួន​ទេ តែ​បែរ​ជា​បង្កើត​ឲ្យ​មាន​ភាព​អស្ចារ្យ អច្ឆរិយៈ ឬ​ទេវកថា​របស់​សត្រូវ ហើយ​បែរ​ជា​ជំរុញ​ឲ្យ​សត្រូវ​ក្លាយ​ទៅ​ជា​អ្នក​មាន​បុណ្យ អ្នក​ហ៊ាន​ប្រឆាំង​នឹង​ស្ដេច​ដោយ​មិន​ដឹង​ខ្លួន និង​មិន​បាច់​ខំ ។

ស្ដេច​ដំបងក្រញូង​ ដែល​ខ្លាច​អស់​រាជសម្បត្តិ​បាន​ឲ្យ​ហោរា​ទស្សន៍ទាយ​មើល​ជតា​រាសី​របស់​ខ្លួន ​ដើម្បី​ចង់​ដឹង​ថា តើ​មាន​អ្នក​មាន​បុណ្យ​ណាមួយ​អាច​មក​ដណ្ដើម​រាជ្យ​ពី​ព្រះអង្គ​ឬ​ទេ ? លុះ​ឮ​ដូច្នេះ ស្ដេច​ដំបងក្រញូង​ក៏​ចេញ​បញ្ជា​ត្រាស់​បង្គាប់​ឲ្យ​អស់​មេទ័ព មន្ត្រី​រក​ចាប់ និង​ធ្វើ​ឃាត​អ្នក​មាន​បុណ្យ​នោះ ។

ស្ដេច​ពញាក្រែក ឬ​ព្រហ្មកិល កាល​បើ​កម្ចាត់​ស្ដេច​ដំបងក្រញូង​បាន​ជោគជ័យ​ហើយ​ឡើង​សោយរាជសម្បត្តិ​នៅ​ កម្ពុជា ក៏​ចាប់​ផ្ដើម​មាន​គំនិត​ដូច​ដំបងក្រញូង​ដែរ នៅ​ពេល​ដែល​សុបិន​ឃើញ​សត្វ​គ្រុឌ​ហោះ​ចេញ​ពី​ទិស​ខាងត្បូង មក​ខ្វេះ​យក​ភ្នែក​ព្រះអង្គ​ទាំង​គូ ។ ហោរា​បាន​ទាយ​ទូល​ថ្វាយ​ថា ៖

«អ្នក ​មាន​បុណ្យ​នឹង​យាង​មក​យក​រាជបល្ល័ង្ក ។ ឥឡូវ​នេះ​អ្នក​មាន​បុណ្យ​អាយុ​បាន​៧​ឆ្នាំ​ហើយ មាន​សញ្ញា​កងចក្រ​លើ​បាតដៃ និង​បាតជើង» ។

ទ្រង់ព្រះសណ្ដាប់​ឮ​ដូច្នេះ ស្ដេច​ពញាក្រែក​បញ្ជា​បង្គាប់​ឲ្យ​កេណ្ឌ​ក្មេង​ដែល​មាន​អាយុ​៧​ឆ្នាំ​មក​ឆែក ​មើល​បាតដៃ​បាតជើង​រក​អ្នក​មាន​បុណ្យ​ដើម្បី​យក​ទៅ​សម្លាប់​ចោល ។ កាល​នោះ​បក្សីចាំក្រុង​ដែល​មាន​អាយុ​ទើប​តែ​៧​ឆ្នាំ ត្រូវ​បាន​តាគហេ ព​អៀវ​នាំ​រត់​លូន​ចេញ​ពី​មហានគរ​សំដៅ​ទៅ​ដល់​ទិស​ខាងត្បូង ត្រង់​តំបន់​ព្រះវិហារសួគ៌​ចេញ​ទៅ​ដល់​ភ្នំបាសិទ្ធិ ។ ឯ​កងទ័ព​ពលរេហ៍​ស្ដេច​ពញាក្រែក​ចេះ​តែ​លើក​ដេញ​តាម​ធ្វើ​ឃាត​ក្មេង​អាយុ​៧​ ឆ្នាំ បក្សីចាំក្រុង មិន​ចេះ​ឈប់ ។

ចូល​មក​ដល់​រាជ្យ​ព្រះស្រីសុគន្ធបទ ព្រឹត្តិការណ៍​ដដែល​បាន​កើត​មាន​ទៀត​នៅ​ពេល​ដែល​ក្សត្រ​អង្គ​នេះ​បាន​សុបិន​និមិត្ត​ឃើញ ៖

«មាន ​នាគ​មួយ​ធំ​មាន​ឫទ្ធិមហិមា​មក​ដេញ​ព្រះអង្គ និង​មនុស្សម្នា​ឲ្យ​រត់​ចេញ​អស់​ពី​ព្រះរាជវាំង ហើយ​ព្រួស​ពិស​ជា​ភ្លើង ឆេះ​ដាល​ពេញ​ទាំង​ព្រះមហានគរ អំណាច​ភ្លើង​នោះ​ក្ដៅ​ពន់​ប្រមាណ ហើយ​ហាក់​ដូចជា​នាគ​នោះ​ស្ទុះ​ចូល​មក​ខាំពាំ​ស្វេតឆ័ត្រ​នាំ​ទៅ​កាន់​ ទិសបូព៌» ។

បន្ទាប់មក​ទៀត​ក្នុង​ឱកាស​ដែល​នាម៉ឺន​មន្ត្រី​ធំ​តូច​គ្រប់​ជាន់​ថ្នាក់​នាំ​គ្នា​ ចូល​គាល់​ ស្រាប់​តែ​ព្រះអង្គ​ក្រឡេក​មើល​ទៅ​ឃុនហ្លួង​ព្រះស្ដេច​កន ទ្រង់​ឃើញ​នាគ​ពីរ​ព័ទ្ធព័ន្ធ​ពី​លើ ហើយ​ងើប​ក្បាល​ហាក់​បីដូចជា​ចង់​ហក់​ស្ទុះ​ទៅ​ខាំ​ព្រះអង្គ ។ នាគ​ទាំងពីរ​នោះ​មាន​រូបរាង​ដូច​នាគ​ក្នុង​សុបិន​ព្រះអង្គ ។ ព្រះអង្គ​ភ័យ​ណាស់​ក៏​ឲ្យ​ហោរា​ទស្សន៍ទាយ ។

ហោរា​នោះ​ទាយ​ថា ៖ «រាជ ​សត្រូវ​នោះ​នៅ​ក្នុង​ព្រះនគរ ។ វា​កើត​ឆ្នាំ​រោង​ពង្សនាគ ។ ទំនាយ​នេះ​ត្រូវ​ត្រង់​ខ្លួន​ឃុនហ្លួង​ព្រះស្ដេច​កន ដ្បិត​ជតារាសី​របស់​វា​កំពុង​ឡើង​ខ្លាំង​ណាស់» ។

ដោយការ​យល់​សប្ត​ ការ​ស្រមៃ និង​ការ​ទស្សន៍ទាយ​របស់​ហោរា ព្រះមហាក្សត្រ​ខ្មែរ ព្រះស្រីសុគន្ធបទ​យល់​ឃើញ​ថា ព្រះស្ដេច​កន​ជា​អ្នក​មាន​បុណ្យ​អាច​មក​ដណ្ដើម​យក​អំណាច​ពី​ខ្លួន ។ ដូចនេះ​ព្រះស្ដេច​កន​ទោះបី​ជា​ប្អូន​ថ្លៃ​ក៏​ដោយ​ក៏​ជា​សត្រូវ​មួយ​ដែល​ ត្រូវ​កម្ទេច​ចោល​ជា​មុន​ដែរ​ដើម្បី​កុំ​ឲ្យ​លូតលាស់​ដុះ​ពេញ​រូបរាង​មាន​ កម្លាំង​ទាន់ ។

កាយវិការ​ព្រះស្រីសុគន្ធបទ​ដែល​សម្រេច​ចិត្ត​ប្រើ​ល្បិចកល​សម្លាប់​ព្រះស្ដេច​កន​ដោយ​ គ្មាន​មូលហេតុ​សច្ចៈ​យុត្តិធម៌ សំអាង​តែ​លើ​ការ​យល់​សប្ត បែរ​ជា​ជំរុញ​ឲ្យ​ព្រះស្ដេច​កន​ធ្លាប់​ជា​អ្នក​បម្រើ ឲ្យ​ក្លាយ​ជា​អ្នក​មានបុណ្យ ជា​អ្នក​មាន​គុណ​ក្នុង​ការ​រំដោះ​ប្រជានុរាស្ត្រ​រំលាយ​វណ្ណៈ​និយម​ទៅ​វិញ​ គឺ ព្រះស្រីសុគន្ធបទ​ជា​អ្នក​បង្កើត​ឲ្យ​មាន​អ្នក​មានបុណ្យ ។

បើយើង​ពិចារណា​ឲ្យ​បាន​ដិតដល់ យើង​កត់​សម្គាល់​ឃើញ​ថា ឥរិយាបថ​របស់​ស្ដេច​ដំបងក្រញូង ស្ដេច​ពញាក្រែក និង​ព្រះស្រីសុគន្ធបទ ជា​អំពើ​មួយ​ដែល​បង្កបង្កើត​បញ្ហា ដុត​ភ្លើង​សង្គ្រាម​ឲ្យ​មាន​កលិយុគ ចលាចល​វេទនា​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​ដឹង​ខ្លួន និង​ដោយ​ការ​ខ្វះខាត​ក្នុង​ការ​ពិចារណា ថ្លឹងថ្លែង​ឲ្យ​បាន​វែង​ឆ្ងាយ​ដល់​ជោគ​វាសនា​អនាគត​ប្រទេស​ជាតិ ។

តើទស្សនៈ​នេះ តើ​ការ​ក្ដិច​ត្រួ​គ្នា​បំផ្លាញ​មិន​ឲ្យ​មាន​អ្នក​ចេះដឹង​លូតលាស់​លើស​ខ្លួន ​នេះ ធ្លាប់​មាន​ស្នាម​ដាមជាប់​ក្នុង​សង្គម​ខ្មែរ​យើង​ឬ​ទេ ? ជា​ធម្មតា យើង​សង្កេត​ឃើញ​មាន​បុគ្គល​ខ្លះ​មាន​ការ​ចេះ​ដឹង​តិចតួច តែងតែ​រក​មធ្យោបាយ​ឧបាយ​គ្រប់​បែប​យ៉ាង​ដើម្បី​នឹង​បន្ទច់​បង្អាក់​បំបិទ​ បំបាំង​អ្នក​មាន​ប្រាជ្ញា​ភ្លឺថ្លា មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​កុំ​ឲ្យ​អ្នក​ដទៃ​អាច​មើល​ឃើញ ។ មិន​តែ​ប៉ុណ្ណោះ គេ​តែង​តែ​ចាត់​ទុក​អ្នក​នោះ​ជា​សត្រូវ​ដែល​ត្រូវ​តែ​បំផ្លាញ​ចោល គឺ​ខុស​ពី​ប្រទេស​ចិន​ក្នុង​សម័យ​ដើម​តែង​តែ​ប្រមូល​អ្នក​ប្រាជ្ញ​បណ្ឌិត​យក ​មក​នៅ​ជិត​ជុំ​វិញ​ទុក​ជា​ទីប្រឹក្សា ។

តួនាទី​ព្រះសង្ឃ

ក្នុងការ​តស៊ូ​ធ្វើ​សង្គ្រាម​រាំងជល​របស់​ព្រះស្ដេច​កន ព្រះសង្ឃ​ប្រហែល​ជា​បាន​ដើរ​តួ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ ព្រះអង្គ ។

ទោះបី​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​មិន​បាន​សរសេរ​កត់ត្រា​បញ្ជាក់​ក៏​ដោយ ក៏​យើង​សង្កេត​ឃើញ​ថា ព្រះសង្ឃ​សត្ថា គ្រូ​ព្រះស្ដេច​កន បាន​ដើរ​តួនាទី​មួយ​យ៉ាង​សំខាន់​ក្នុង​ព្រឹត្តិការណ៍​នា​សម័យ​កាល​ នោះ ។ ព្រះអង្គ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា បង្ហាត់​បង្រៀន​ហ្វឹកហ្វឺន​ព្រះស្ដេច​កន ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​ព្រះមហាក្សត្រ​កម្ពុជា ។

នៅពេល​ព្រះពិជ័យ​នាគ ត្រូវ​ជា​ឪពុក លើក​ទ័ព​ស្ដេច​មក​ច្បាំង​ទប់ទល់​នឹង​កូន​ព្រះស្ដេច​កន មាន​តែ​ព្រះសង្ឃ​សត្ថា​ទេ​មាន​ឥទ្ធិពល​អាច​បញ្ឈប់​ការ​ប្រយុទ្ធ​នោះ ហើយ​ផ្សះផ្សា​ឲ្យ​ឪពុក និង​កូន​ស្រុះ​ស្រួល​ជា​នឹង​គ្នា​វិញ ។ ព្រះសង្ឃ​សត្ថា​នេះ​បាន​ប្រកាស​ប្រាប់​ជា​មុន​ថា ព្រះស្ដេច​កន​ជា​ព្រះមហាក្សត្រ​ក្រុង​កម្ពុជា ។

មកដល់​ត្រង់​វគ្គ​នេះ យើង​កើត​មាន​ចម្ងល់​សួរ​ថា ហេតុ​ដូចម្ដេច​ព្រះសង្ឃ​សត្ថា​ជា​សម្ដេច​សង្ឃរាជ​បាន​ទទួល​ឋានៈ​បុណ្យស័ក្តិ និង​ការ​ទំនុក​បម្រុង​ពី​ព្រហស្រីសុគន្ធបទ​បែរ​ជា​ទៅ​ការពារ​គាំទ្រ​ ព្រះស្ដេច​កន​ទៅ​វិញ ?

ឥរិយាបថ​របស់​ ព្រះសង្ឃ​ក្នុង​ខណៈ​នេះ​អាច​ឆ្លុះ​បញ្ជាក់​ថា ព្រះមហាក្សត្រ​បាន​ប្រព្រឹត្ត​នូវ​អ្វី​មួយ​ដែល​គ្មាន​ទសពិធរាជធម៌ មាន​ការ​ក្ដៅ​ក្រហាយ​មិន​សប្បាយ​ចិត្ត​ ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​រង​ទុក្ខ​វេទនា ។ បរិយាកាស​អាប់​អួរ​អយុត្តិធម៌ មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជីវិត​ប្រជាជន​ អាច​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ការ​ប្រេះឆា មិន​ពេញ​ចិត្ត​ពី​ព្រះសង្ឃ ។

ដូច្នេះ ​ព្រះស្ដេច​កន​មាន​ការ​គាំទ្រ​យ៉ាង​សកម្ម​ពី​ព្រះសង្ឃ មាន​លទ្ធភាព​ទទួល​នូវ​ការ​គាំ្រទ្រ គោរព​ចុះ​ចូល​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ​អ្នក​ ដឹកនាំ ព្រះមហាក្សត្រ ដោយ​សង្ឃឹម​ថា នឹង​បាន​សេចក្ដី​សុខ និង​សុភមង្គល​ជា​មិន​ខាន ។ ដោយ​តំបន់​ព្រះវិហារសួគ៌​ជា​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា មាន​ប្រជារាស្ត្រ​គោរព​បូជា​ច្រើន ព្រះស្រីសុគន្ធបទ​ពុំ​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ទប់ទល់​កម្លាំង​ បដិវត្តន៍​របស់​ព្រះស្ដេច​កន​បាន​ឡើយ ។

ក្រោយ​មក​ចូល​ដល់​សម័យ​កាល​ព្រះអង្គ​ចន្ទរាជា​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ ព្រះអង្គ​បាន​យល់​អំពី​បញ្ហា​ព្រះសង្ឃ ហើយ​ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​ព្រះសង្ឃ​មួយ​ផ្នែក​ដែរ ។ ព្រះចៅ​អធិការ​វត្ត​បរិបូណ៌​ព្រះនាម ជ័យ មាន​ងារ​ជា​ មង្គលសត្ថា បាន​នាំ​យក​ទូក​ង សារាយអណ្ដែត មក​ថ្វាយ​ព្រះអង្គ​សម្រាប់​ធ្វើ​ជា​ព្រះទីនាំង​ចេញ​ច្បាំង​ត​ទល់​នឹង​ ព្រះស្ដេច​កន ។

ដូច្នេះ​អ្វី​ដែលពង្សាវតារ​ខ្មែរ​ពុំ​បាន​សរសេរ​កត់ត្រា​នោះ​គឺ​ព្រះពុទ្ធសាសនា​ខ្មែរ​ក្នុង​ សម័យកាល​នោះ​ត្រូវ​បែប​ជា​ពីរ​ដែល​បណ្ដាល​ឲ្យ​កម្លាំង​របស់​ព្រះស្រីជេដ្ឋា​ ព្រះស្ដេច​កន​ខាតបង់​អស់​មួយ​ផ្នែក​ធំ ។

ឯសង្គ្រាម​ប្រយុទ្ធ​គ្នា​រវាង​ព្រះស្ដេច​កន និង​ព្រះអង្គ​ចន្ទរាជា មិន​មែន​មាន​តែ​លើ​ផ្នែក​កាប់​ចាប់ បាញ់ វាយ​ប្រហារ​ដោយ​កម្លាំង​អាវុធ​ប៉ុណ្ណោះ​ទេ គឺ​មាន​សង្គ្រាម​មួយ​ទៀត​តាម​រយៈ​សាសនា និង​មនោគមវិជ្ជា​ទៀត ។

ម្យ៉ាងវិញ​ទៀត ទិដ្ឋភាព​ដែល​បញ្ជាក់​ថា ព្រះពុទ្ធសាសនា និង​ព្រះសង្ឃ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​អំណាច​របស់​ព្រះមហាក្សត្រ ​នោះ គឺ​ការ​តែងតាំង​ព្រះសង្ឃ​៧​អង្គ​ក្នុង​ការ​ទ្រទ្រង់​ព្រះរតនៈ និង​គណៈសង្ឃ ដែល​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន និង​ព្រះអង្គ​ចន្ទរាជា​បាន​អនុវត្ត​ធ្វើ​ដូច​គ្នា ។ នេះ​គឺ​ជា​វិធីសាស្ត្រ​នយោបាយ​ដើម្បី​គ្រប់គ្រង​កម្លាំង​សាសនា និង​ប្រជាជន ។

ព្រះពុទ្ធសាសនា ព្រះសង្ឃ និង​កន្លែង​ស័ក្តិសិទ្ធិ​ខ្លាំង​ពូកែ គេ​តែង​តែ​ទៅ​ធ្វើ​សក្ការៈ​គោរព​បូជា បាន​ក្លាយ​ទៅ​ជា​របស់​ដែល​គេ​ត្រូវ​តែ​ប្រវ័ញ្ច បញ្ចុះបញ្ចូល​មក​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ពង្រឹង​អំណាច​របស់​ស្ដេច ។ តួនាទី​នេះ គេ​ពុំ​អាច​បំភ្លេច​មិន​លើក​យក​អធិប្បាយ​ឡើយ​ក្នុង​អតីត​សង្គម ក៏​ដូច​ជា​ក្នុង​បច្ចុប្បន្ន​សង្គម ។

ព្រឹត្តិការណ៍​អាថ៌កំបាំង​ប៉ុនប៉ង​ធ្វើ​ឃាត​ព្រះស្ដេច​កន

ប្រវត្តិព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ដែល​ឯកសារ​ពង្សាវតារ​ខ្មែរ​ផ្សេងៗ​បាន​សរសេរ​ កត់ត្រា​ចម្លង​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ​បាន​បន្សល់​ទុក​នូវ​ចម្ងល់​ និង​អាថ៌កំបាំង​ជាច្រើន ។

ឯកសារ​ពង្សាវតារ​ខ្មែរ​ទាំងនោះ​បាន​និយាយ​អំពី​បុណ្យ​បារមី​ព្រះស្ដេច​កន​ដែល​ ព្រះស្រីសុគន្ធបទ​រៀប​ចំ​ល្បិច​កល​ដើម្បី​សម្លាប់​ព្រះស្ដេច​កន ។ ឯកសារ​ទាំងនោះ​បញ្ជាក់​ថា មន្ត្រីរាជា​ជាច្រើន​បាន​ច្រណែន​ស្អប់​ព្រះអង្គ ហើយ​បាន​បន្ត​ទៀតថា ព្រះអង្គ​ចន្ទរាជា​បាន​រត់​ភៀស​ខ្លួន​ចាក​ចេញ​ចោល​ទីក្រុង​ភ្នំពេញ​ទាំង​យប់ ​ដោយសារ​តែ​អន់​ចិត្ត​នឹង​ព្រះស្រីសុគន្ធបទ​ជា​បង និង​ខ្លាច​ព្រះស្ដេច​កន​លើក​ទ័ព​មក​វាយ​ប្រហារ​តាម​បញ្ជា​របស់​ស្ដេច ។

ការលើក​យក​ល្បិចកល​របស់​ព្រះមហាក្សត្រ​មក​បក​ស្រាយ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ ព្រះស្ដេច​កន និង​ការ​រត់​ចោល​ស្រុក​របស់​ព្រះអង្គ​ចន្ទរាជា មើល​ទៅ​ហាក់​ដូចជា​ងាយ​ពេក ហើយ​មិន​សម​ហេតុ​សម​ផល​ទៀត ។ ព្រះអង្គ​ចន្ទរាជា​គង់​នៅ​ទីក្រុង​ភ្នំពេញ​ជិត​ទួលបាសាន្ត ចំណែក​ឯ​ព្រះស្ដេច​កន​បោះ​ជំរំ​ប្រមូល​កេណ្ឌ​ទ័ព​នៅ​បាភ្នំ ក្នុង​ខេត្ត​ព្រៃវែង ។ ដូច្នេះ​ព្រះអង្គ​ចន្ទរាជា​មាន​លទ្ធភាព និង​ទាក់ទង​ទូល​ថ្វាយ និង​សួរ​ព្រះរាជា​ឆាប់​រហ័ស​គ្រប់​ពេល​វេលា ។ ហេតុ​ដូចម្ដេច​ក៏​ព្រះអង្គ​មិន​ទាក់ទង​ឆ្លង​ឆ្លើយ ហើយ​បែរ​ជា​នាំ​គ្នា​រត់​គ្មាន​ទាំង​ផ្ទុះ​អាវុធ​ប្រយុទ្ធ​គ្នា​ផង ? ត្រង់​នេះ​ហើយ​ដែល​យើង​និយាយ​ថា ប្រវត្តិសាស្ត្រ​មាន​លាក់​អាថ៌កំបាំង​មិន​លើក​យក​មក​កត់​ទុក​បង្ហាញ​ជា​ ឯកសារ និង​សក្ខីភាព ។

ព្រឹត្តិការណ៍​នេះ​ អាច​បញ្ជាក់​ថា ស្ដេច​ជា​បងប្អូន​ទាំង​ពីរ​អង្គ​អាក់អន់​ចិត្ត​នឹង​គ្នា​រហូត​ឈប់​ទាក់ទង​ គ្នា​ទៅ​វិញ​ទៅ​មក ។ ម្យ៉ាងវិញ​ទៀត ប្រហែល​ជា​កងទ័ព​ព្រះអង្គ​ចន្ទរាជា និង​កងទ័ព​ព្រះមហាក្សត្រ​ព្រះស្រីសុគន្ធបទ ធ្លាប់​ប៉ះទង្គិច​គ្នា ហើយ​កងទ័ព​ព្រះអង្គ​ចន្ទរាជា​ត្រូវ​បរាជ័យ អាច​មាន​បញ្ហា​ចោទ​ដល់​ជីវិត ទើប​ព្រះអង្គ​នាំ​មន្ត្រី ពលសេនា​តែ​បន្តិច​បន្តួច លួច​រត់​ជន្លៀស​ភៀស​ខ្លួន​សំដៅ​ទៅ​ស្រុក​សៀម ។

ក្នុង​វគ្គ​នេះ អ្នកប្រាជ្ញ​បារាំង អាឌេម៉ារ ឡឺក្លែរ បាន​កត់ត្រា​ក្នុង​ស្នាដៃ​របស់​លោក​ស្ដីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា មាន​ការ​ឈ្លោះ​ទាស់ទែង​ខ្វែង​គំនិត​បែក​សាមគ្គី​រវាង​ព្រះឧបរាជ​អង្គ​ ចន្ទរាជា និង​ព្រះស្រីសុគន្ធបទ​ជា​បង ។ លោក​បាន​សរសេរ​បន្ត​ទៀត​ថា ៖

«នៅ​ក្នុង​ពេល​នោះ ព្រះអនុជ​ព្រះអង្គ ចៅពញា​ចន្ទរាជា ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ប្រទាន ដោយសារ​ព្រះអង្គ​បាន​ប្រសូត​នៅ​ថ្ងៃ​មាន​ចន្ទគ្រាស មិន​សប្បាយ​ចិត្ត​នឹង​ការ​ជ្រើសរើស​របស់​ក្រុម​មន្ត្រី​ធំៗ បាន​ដក​ថយ​មក​បោះ​ទីតាំង​នៅ​ចតុមុខ បន្ទាប់​មក កេណ្ឌ​លើក​កងទ័ព ពលទាហាន ចេញ​មុខ​ប្រឆាំង​នឹង​ព្រះមហាក្សត្រ» ។

ដូច្នេះ ​ការ​រត់​ភៀស​ខ្លួន​របស់​ព្រះអង្គ​ចន្ទរាជា មិន​មែន​ដោយសារ​តែ​ឮ​សូរ​ពាក្យ​ចចាម​អារ៉ាម នាំ​ទៅ​មក​ដែល​បណ្ដាល​ឲ្យ​ព្រះអង្គ​ភ័យ​ក្លាច​នោះ​ទេ ។

ក្នុងព្រឹត្តិការណ៍​នេះ បើ​យើង​ពិចារណា​ឲ្យ​ឆ្ងាយ​បន្តិច យើង​មាន​ទស្សនៈ​ប្លែក​ថ្មី​ខុស​បន្តិច​ពី​ឯកសារ​ប្រវត្តិសាស្ត្រ ។ បើ​យើង​ផ្លាស់​ប្ដូរ​ហេតុការណ៍​ខ្លះ​ពី​មុខ​ទៅ​ក្រោយ ពី​ក្រោយ​ទៅ​មុខ ហើយ​បន្ថែម​សេចក្ដី​កត់ត្រា​របស់​លោក​ អាឌេម៉ារ ឡឺក្លែរ យើង​នឹង​ឃើញ​មាន​ព្រឹត្តិការណ៍​មួយ​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ការ​ប៉ុនប៉ង​ ធ្វើ​ឃាត​ព្រះស្ដេច​កន ។

យើង​អាច​ពិចារណាថា មនុស្ស​កើត​ក្នុង​ឆ្នាំ​រោង មាន​ពង្ស​នាគ​ដូច​ព្រះស្ដេច​កន​ច្រើន​ណាស់​ក្នុង​នគរ ហេតុ​ដូចម្ដេច​ហោរា​ចង្អុល​ថា រាជ​សត្រូវ​នោះ​ជា​ព្រះស្ដេច​កន ។ មួយ​ចំណែក​ទៀត យោង​តាម​ឯកសារ​ពង្សាវតារ​ទាំង​នោះ ព្រះអង្គ​មិន​ទាន់​មាន​ឈ្មោះ​ល្បីល្បាញ​អំណាច​យសស័ក្តិ​អ្វី​ដែល​នាំ​មក​នូវ ​គ្រោះថ្នាក់​ដណ្ដើម​រាជ្យ​ស្ដេច​ឡើយ ។

ប៉ុន្តែ ​អ្វី​ដែល​ចម្លែក​អស្ចារ្យ​នោះ​គឺ​នៅ​ពេល​រត់​គេច​ផុត​ពី​ការ​ប៉ុនប៉ង​ សម្លាប់​របស់​ព្រះស្រីសុគន្ធបទ​ភ្លាម ព្រះស្ដេច​កន​មាន​លទ្ធភាព​អាច​កេណ្ឌ​ទ័ព​បាន​ជា​ច្រើន ហើយ​ត្រួតត្រា​ខេត្ត​ខាងត្បូង​មួយ​ចំនួន​ទៀត ។ ទោះបី​ជា​ព្រអង្គ​យក​ឈ្មោះ​ព្រះមហាក្សត្រ​ទៅ​លាត​ត្រដាង​បញ្ចុះបញ្ចូល​ក៏​ ដោយ ជោគជ័យ​នេះ​បើ​យើង​ពិចារណា​ទៅ​គឺ​បាន​មក​អំពី​ប្រជាប្រិយភាព​របស់​ព្រះស្ដេច ​កន​ដែល​ធ្លាប់​បញ្ចេញ​ស្នាដៃ​គ្រប់​ទិសទី ជាពិសេស​ក្នុង​ការ​តតាំង​ជាមួយ​ព្រះអង្គ​ចន្ទរាជា ។

អាថ៌កំបាំង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ ប្រហែល​ក្រោយ​ពេល​ព្រះស្រីសុគន្ធបទ និង​ព្រះអង្គ​ចន្ទរាជា​ឈ្លោះ​ប្រកែក​បែក​បាក់​គ្នា មាន​ផ្ទុះ​សង្គ្រាម​រាំងជល​រវាង​ស្ដេច​ទាំង​ពីរ​ដែល​ជា​បងប្អូន​ បង្កើត ។ ក្នុង​គ្រានោះ ព្រះស្រីសុគន្ធបទ ព្រះមហាក្សត្រ​ខ្មែរ បាន​បង្គាប់​ឲ្យ​ព្រះស្ដេច​កន​ទៅ​កេណ្ឌ​ទ័ព​នៅ​បាភ្នំ​ដើម្បី​ចេញ​ទៅ​វាយ​ ផ្ទប់​ព្រះអង្គ​ចន្ទរាជា​ពី​ផ្នែក​ទិស​ខាងត្បូង ។ ព្រះស្ដេច​កន​បាន​ទទួល​ជោគជ័យ​លើ​ព្រះអង្គ​ចន្ទរាជា ធ្វើ​ឲ្យ​ព្រះអង្គ​បាក់ ទ័ព​រត់​ចោល​នគរ ដែល​ជា​ហេតុ​ព្រះអង្គ​ល្បី​ឈ្មោះ មាន​ប្រជាប្រិយភាព​ខ្លាំង​ក្លា​ជាង​បណ្ដា​មេទ័ព​មន្ត្រី​ធំៗ ។

ប្រហែល​ជា​ភាព​លេច​ធ្លោ និង​កេរ្តិ៍​ឈ្មោះ​របស់​ព្រះអង្គ​នេះ​ហើយ ធ្វើ​ឲ្យ​ស្ដេច​ខ្មែរ​មាន​ការ​ព្រួយបារម្ភ ខ្លាច​ព្រះអង្គ​ដណ្ដើម​យក​រាជ្យសម្បត្តិ ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះស្រីសុគន្ធបទ​បាន​រៀបចំ​គម្រោង​ល្បិចកល​ដើម្បី​លួច ​សម្លាប់​ព្រះស្ដេច​កន ។ គឺ​ប្រិយភាព​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជានុរាស្ត្រ ព្រះសង្ឃ និង​កងទ័ព ។

យុទ្ធសាស្ត្រ​ក្នុង​សង្គ្រាម

ក្នុង​សម័យកាល​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន យើង​កត់​សម្គាល់​ឃើញ​មាន​សង្គ្រាម​ផ្ទៃ​ក្នុង​ពីរ​លើក​គឺ ទី១ ជា​សឹក​សង្គ្រាម​ដែល​ព្រះស្ដេច​កន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះស្រីសុគន្ធបទ និង​ទី​២ ជា ​ការ​វិល​ត្រឡប់​របស់​ព្រះអង្គ​ចន្ទរាជា​ពី​ស្រុក​សៀម​ដែល​លើក​ទ័ព​មក​វាយ​ ប្រហារ​កងទ័ព​ព្រះស្ដេច​កន ដណ្ដើម​យក​ខេត្ត​ខណ្ឌ​ជា​បន្ត​បន្ទាប់ ។

សង្គ្រាម​លើក​ទី​១ គឺ​សង្គ្រាម​ព្រះស្ដេច​កន និង​ព្រះស្រីសុគន្ធបទ ជា​ការ​វាយ​ប្រហារ​របស់​ព្រះស្ដេច​កន​ ធ្វើ​ឲ្យ​ព្រះមហាក្សត្រ​ដក​ឃ្លា​ថយ​ជា​លំដាប់​លំដោយ​ចេញ​ពី​រាជធានី​ ទួលបាសាន្ត ភៀស​ទៅ​គង់​នៅ​ទីក្រុង​ភ្នំពេញ និង​រត់​ទៅ​បោះ​ទីតាំង​នៅ​សំរោងសែន ខេត្ត​កំពង់ឆ្នាំង ជាប់​ចុង​ខេត្ត​អាសន្នទុក្ខ ។ នៅ​ទីបញ្ចប់ ព្រះរាជា​ដក​ថយ​បន្ត​ទៅ​ទៀត ថយ​ទៅ​បោះ​ជំរំ​នៅ​បន្ទាយ​ស្ទឹងសែន ជាទី​ដែល​ព្រះអង្គ​ត្រូវ​អស់​ព្រះជន្ម​ដោយសារ​មេទ័ព​ជំនិត​ព្រះស្ដេច​កន​ ឈ្មោះ ឧកញ៉ា​ម៉ឺន​សុរិន្ទ កែវ ។

សង្គ្រាម​លើក​ទី​២ គឺ​ជា​សង្គ្រាម​ដែល​ព្រះអង្គ​ចន្ទរាជា​បើក​ការ​វាយ​ប្រហារ​ចូល​ស្រុក​ខ្មែរ​ ដើម្បី​ដណ្ដើម​យក​ទឹក​ដី និង​រាជបល្ល័ង្ក​វិញ ។ យុទ្ធសាស្ត្រ​របស់​ព្រះអង្គ​ចន្ទរាជា​គឺ​ការ​វាយ​ប្រហារ​វាយ​លុក​សម្រុក​ទៅ​ មុខ ត្រូវ​ដណ្ដើម​យក​ទឹកដី​ខេត្តខណ្ឌ​ឲ្យ​បាន​ច្រើន ។ ព្រះអង្គ​ពុំ​មាន​ការ​ព្រួយបារម្ភ​ក្នុង​ការ​ការពារ​ថែរក្សា​ទឹក​ដី ឬ​តំបន់​ណា​មួយ​ឡើយ ។ សង្គ្រាម​ចិត្តសាស្ត្រ​ត្រូវ​បាន​ស្ដេច​ទាំង​ពីរ​ឲ្យ​តម្លៃ​ខ្ពស់ ហើយ​យក​មក​អនុវត្ត​គ្មាន​ធ្វេស​ប្រហែស ។ ក្នុង​ការ​វាយ​សម្រុក​នេះ យើង​កត់​សម្គាល់​ឃើញ​ថា យុទ្ធសាស្ត្រ​របស់​ព្រះអង្គ​មាន​៥​ដំណាក់​កាល 

ដំណាក់កាល​ទី​១: គឺ​ការ​ដណ្ដើម​យក​ខេត្ត​បាត់ដំបង មហានគរ​សៀមរាប និង​ខេត្ត​ពោធិ៍សាត់ ។ ខណៈនោះ ព្រះអង្គ​ពុំ​សូវ​បាន​ជួប​ប្រទះ​នឹង​ការ​ទប់ទល់​ស្វិតស្មាញ​ពី​កងទ័ព​ ព្រះស្ដេច​កន​ទេ គឺ​នៅ​ពេល​បន្ទាប់​មក​ប៉ុណ្ណោះ​ដែល​ព្រះស្ដេច​កន​បាន​បញ្ជូន​សម្ដេច​កៅ​ ជា​មា និង​កងទ័ព​ជា​ច្រើន​ម៉ឺន​នាក់​ទៀត​ទប់ទល់​កម្ទេច​ព្រះអង្គ​ចន្ទរាជា​នៅ​ ពោធិ៍សាត់ ។ កងទ័ព​ព្រះស្ដេច​កន​បៀត​នឹង​ទទួល​ជោគជ័យ​ហើយ បែរ​ជា​ត្រូវ​បរាជ័យ​វិញ​ដោយសារ​ទ័ព​ខ្មោច​របស់​អ្នកតា​ឃ្លាំងមឿង​ចេញ​មក​ ធ្វើ​អន្តរាគមន៍ ។

ដំណាក់កាល​ទី​២: គឺ​ព្រះអង្គ​ចន្ទរាជា​លើក​ទ័ព​ទៅ​វាយ​ប្រហារ​ទ័ព​ព្រះស្ដេច​កន​នៅ​ក្រគរ ហើយ​បង្ហួស​ទៅ​ដណ្ដើម​យក​បន្ទាយលង្វែក ។ កាលនោះ ព្រះស្រីជេដ្ឋា​បាន​បែង​ចែក​ទ័ព​ជា​បី​ខ្សែ​គឺ ខ្សែ​ទី១ វាយ​ពី​ទិស​ត្បូង​ចេញ​ពី​លង្វែក ខ្សែ​ទី​២ ឆ្លង​កាត់​ទន្លេសាប​តម្រង់​ទៅ​ស្រុក​ក្រគរ និង​ខ្សែ​ទី​៣ ត្រូវ​ចេញ​ពី​ខេត្ត​អាសន្ទុក កុង​បឹង​ទន្លេសាប​ព័ទ្ធ​ទៅ​បាត់ដំបង បើក​ការ​វាយប្រហារ​ពី​ក្រោយ​ខ្មាំង ។ ប៉ុន្តែ​កងទ័ព​ព្រះស្ដេច​កន​ខ្សែ​ទី​១ និង​ទី​២ ត្រូវ​បាក់​បែក​ខ្ចាត់ខ្ចាយ ហើយ​បន្ទាយលង្វែក​ក៏​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ព្រះអង្គ​ ចន្ទរាជា ។ ចំណែក​ឯ​កងទ័ព​ខ្សែ​ទី​៣ ដោយ​ផ្លូវ​វែង​ឆ្ងាយ​ពេក មិន​អាច​ទៅ​ដល់​គោលដៅ​ទាន់​ពេលវេលា ត្រូវ​ព្រះអង្គ​បង្គាប់​ឲ្យ​ដក​ទ័ព​ត្រឡប់​មក​ជួយ​ខាង​ក្រោយ​វិញ ។

ដំណាក់កាល​ទី​៣: ព្រះអង្គ​ចន្ទរាជា​ដណ្ដើម​យក​ខេត្ត​អាសន្ទុក​បាន ហើយ​ហួស​ទៅ​យក​ខេត្ត​កំពង់សៀម​បាន​ទៀត ។

ដំណាក់កាល​ទី​៤: គឺ​ព្រះអង្គ​វាយ​យក​ក្រុង​ភ្នំពេញ និង​ខេត្ត​ខណ្ឌ​ទាំង​ប៉ុន្មាន​ដែល​សេសសល់​នៅ​ត្រើយ​ខាង​លិច​ទន្លេ​ធំ ឬ​ទន្លេ​មេគង្គ ។ ពេល​នោះ​ទឹកដី​ខ្មែរ​ត្រូវ​បែងចែក​ជា​ពីរ ហើយ​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ក៏​បាត់​បង់​បន្ទាយ​យុទ្ធសាស្ត្រ​ជួរ​មុខ​ ពីរ​សម្រាប់​ការពារ​រាជធានី​ស្រឡប់ដូនតី​ពិជ័យព្រៃនគរ​ដែរ ។ បន្ទាយ​យុទ្ធសាស្ត្រ​នោះ​មាន​បន្ទាយ​កំពង់សៀម និង​បន្ទាយ​ភ្នំពេញ ។

ដំណាក់កាល​ទី​៥: ជា​វគ្គ​ចុងក្រោយ​នៃ​សង្គ្រាម​ដែល​វាយ​ប្រហារ​យក​បន្ទាយ​រាជធានី​បាសាន្ត ហើយ​បង្ហួស​ទៅ​ឡោមព័ទ្ធ​យក​រាជធានី​ស្រឡប់ដូនតី​ពិជ័យព្រៃនគរ ។ ក្នុង​ចុង​យុទ្ធសាស្ត្រ​នេះ យើង​សង្កេត​ឃើញ​ថា ព្រះស្ដេច​កន​បាន​ត្រឹម​តែ​ធ្វើ​ចម្បាំង​ការពារ​ដែល​ចាំ​តែ​រង ហើយ​ដក​ថយ​ជានិច្ច ។ រាជធានី​របស់​ព្រះអង្គ​គ្មាន​បន្ទាយ​ជួរ​មុខ​សម្រាប់​ការពារ​ទៀត​ទេ គឺ​នៅ​ប្រឈម​មុខ​ទល់​នឹង​កងទ័ព​បច្ចាមិត្ត​ដែល​គ្រាន់​តែ​ចុះ​ទូក​ឆ្លង​ទៅ​ ក៏​ដល់​ស្រេច​ទៅ​ហើយ ។ ចំណែក​ឯ​រាជធានី​បរិបូណ៌​របស់​ព្រះអង្គ​ចន្ទរាជា​វិញ ស្ថិត​នៅ​យ៉ាង​ឆ្ងាយ​ពី​សមរភូមិ​ជួរ​មុខ​ដែល​សត្រូវ​មិន​អាច​លូក​ដៃ​វាយ​ ប្រហារ​ទៅ​ដល់ ។

បរាជ័យ​ព្រះស្រីជេដ្ឋា​ស្ដេច​កន​ក្នុង​សង្គ្រាម​នេះ​បណ្ដាល​មក​អំពី ៖ មួយ​គឺ​ព្រះអង្គ​មិន​បើក​ការ​វាយ​សម្រុក​ឲ្យ​បាន​ញឹកញាប់ ។ ពីរ​ គឺ​ព្រះអង្គ​មិន​ពង្រឹង​កងទ័ព​នៅ​តាម​បន្ទាយ​ត្រើយ​ខាងលិច និង​បី​មក​អំពី​ព្រះអង្គ​បាន​បាត់បង់​ទឹកដី​ខេត្ត​អាសន្ទុក (ខេត្ត​កំពង់ធំ) ដែល​ជា​តំបន់​ស្ថិត​នៅ​កណ្ដាល​នគរ ។

ចំណែក​ការ​រៀប​ចំ​កងទ័ព​ចេញ​ទៅ​ច្បាំង​វិញ យើង​បាន​ត្រឹម​តែ​ដឹង​ថា មាន​កងទ័ព​ជើងគោក និង​កងទ័ព​ជើង​ទឹក ។

ឯ​ក្នុង​ការ​ចេញ​ទៅ​ប្រតិបត្តិការ​សឹក ឯកសារ​ទាំង​នេះ​បាន​ត្រឹម​កត់ត្រា​ថា មាន​កងទ័ព​មុខ កងទ័ព​ស្ដាំ កងទ័ព​ឆ្វេង និង​កងទ័ព​ការពារ​ផ្នែក​ខាងក្រោយ ។ ព្រះមហាក្សត្រ​ក៏​យាង​ចេញ​ធ្វើ​សង្គ្រាម​ដែរ ព្រះអង្គ​កាន់​កងទ័ព​ធំ​ដែល​ស្ថិត​នៅ​ផ្នែក​កណ្ដាល​កងទ័ព​ទាំង​៤ រង់ចាំ​ធ្វើ​អន្តរាគមន៍​ទៅ​ជួយ​កងទ័ព​ទាំង​៤​ក្រុម ។ ក្រៅ​អំពី​នេះ យើង​កត់​សម្គាល់​ឃើញ​មាន​កងទ័ព​ក្រវែល​នៅ​តាម​កងទ័ព​ធំ​នីមួយៗ​ទៀត ។

ចំពោះ​គ្រឿង​សាស្ត្រ​វុធ​ដែល​ពលទាហាន​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​ យើង​ឃើញ​មាន​កាំភ្លើង​តូច កាំភ្លើង​ធំ​បន្ថែម​ពី​លើ​អាវុធ​យុទ្ធភ័ណ្ឌ​ធ្លាប់​មាន ។

ជំនិះ​ដែល​គេ​ប្រើ​ក្នុង​សឹក​សង្គ្រាម​មាន សេះ និង​ដំរី ដោយ​មិន​រាប់​ពី​រទេះគោ​ ដែល​ជា​ក្រុម​ដឹក​ជញ្ជូន ។ កងទ័ព​សេះ គេ​ច្រើន​ប្រើ​សម្រាប់​វាយ​សម្រុក ឬ​សម្រាប់​ធ្វើ​ជា​ទ័ព​បញ្ឆោត​ដើម្បី​ទាក់​ទាញ​អូស​ខ្មាំង​ឲ្យ​ចូល​ អន្ទាក់ ។ ចំណែក​កងទ័ព​ដំរី​ជា​កងទ័ព​ធំ​សម្រាប់​វាយ​សម្រុក​បំបែក​កម្ទេច​ សត្រូវ ។ ដំរី​ទាំងអស់​សុទ្ធ​តែ​ត្រូវ​បាន​បង្ហាត់​បង្រៀន​ឲ្យ​ចេះ​ចូល​ប្រឡូក​ក្នុង​ ការ​ធ្វើ​សឹក ។

សឹក​សង្គ្រាម​ចម្បាំង​ រាំងជល​កាប់​ចាក់ យើង​ឃើញ​មាន​ជា​ហូរហែ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ តែ​យើង​ពុំ​ឃើញ​មាន​ឯកសារ​ណា​មួយ​បាន​ចង​ក្រង​រៀបរាប់​អធិប្បាយ​អំពី​ សង្គ្រាម និង​កងទ័ព​ទាំងនោះ ឲ្យ​បាន​ក្បោះក្បាយ​ទេ ។ ក្បួន​ពិជ័យសង្គ្រាម​ដែល​គេ​តែងតែ​និយាយ​សរសេរ​នោះ​ក៏​មិន​ដឹង​ជា​ដូចម្ដេច​ដែរ ។

ក្រម​សីលធម៌​នៅ​ក្នុង​សង្គ្រាម

ទោះ​បី​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​មិន​បាន​ចងក្រង​ក្បួន​ខ្នាត​ក្នុង​ការ​ រៀបចំ​កងទ័ព​ក៏​ពិត​មែន តែ​ឯកសារ​ទាំង​នោះ​បាន​កត់ត្រា​នូវ​ក្រម​សីលធម៌​មួយ​ចំនួន​ដែល​បុព្វបុរស​ យើង​សម័យ​បុរាណ​តែតែ​គោរព​ប្រតិបត្តិ​អនុវត្ត​តាម​ដោយ​មិន​ហ៊ាន​ បំពាន ។

ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន និង​ព្រះអង្គ​ចន្ទរាជា​តែង​តែ​យល់​ព្រម​គោរព​ផ្អាក​ធ្វើ​សង្គ្រាម​នៅ​ពេល​ណា ​ដែល​រដូវ​វស្សា​ត្រូវ​ធ្វើ​ស្រែ​ចម្ការ​ចូល​មក​ដល់ ។ គេ​យល់​ថា បើ​អត់​បាយ គេ​ក៏​ពុំ​អាច​នឹង​ធ្វើ​សឹក​សង្គ្រាម​បន្ត​ទៅ​ទៀត​បាន​ដែរ ។ មួយ​ចំណែក​ពលទាហាន​ក៏​ត្រូវ​រក​អង្ករ​បាយ​សម្រាប់​ចិញ្ចឹម​ក្រុម​គ្រួសារ ពីព្រោះ​ព្រះរាជា ឬ​រាជការ​មិន​ទទួល​ចិញ្ចឹម​អ្នក​ទាំង​នោះ​ឡើយ ។ កាលណា​ធ្វើ​ស្រែ​ចម្ការ​ប្រមូល​ភោគផល​បាន​ហើយ ទើប​គេ​ប្រកាស​ចាប់​ផ្ដើម​បន្ត​ធ្វើ​សឹក​សង្គ្រាម​បន្ត​ទៅ​ទៀត ។

ក្នុង​ពេល​ដែល​យល់​ព្រម​ទាំង​សងខាង​ផ្អាក​សង្គ្រាម ម្ខាងៗ​ត្រូវ​តែ​គោរព​ មិន​ត្រូវ​ប្រើ​កលល្បិច​ឧបាយ​ទៅ​លួច​វាយ​ប្រហារ​សត្រូវ​ទេ ។ អ្នក​ដែល​រំលោភ​ក្រម​សីលធម៌​នឹង​ត្រូវ​អាប់​កិត្តិយស គេ​តិះដៀល​ប្រមាថ និង​ផ្ដន្ទាទោស ។

ព្រះអង្គ​ចន្ទរាជា​ ទ្រង់​ពិរោធ​ខ្ញាល់​យ៉ាង​ខ្លាំង​នៅ​ពេល​ទ្រង់​ជ្រាប​ថា ឧកញ៉ា​ចក្រី​កែវ​បាន​បញ្ជា​ឲ្យ​មេទ័ព​៤​នាក់​ទៅ​លួច​ធ្វើ​ឃាត​ ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​នៅ​រាជធានី​ស្រឡប់ដូនតី​ពិជ័យព្រៃនគរ ។ ព្រះអង្គ​បាន​ស្ដី​បន្ទោស​ថា ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ និង​កិត្តិយស​ព្រះអង្គ​ដែល​ជា​ក្សត្រ និង​ប្រៀន​ប្រដៅ​កុំ​ឲ្យ​ធ្វើ​តាម​ព្រះស្ដេច​កន​ដែល​ជា​រាជា​ស្ដេច​ ព្រៃ ។

កាល​ក្រោយ​មក​ទៀត ឧកញ៉ា​យមរាជ​បាន​បញ្ជា​ក្រុម​សេនា​ទាហាន​កាំភ្លើង​តូច​១០០​នាក់​ឲ្យ​ទៅ​ចាំ​ ធ្វើ​ឃាត​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​នៅ​តាម​ផ្លូវ​ទៅ​វត្ត​ ព្រះធាតុ ។ ការ​ប៉ុនប៉ង​ធ្វើ​ឃាត​នេះ​មិន​បាន​សម្រេច​ត្រូវ​ឮ​ទៅ​ដល់​ព្រះអង្គ​ ចន្ទរាជា ។ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ឧកញ៉ា​យមរាជ​សួស​យក​ទៅ​សម្លាប់​ ភ្លាម ។

ប៉ុន្តែ​ក្នុង​ពេល​ដែល​កំពុង​ ជាប់​ដៃ​ធ្វើ​សឹក​សង្គ្រាម​វាយ​ប្រហារ​កាប់​ចាក់​ប្រយុទ្ធ​គ្នា​នោះ គេ​អាច​ប្រើ​កិច្ច​កល​ល្បិច​ឧបាយ​គ្រប់​បែប​យ៉ាង​ដើម្បី​យក​ជ័យ​ជម្នះ​លើ​ សត្រូវ ។

ការ​ចរចា​ស្រុះស្រួល​គ្នា​ បញ្ចប់​សង្គ្រាម​ដូច​មាន​ខាងលើ តែងតែ​ធ្វើ​ឡើង​ដោយ​ភាគី​ស្ដេច​ម្ខាងៗ​បញ្ជូន​មន្ត្រី​ធំ​ណា​ម្នាក់​ឲ្យ​ ធ្វើ​ជា​រាជទូត ។ រាជទូត​ដែល​នាំ​សារ​ត្រូវ​បាន​ព្រះរាជា​ឲ្យ​ដាក់​សារ​លើ​ជើងពាន​មាស មាន​ទាំង​ជំនូន​យក​ទៅ​ថ្វាយ​ស្ដេច​ម្ខាង​ទៀត ។ ព្រះមហាក្សត្រ​ដែល​បាន​ទទួល​ហើយ ត្រូវ​ថ្វាយ​ជំនូន​តប​ទៅ​វិញ​តាម​ទម្លាប់​ប្រពៃណី ។

រាជទូត​មាន​បុព្វសិទ្ធិ គ្មាន​នរណា​អាច​រំលោភ​បាន​ឡើយ ។ ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ចង់​ស្នើ​ទៅ​ព្រះអង្គ​ចន្ទរាជា​ចែក​ទឹកដី​ ខ្មែរ​ជា​ពីរ បាន​បញ្ជូន​រាជទូត​ចៅពញាសង្គ្រាម​កែវ​ឲ្យ​នាំ​យក​ព្រះរាជសារ​ដាក់​លើ​ពាន​ មាស​ទៅ​ទុល​ថ្វាយ​ស្ដេច​ត្រើយ​ខាងលិច ។ តែ​ព្រះរាជសារ និង​ពាន​មាស​ត្រូវ​ធ្លាក់​ទឹក​បាត់​រក​មិន​ឃើញ​ដោយសារ​ការ​វាយ​ប្រហារ​ពី​ កងទ័ព​ល្បាត​របស់​ព្រះអង្គ​ចន្ទរាជា ។

ព្រះអង្គចន្ទរាជា កាល​បើ​ដឹង​ដូច្នេះ បាន​ត្រាស់​បង្គាប់​ឲ្យ​មេទ័ព កង​ល្បាត ឧកម៉ឺន​ជំនិត​សទ្រូវ​សូ​ទៅ​ដាក់​ឃ្នាង​បណ្ដើរ​អាក្រោស​ជុំវិញ​បន្ទាយ ហើយ​វាយ​២៤​រំពាត់ ។ បន្ទាប់​មក​ព្រះអង្គ​ឲ្យ​យក​ជើង​ពាន​មាស​មក​សង​រាជទូត​ព្រះស្ដេច​កន​ វិញ ។

អស្ចារ្យ​ទៅ​ទៀត​នោះ អ្នក​ឈ្នះ​តែង​តែ​ធ្វើ​បុណ្យ​ឲ្យ​អ្នក​ចាញ់ ។ ព្រះយសរាជា​ធ្វើ​បុណ្យ​ថ្វាយ​ព្រះស្រីជេដ្ឋា និង​អ្នក​ម្នាង​ជាលែង ។ ឯ​ក្នុង​អតីតកាល​ស្ដេច​ដំបងក្រញូង​ធ្វើ​បុណ្យ​ឲ្យ​ស្ដេច​ដែល​ខ្លួន​ទើប​តែ​ ដណ្ដើម​យក​រាជ្យ ។ ព្រះអង្គ​ចន្ទរាជា​ធ្វើ​បុណ្យ​ឲ្យ​ចៅពញា​អុង មេទ័ព​សៀម ។

ក្រម​សីលធម៌​ក្នុង​ការ​ធ្វើ​ សឹក​សង្គ្រាម​ត្រូវ​បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​តែ​ក្នុង​ឯកសារ​ពង្សាវតារ​ វត្តទឹកវិល ។ ឯកសារ​ផ្សេង​ទៀត ដូចជា ពុំ​សូវ​ចាប់​អារម្មណ៍ និង​ឲ្យ​តម្លៃ​ទៅ​លើ​ព្រឹត្តិការណ៍​ទាំង​នេះ​ទេ ។

ការ​រៀបចំ​គ្រប់​គ្រង​នគរ

ឯ ​ក្នុង​ផ្នែក​គ្រប់​គ្រង​រៀបចំ​ទឹកដី​នគរ​វិញ ក្សត្រ​ទាំង​ពីរ​មិន​បាន​ធ្វេស​ប្រហែល​ទេ ។ ម្ខាងៗ​សុទ្ធ​តែ​ប្រឹងប្រែង​រៀបចំ​យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​ទាក់ទាញ​ការ​ គាំទ្រ​ពី​មេទ័ព​ មន្ត្រីរាជការ សេនា ទាហាន ព្រះសង្ឃ និង​ប្រជានុរាស្ត្រ ។ ទន្ទឹម​នឹង​សង្គ្រាម​ក្ដៅ​ក្រហាយ​ កាប់​សម្លាប់​គ្នា​ក៏​មាន​សង្គ្រាម​មួយ​ទៀត​ដែល​ជា​សង្គ្រាម​ដណ្ដើម​យក​ ប្រជានុរាស្ត្រ​ដែល​យើង​ចាត់​ទុក​ជា​សង្គ្រាម​ចិត្តសាស្ត្រ ឬ​សង្គ្រាម​នយោបាយ ។

ព្រះស្រីជេដ្ឋា​ ព្រះស្ដេច​កន​កាល​បើ​ឡើង​សោយរាជសម្បត្តិ​ជា​ព្រះមហាក្សត្រ​កម្ពុជា ព្រះអង្គ​ចាត់​ចែង​តែងតាំង​មា​ព្រះអង្គ​ឈ្មោះ​កៅ ជា​សម្ដេច​ចៅហ៊្វាវាំង ។ គណៈសង្ឃ​ ព្រម​ទាំង​ទ្រទ្រង់​ព្រះរតនៈ​ទាំង​៧​អង្គ ក៏​បាន​ត្រូវ​តែងតាំង​ដែរ ។ ព្រះអង្គ​ត្រាស់​បង្គាប់​ឲ្យ​បោះ​ប្រាក់​ស្លឹង មាស​ស្លឹង ត្រា​រូប​នាគ ឲ្យ​រាស្ត្រ​ចាយ​វាយ​ដោះដូរ ធ្វើ​ចលន​ក្នុង​ព្រះរាជាណាចក្រ ។ នេះ​ជា​ព្រឹត្តិការណ៍​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​ប្រទេស​កម្ពុជា ​មាន​បោះពុម្ព​ប្រាក់​ប្រើ ដូចជា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប ។ ព្រឹត្តិការណ៍​នេះ​អាច​ឲ្យ​យើង​ចោទ​សួរ​ថា តើ​ព្រះអង្គ​ទទួល​ឥទ្ធិពល​ពីណា ? តាម​រយៈ​ណា ?

ក្នុង ​ផ្នែក​នេះ យើង​មាន​ជំនឿ​ថា ព្រះស្ដេច​កន​ពិត​ជា​មាន​ទំនាក់ទំនង​នឹង​ប្រទេស​ជិត​ឆ្ងាយ​នៅ​អាស៊ី​អគ្នេយ៍ ​ដែល​ជា​មូលហេតុ​ឲ្យ​ព្រះអង្គ​ទទួល​ឥទ្ធិពល​យល់​អំពី​របៀប​បោះ​ប្រាក់​ចាយ ធ្វើ​ចរាចរ​ក្នុង​ផ្នែក​ពាណិជ្ជកម្ម ។ សក្ខីភាព​មួយ​ទៀត​ដែល​អាច​បញ្ជាក់​ទំនាក់ទំនង​អន្តរជាតិ​ជាមួយ​ប្រទេស​នៅ​ អាស៊ី​អគ្នេយ៍ គឹ​ព្រះអង្គ​បាន​បញ្ជូន​សំពៅ​២​ផ្ទុក​ទំនិញ​ពេញ​ឲ្យ​យក​ទៅ​លក់​ដូរ​នៅ​ ប្រទេស​ម៉ាឡាយូ ហើយ​ត្រូវ​ទិញ​កាំភ្លើង​តូច​ កាំភ្លើង​ធំ​មក​វិញ ។

រីឯ​ព្រះអង្គ​ចន្ទរាជា​ក៏​ដូច​គ្នា​ដែរ គ្រាន់​តែ​បាន​ទទួល​អភិសេក​ជា​ព្រះមហាក្សត្រ​ ព្រះអង្គ​ចាប់​ផ្ដើម​តែងតាំង​ទ្រទ្រង់​ព្រះរតនត្រ័យ​ទាំង​៧​អង្គ​មាន ៖ សម្ដេច​ចៅហ៊្វាទឡ្ហៈ (នាយក​រដ្ឋមន្ត្រី) ឧកញ៉ា​យមរាជ (រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌) ឧកញ៉ា​ក្រឡាហោម (រដ្ឋមន្ត្រី​ក្រសួង​ទ័ពជើងទឹក) ឧកញ៉ា​ចក្រី (រដ្ឋមន្ត្រី​ក្រសួង​ទ័ពជើងគោក) និង​ឧកញ៉ា​វាំង (រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង) ។

ព្រះអង្គបន្ត​តែងតាំង​រហូត​ដល់​ក្មួយ​របស់​ព្រះអង្គ សម្ដេច​ព្រះភាគិនេយ្យា​យសរាជា ព្រម​ទាំង​មេទ័ព​តូច​ធំ ក្រុម​រក្សា​ព្រះអង្គ ពលសេនា ចៅហ្វាយ​ស្រុក មេឃុំ និង​មេភូមិ ជាលំដាប់​លំដោយ​តាម​គុណ​បំណាច់ ។

ព្រះអង្គ ​ក៏​មិន​ភ្លេច​រំឭក​ដល់​ឧបការគុណ​របស់​ចៅពញា​សួគ៌ាលោក​មឿង​ដែល​បាន​បូជា​ ជីវិត​ស្លាប់​ដើម្បី​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​ជួយ​ព្រះអង្គ ។ កាយវិការ​នេះ​ជា​សក្ខីភាព​មួយ​បញ្ជាក់​ប្រាប់​អស់​មហាជន​ មន្ត្រី​រាជការ មេទ័ព និង​សេនា​ទាហាន​ថា ព្រះអង្គ​ជា​ក្សត្រ​គោរព​គុណ​ ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​មនុស្ស​ដែល​មាន​វីរភាព ។ កាយវិការ​នេះ​អាច​នឹង​ជំរុញ​ទឹក​ចិត្ត​មនុស្ស​ម្នា​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ជឿ​ទុក​ចិត្ត​ស្រឡាញ់​គោរព​ព្រះអង្គ ។

ព្រះអង្គ​ចន្ទរាជា​បង្កើត​ឲ្យ​មាន​ស័ក្តិយស​ជា ហ៊ូពាន់ សម្រាប់​សម្គាល់​ឋានន្តរស័ក្តិ​មន្ត្រី​រាជការ​នីមួយៗ ។

ព្រះមហាក្សត្រ​ខ្មែរ​ទាំង​ពីរ​ក៏​ប្រណាំង​ប្រជែង​គ្នា​ដែរ​ក្នុង​ការ​ជ្រើសរើស​រក​អាចារ្យ ​ សាស្ត្រាចារ្យ បណ្ឌិត ចេះ​បាលី​ក្បួន​ខ្នាត ច្បាប់​ទម្លាប់​ប្រពៃណី សិល្បសាស្ត្រ​គ្រប់​បែប​យ៉ាង និង​អ្នក​មាន​ថ្វីដៃ​ក្នុង​ក្បួន​ពិជ័យសង្គ្រាម ចេះ​ប្រយុទ្ធ​បាញ់​កាប់​ចាក់ មក​ធ្វើ​ជា​មេទ័ព មន្ត្រី​រាជការ ។ ព្រះអង្គ​បង្គាប់​បញ្ជា​ឲ្យ​កិច្ច​ការ​រាជការ ទំនុក​បម្រុង​យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​អ្នក​ទាំង​នោះ កុំ​ឲ្យ​ការ​ខ្វះខាត​វេទនា ។

នេះ​ទិដ្ឋភាព​មួយ​បញ្ជាក់​ថា ស្ដេច​ទាំង​ពីរ​អង្គ ទោះបី​ជា​ធ្វើ​សង្គ្រាម​កាប់​សម្លាប់​ហុត​ឈាម​គ្នា​យ៉ាងណា​ក៏​ដោយ​ក៏​នៅ​គិត និង​ឲ្យ​តម្លៃ​ទៅ​ដល់​ធនធាន​មនុស្ស អ្នក​មាន​ចំណេះ​ដឹង​ខ្ពស់ និង​អ្វី​ដែល​ជា​អក្សរសាស្ត្រ និង​វប្បធម៌ជាតិ ។

ប្រព័ន្ធ​យុត្តិធម៌​ក៏​ត្រូវ​បាន​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន និង​ព្រះបាទ​អង្គ​ចន្ទរាជា​លើក​យក​មក​ធ្វើ​ជា​សមរភូមិ​ច្បាំង​គ្នា​ដែរ​ ដើម្បី​បញ្ជាក់​បង្ហាញ​ថា តើ​ក្សត្រ​អង្គ​ណា​មួយ​ដែល​គិតគូរ​អំពី​បញ្ហា​យុត្តិធម៌ ? តើ​ស្ដេច​ណា​មួយ​ដែល​យក​ចិត្ត​ទុក​ដាក់​អំពី​សុខទុក្ខ​របស់​ ប្រជានុរាស្ត្រ ? ចៅ​ពេជ និង​នាង​គាំ ដែល ​សាហាយ​ស្មន់​នឹង​គ្នា រត់​ពី​ក្រុង​ស្រីសឈរ មក​ជ្រក​កោន​នៅ​ស្ដេច​ត្រើយ​ខាង​លិច ។ ដោយ​មាន​បណ្ដឹង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ពី​ក្រុម​គ្រួសារ​ប្រពន្ធ​ដើម​នៅ​ ត្រើយ​ខាងកើត ហើយ​ដោយ​ដឹង​គ្រប់​ដំណើរ​សាច់​រឿង ព្រះអង្គ​ចន្ទរាជា ក៏​កាត់​ក្ដី​ឲ្យ​ចាប់​ខ្លួន​បុរស​ឈ្មោះ​ពេជ​បណ្ដើរ​អាក្រោស​៣​ថ្ងៃ នៅ​ក្រុង​បរិបូណ៌ ហើយ​វាយ​នឹង​ព្រ័ត្រ​លួស​១០០​រំពាត់ ។ល។

ព្រះស្ដេច​កន​ចេញ​បញ្ជា​ថា គួរ​តែ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ប្រព័ន្ធ​យុត្តិធម៌ ដោយ​ត្រូវ​បន្ធូរបន្ថយ​ទោស ចំពោះ​អ្នក​ចាញ់​ក្ដី ពី​៣​ភាគ មក​២​ភាគ ។ ចំណែក​ព្រះអង្គ​ចន្ទរាជា​ត្រាស់​បង្គាប់​ឲ្យ​ពិន័យ​ដាក់​ទោស​មនុស្ស​ខូច​ឲ្យ ​រឹត​តែ​ធ្ងន់ ។

ការ​រៀបចំ​រចនាសម្ព័ន្ធ​ ព្រះសង្ឃ មន្ត្រី​រាជការ ការ​ជ្រើសរើស​ប្រមែ​ប្រមូល​អ្នក​ប្រាជ្ញ​បណ្ឌិត អ្នក​មាន​ទេពកោសល្យ​គ្រប់​ផ្នែក និង​ការ​រៀបចំ​ប្រព័ន្ធ​យុត្តិធម៌​ដែល​យើង​បាន​កត់​សម្គាល់​នៅ​ក្នុង​ រជ្ជកាល​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​គឺ​កើត​លេច​ចេញ​មក​អំពី​សង្គ្រាម អំពី​ការ​ប្រណាំង​ប្រជែង​យក​ចាញ់​ឈ្នះ​ជាមួយ​នឹង​ព្រះបាទ​អង្គ​ ចន្ទរាជា ។

សង្គ្រាម និង​ការ​ប្រណាំង​ប្រជែង​គ្នា​រវាង​ស្ដេច​ទាំង​ពីរ​បាន​ជោគជ័យ ឬ​បាន​បរាជ័យ ជា​កត្តា​មួយ​ផ្នែក​ធំ​ដែល​បាន​នាំ​មក​នូវ​ភាព​វិជ្ជមាន​ជាច្រើន​ដល់​ សង្គមជាតិ ធ្វើ​ឲ្យ​សង្គម​នោះ​ចេះ​អភិវឌ្ឍ ចេះ​ត្រិះរិះ​ពិចារណា​អំពី​ជោគ​វាសនា​របស់​ខ្លួន ។

ឯការ​ចាញ់​ឈ្នះ​របស់​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន ក៏​ដូចជា ព្រះអង្គ​ចន្ទរាជា​ ក៏​ត្រូវ​ផ្អែក​ទៅ​លើ​ភូមិសាស្ត្រ​នយោបាយ និង​ចំណុច​យុទ្ធសាស្ត្រ​ជាច្រើន​នៅ​តាម​តំបន់​ភូមិ​ភាគ​ប្រទេស​ដែរ ។

ភូមិសាស្ត្រ​នយោបាយ

ឯកសារពង្សាវតារ​ខ្មែរ​មួយ​ចំនួន​មិន​បាន​រៀបរាប់​អធិប្បាយ​អំពី​ភូមិសាស្ត្រ​ ទឹកដី និង​ចំណុច​យុទ្ធសាស្ត្រ​ណា​មួយ​ឲ្យ​បាន​ច្បាស់លាស់​លម្អិត​ឡើយ ។ ឯកសារ​ទាំងនោះ​ច្រើន​តែ​ឲ្យ​តម្លៃ​ទៅ​លើ​ព្រឹត្តិការណ៍​ព្រះមហាក្សត្រ​ឡើង​ សោយរាជ្យ ព្រះមហាក្សត្រ​ធ្វើ​សង្គ្រាម​បាន​ទទួល​ជោគជ័យ និង​ព្រះមហាក្សត្រ​ចូល​ទីវង្គត ។

ដូចនេះ​ យើង​មាន​ការ​ពិបាក​ជាច្រើន​ដើម្បី​ស្វែងរក​តំបន់​នីមួយៗ​តាម​ការ​កត់ត្រា​ សរសេរ​របស់​ពង្សាវតារ​ខ្មែរ ។ ទោះបី​ជាមាន​ការ​ពិបាក​ច្រើន​ក្នុង​ការ​កំណត់​ទស្សនៈ​អ្វី​មួយ​ឲ្យ​បាន​ ច្បាស់លាស់ ក៏​យើង​អាច​សន្និដ្ឋាន​បាន​ដែរ​ថា ទន្លេ ស្ទឹង ព្រែក និង​បឹងបួរ ជា​កត្តា​មូលដ្ឋាន​ធំ​មួយ​ក្នុង​ការ​កំណត់​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែរ ។

ទន្លេ​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ

តាម​ពិត​ទៅ​នៅ​ស្រុក​ខ្មែរ ទន្លេ​ធំ ឬ​ទន្លេ​ច្រាបឈាម ឬ​ទន្លេ​មេគង្គ បាន​ដើរ​តួនាទី​មួយ​យ៉ាងសំខាន់​ណាស់​ក្នុង​ការ​កំណត់​ប្រវត្តិសាស្ត្រ​ ខ្មែរ ។ លក្ខណៈ​ធម្មជាតិ​របស់​ទន្លេ​ធំ​បាន​ក្លាយ​ទៅ​ជា​ព្រំដែន​បែងចែក​ ទឹកដី ។

ការ​បែងចែក​ទឹកដី​ដោយ​ទន្លេ​ធំ​នេះ មាន​អាយុកាល​តាំង​ពី​សម័យ​មុន​អង្គរ​ទៅ​ទៀត ។ ជាពិសេស​ការ​បែងចែក​បង្កើត​ឲ្យ​មាន​នគរ​ចេនឡា និង​នគរ​ហ្វូណន ឬ​នគរភ្នំ ។

នគរ​ចេនឡា​ ស្ថិត​នៅ​ត្រើយ​ខាងលិច​ទន្លេធំ និង​នគរភ្នំ​ស្ថិត​នៅ​ត្រើយ​ខាងកើត ។ នគរ​ចេនឡា​គ្រប​ដណ្ដប់​ភូមិភាគ​ខាងជើង​ភ្នំដងរែក នគរ​សៀម និង​លាវ​លាត​សន្ធឹង​ចុះ​តាម​ត្រើយ​ទន្លេធំ ។ ខាងលិច​ចុះ​មក​ដល់​កំពង់សៀម​ក្នុង​ខេត្ត​កំពង់ចាម​បច្ចុប្បន្ន ។

ចំណែក​នគរ​ហ្វូណន​ចេនឡា​ទឹក​លិច​ មាន​ទឹកដី​ផ្នែក​ត្រើយ​ខាងកើត​ទន្លេធំ ចុះ​ពី​លើ​ម្ដុំ​ខេត្ត​ក្រចេះ​ចុះ​ទៅ​ដល់​សមុទ្រ ។ កាលនោះ រាជធានី​សម្ភុបុរៈ​ត្រូវ​គេ​តាំង​ទី​នៅ​ក្នុង​តំបន់​សម្បុក​សម្បូណ៌ ។

នគរ ​ទាំង​ពីរ​ដែល​មាន​ទន្លេ​មេគង្គ ឬ​ទន្លេ​ធំ​ជា​ព្រំដែន​សីមា​ តែង​តែ​ប៉ះ​ទង្គិច​ធ្វើ​សង្គ្រាម​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ធ្វើ​ ការ​បង្រួបបង្រួម​ទឹកដី​កម្ពុជា​តែ​មួយ ។

ក្រោយ ​មក​ក្នុង​សតវត្ស​ទី​១៥​នៃ​គ្រឹស្តសករាជ កូនចៅ​ព្រះបាទ​ពញាយ៉ាត បាន​ឈ្លោះ​ទាស់ទែង​គ្នា​ដណ្ដើម​រាជសម្បត្តិ ធ្វើ​សឹក​សង្គ្រាម​បែងចែក​ទឹកដី​ជា​បី​ចំណែក ដោយ​យក​ទន្លេ​ធំ និង​ទន្លេសាប​ជា​ព្រំប្រទល់​ទឹកដី​សីមា ។ ដោយសារ​ទន្លេ​ជា​ព្រំដែន ជា​កំពែង​គូទឹក​ការពារ សង្គ្រាម​នេះ​អូសបន្លាយ​យ៉ាងយូរ គ្មាន​អ្នក​ចាញ់ គ្មាន​អ្នកឈ្នះ ដែល​ជា​កក្តា​ឲ្យ​ស្ដេច​ខ្មែរ​ទាំង​បី​អង្គ​នាំ​គ្នា​ទៅ​អង្វរ​សុំ​ស្ដេច​ សៀម​មក​ចាត់ចែង​ជំនួស ។

ចូល​មក​សតវត្ស​ទី ​១៦ ទន្លេ​ធំ ឬ​ទន្លេ​ច្រាបឈាម​បាន​មក​ចែក​នគរ​ខ្មែរ​ជា​ពីរ​ម្ដង​ទៀត ហើយ​កំណត់​ទឹកដី​ព្រះស្ដេច​កន​នៅ​ត្រើយ​ខាងកើត និង​ដែន​នគរ​ព្រះអង្គ​ចន្ទរាជា​នៅ​ត្រើយ​ខាងលិច ។

ហើយ ​ជារៀង​រហូត​មក កាល​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណានិគម​សៀម និង​យួន ទន្លេ​ធំ​ក៏​ជា​ដែន​កំណត់​ឥទ្ធិពល​នគរ​ទាំង​ពីរ ។ ចូល​មក​ដល់​សម័យ​អាណានិគម​បារាំង និង​បន្ទាប់​មក​ ទន្លេ​ធំ ឬ​ទន្លេ​មេគង្គ​ស្ថិត​នៅ​ជា​ខ្សែ​ទឹក​យុទ្ធសាស្ត្រ​ដែល​កំណត់​នយោបាយ​ ឥរិយាបថ​នគរ និង​អ្នក​ដឹកនាំ​ប្រទេស​ជាតិ ។

យើង ​ឃើញ​ថា អស់​រយៈ​ពេល​ជាង​២០​សតវត្ស​ដែល​ទន្លេ​ធំ ឬ​ទន្លេ​ច្រាបឈាម​ ឬ​ទន្លេ​មេគង្គ​បាន​ដើរ​តួនាទី​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​ ប្រវត្តិសាស្ត្រ​ខ្មែរ ។

ក្នុង​ បច្ចុប្បន្ន​ និង​ត​ទៅ​ក្នុង​អនាគត ទន្លេ​ធំ ឬ​ទន្លេ​មេគង្គ​នៅ​តែ​មាន​តួនាទី​ក្នុង​សង្គមជាតិ​ខ្មែរ ក៏​ដូច​ជា​ក្នុង​តំបន់​ដែរ ។ តួនាទី​អាច​ផ្លាស់​ប្ដូរ​ពី​ព្រំដែន ពី​ខណ្ឌ​កំណត់​មក​ជាមូលដ្ឋាន​បង្រួបបង្រួម​សហប្រតិបត្តិការ ។

ទន្លេ​ធំ ផ្លូវ​យុទ្ធសាស្ត្រ

ទន្លេ ​មិន​មែន​មាន​តួនាទី​ជា​ព្រំដែន​ខណ្ឌ​សីមា​ប៉ុណ្ណោះ​ទេ​នៅ​កម្ពុជា​សម័យ​ដើម ទន្លេ ស្ទឹង ព្រែក និង​អូរ​ជា​ផ្លូវ​គមនាគមន៍​មួយ​យ៉ាង​សំខាន់ និង​ឆាប់​រហ័ស​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​និយម ។ សារៈសំខាន់​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​មាន​ឧកញ៉ា​ក្រឡាហោម​ក្នុង​ចំណោម​មន្ត្រី​ ចតុស្ដម្ភ​របស់​ព្រះមហាក្សត្រ​ខ្មែរ ។

ម្យ៉ាង ​វិញ​ទៀត រូប​ចម្លាក់​នៅ​ប្រាសាទ​បាយ័ន​ក៏​បញ្ជាក់​ដែរ​ថា សង្គ្រាម​នៅ​នគរ​ខ្មែរ គេ​មាន​រៀប​ចំ​កងទ័ព​ជើង​ទឹក​ធ្វើ​សង្គ្រាម​យ៉ាង​អឹកធឹក​អស្ចារ្យ តាម​ទូក​តូច​ធំ ។ ឯ​មុខ​របរ​រក​ស៊ី​នេសាទ​ត្រី​ក៏​ជា​ផ្នែក​មួយ​សមខាន់​នៃ​សង្គម​ជាតិ​ខ្មែរ​ សម័យ​មុន​ដែរ ។

ក្នុង​សតវត្ស​ទី​១២​ កងទ័ព​នគរ​ចម្ប៉ា​ដែល​អាច​វាយ​លុក​មហានគរ​ និង​ខ្មែរ​អាច​ចូល​​ទៅ​វាយ​ប្រហារ​កម្ចាត់​កងទ័ព​ចាម​បាន​ក្នុង​គ.ស​១១៨១ ក៏​ដោយសារ​ប្រើប្រាស់​ទន្លេ​ស្ទឹង ព្រែក​បញ្ជូន​កងទ័ព​ទៅ​ធ្វើ​សឹក​សង្គ្រាម​ដែរ ។

ផ្លូវ​ទឹក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ការ​ត្រិះរិះ​គិត​ពិចារណា និង​យុទ្ធសាស្ត្រ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ចាត់​ទុក​ជា​ផ្លូវ​គមនាគមន៍ ​ទាំង​នោះ​ជា​ចំណុច​សំខាន់​ស្លាប់​រស់ ។

ព្រះបាទ​ជ័យវរ្ម័ន​ទី​២ (៨០២‑៨៥៤) បាន​ផ្លាស់​ប្ដូរ​ព្រះរាជធានី​មក​តាំង​ទី​នៅ​លើ​ទឹកដី​សៀមរាប​បច្ចុប្បន្ន​ ពី​ព្រោះ​ព្រះអង្គ​យល់​ច្បាស់​ថា តំបន់​នេះ​ស្ថិត​ឆ្ងាយ​ពី​ទន្លេ​ធំ​ដែល​ជា​ច្រក​ចេញ​ចូល​របស់​កងទ័ព​ជ្វា ធ្លាប់​ឡើង​ទៅ​វាយ​ប្រហារ​រាជធានី​សម្ភុបុរៈ ។

បើ​ខ្មាំង​ ជា​ពិសេស​កងទ័ព​ជើងទឹក​ជ្វា​ចូល​ទៅ​វាយ​ប្រហារ​ក៏​ពិបាក​ដែរ​ពីព្រោះ​មាន​ កោះ មាន​ព្រៃ​លិច​ទឹក​ក៏​ច្រើន ។ ម្យ៉ាង​វិញ​ទៀត កាល​នោះ​នៅ​ផ្នែក​ទិស​ខាង​លិច​ពុំ​ទាន់​មាន​ប្រទេស​សៀម ឬ​ជនជាតិ​ណា​អាច​មក​វាយ​ប្រហារ​ខ្មែរ​ឡើយ ។ ដូចនេះ ការ​ភ័យព្រួយ​បារម្ភ​របស់​ព្រះមហាក្សត្រ​ខ្មែរ គឺ​ផ្ដោត​ទៅ​លើ​ទ្វារ​ច្រក​ចេញ​ចូល​តាម​ទន្លេ ។

ព្រះបាទ​ពញាយ៉ាត ដោយ​ធ្លាប់​មាន​ការ​ពិសោធ​ក្នុង​ព្រឹត្តិការណ៍​សៀម​វាយ​ប្រហារ​ពី​ទិស​ ខាងលិច​បាន​លើក​ព្រះរាជធានី​ពី​អង្គរ​មក​តាំង​ទី​នៅ​ទួលបាសាន្ត ។ ព្រះអង្គ​យល់​ថា សៀម​នឹង​មាន​ការ​ពិបាក​ច្រើន បើ​ចង់​លើក​កងទ័ព​មក​វាយ​ប្រយុទ្ធ​ធ្វើ​សង្គ្រាម​នឹង​ខ្មែរ ពីព្រោះ​ខ្មែរ​មាន​ទន្លេ​សាប ទន្លេ​ធំ និង​ស្ទឹង​ព្រែក​បឹងបួរ​ជា​រនាំង​ច្រើន​សម្រាប់​ការពារ ។ ម្យ៉ាងវិញ​ទៀត ទួលបាសាន្ត​ស្ថិត​នៅ​ជាប់​ទន្លេ​តូច មាន​បឹង​ធំៗ​នៅ​ជិត​ជុំ​វិញ ហើយ​មិន​ឆ្ងាយ​ពី​ទន្លេ​ធំ ព្រះអង្គ​អាច​ការពារ​នគរ អាច​បញ្ជា​ទ័ព អាច​ធ្វើ​ចលនា​ផ្លាស់ប្ដូរ​បាន​យ៉ាង​ងាយ​ស្រួល ។ មិន​តែ​ប៉ុណ្ណោះ ដូច​ដែល​យើង​បាន​រៀបរាប់​អធិប្បាយ​រួច​មក​ហើយ តំបន់​ទួលបាសាន្ត ឬ​តំបន់​ព្រះវិហារសួគ៌ ជា​ទឹកដី​ភូមិភាគ​មួយ​ដែល​មាន​ធនធាន​មនុស្ស មាន​កម្លាំង​សាសនា មាន​កម្លាំង​ទ័ព កម្លាំង​សេដ្ឋកិច្ច​គ្រប់គ្រាន់​ក្នុង​ការ​តតាំង​ប្រឈម​មុខ​នឹង​សត្រូវ​ សៀម ។

ពេល​នោះ ព្រះអង្គ​មិន​ខ្លាច​ទ័ព​ជ្វា ឬ​ប្រទេស​ដែល​ស្ថិត​ផ្នែក​ខាងត្បូង​ទេ ពីព្រោះ​នគរ​ចម្ប៉ា​កំពុង​តែ​ជាប់​ប្រយុទ្ធ​នឹង​កងទ័ព​យួន ។ ហើយ​យួន​នេះ​សោត មិន​ទាន់​មាន​កម្លាំង​ធ្វើ​ឲ្យ​ខ្មែរ​ខ្លាច​ភ័យ​ព្រួយ​បារម្ភ​ដែរ ។

មួយ ​ផ្នែក​ទៀត បើ​សៀម​លើក​ទ័ព​មក​វាយ​ប្រហារ​យក​ទឹកដី​ខ្មែរ ព្រះបាទ​ពញាយ៉ាត​អាច​បញ្ជូន​ទ័ព​ទៅ​ទប់​ទល់​ខ្មាំង​នៅ​អង្គរ យក​ទឹកដី​នេះ​ធ្វើ​ជា​សមរភូមិ​ប្រឈម​មុខ ។ តាម​ការ​សង្កេត និង​ពិចារណា យើង​សន្និដ្ឋាន​បាន​ថា ព្រះមហាក្សត្រ​អង្គ​នេះ​មាន​ទំនុក​ទុក​ចិត្ត​ជឿជាក់​លើ​ខ្លួន​ឯង​ដែល​មាន​ ប្រៀប​លើ​សៀម ដោយ​ព្រះអង្គ​ស្គាល់​ច្បាស់​អំពី​ភូមិសាស្ត្រ​ផ្លូវ​ទឹក​ដែល​ត​ភ្ជាប់​ រាជធានី​ទួលបាសាន្ត​ទៅ​អង្គរ ។ គឺ​ព្រះអង្គ​អាង​ទៅ​លើ​ផ្លូវ​កាត់​ឆ្លង​ចេញ​ពី​ទន្លេ​សាប​មក​ទន្លេ​ធំ​ចូល​ ទន្លេ​តូច​ដោយ​មិន​ចាំបាច់​ព័ទ្ធ​ទៅ​កុង​ឯ​ជ្រោយ​ចង្វារ​ទើប​ចូល​ទន្លេ​ធំ​ ហើយ​បក​ឡើង​ទៅ​លើ​វិញ ។

តាម​ការ​ស្រាវជ្រាវ​របស់​យើង ផ្លូវ​កាត់​តាម​ផ្លូវ​ទឹក​នេះ​មាន​២​ច្រក ។ ច្រក​ទី​១ នៅ​ត្រង់​ខេត្ត​កំពង់ឆ្នាំង ត្រង់​ម្ដុំ​ភូមិ​ខ្លាគ្រហឹម ចូល​តាម​បឹង​ខ្ល និង​បឹង​ខ្លួយ មក​ភូមិ​ទួល​ចាក់​ចូល​តាម​ព្រែក​ត្រស់​តាម​ស្រុក​រកាកោង​ចេញ​ទៅ​ទន្លេ​ ធំ ។ ច្រក​ទី​២ ចុះ​ពី​ខេត្ត​កំពង់ឆ្នាំង ឆ្លង​ហួស​បន្ទាយលង្វែក​មក​ដល់​កំពង់ហ្លួង​ ព្រែកក្ដាម ចូល​តាម​ព្រែក​រកាកោង កាត់​តាម​កំពង់ព្រះ កំពង់ប្រាសាទ ទៅ​ដល់​ស្រុក​រកាកោង ហើយ​ចេញ​ទៅ​ទន្លេ​ធំ ចូល​រាជធានី​បាសាន្ត​ដូច​គ្នា ។

ចំណែក​ ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ដែល​ប្ដូរ​ពី​ព្រះរាជធានី​ទៅ​គង់​នៅ​ ស្រឡប់ដូនតី​ពិជ័យព្រៃនគរ​នោះ​វិញ ក៏​មក​ពី​បុព្វហេតុ​ព្រួយបារម្ភ​នឹង​ផ្លូវ​ទន្លេ​យុទ្ធសាស្ត្រ​ទាំង​នោះ​ ដែរ ។ ព្រះអង្គ​បាន​គិត​ជា​ស្រេច​ហើយ​ថា ព្រះអង្គ​ចន្ទរាជា​ដែល​ភៀស​ខ្លួន​ទៅ​ស្រុក​សៀម គង់​តែ​មាន​ថ្ងៃ​ណា​មួយ​កេណ្ឌ​ទ័ព​មក​ដណ្ដើម​រាជសម្បត្តិ​ពី​ព្រះអង្គ​ជា​ មិន​ខាន ។ ព្រះអង្គ​យល់​ថា ព្រះអង្គ​ចន្ទរាជា​ដែល​ស្គាល់​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​កណ្ដាល និង​ទួលបាសាន្ត​យ៉ាង​ច្បាស់​នោះ មុខ​ជា​បើក​ការ​វាយប្រហារ​តាម​កងទ័ព​ជើង​ទឹក​ជា​មិន​ខាន ។ ឯ​ទួលបាសាន្ត​នៅ​ជិត​ទន្លេ ព្រែក និង​បឹង​ពេក ដូចនេះ ព្រះ​អង្គ​ត្រូវ​តែ​ប្ដូរ​រាជធានី​ទៅ​ត្បូងឃ្មុំ​ឲ្យ​ឆ្ងាយ​ពី​ទន្លេ​បន្តិច ហើយ​ទុក​ក្រុង​ស្រីសឈរ ឬ​ទួលបាសាន្ត​ជា​បន្ទាយ​កន្លែង​យុទ្ធសាស្ត្រ​ចាំ​ទប់ទល់​បច្ចាមិត្ត ។

ឯការ​សុបិននិមិត្ត​ដែល​ណែនាំ​ប្រាប់​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ឲ្យ​ប្ដូរ ​រាជធានី​អាច​ចាត់​ទុក​ថា​ជា​ការ​ពិត​ក៏​បាន អាច​ថា​ជា​សិល្បៈ​មួយ​ក្នុង​ការ​សរសេរ​កោត​សរសើរ​បុណ្យ​បារមី​ក៏​បាន ។

ដូចនេះ​យើង​កត់​សម្គាល់​ឃើញ​ថា ទន្លេ ​ធំ​ជា​សមរភូមិ​ក្ដៅ​ដែល​គេ​ធ្វើ​សង្គ្រាម​បង្ហូរ​ឈាម​ច្រើន​អនេក ពាសពេញ​វាល​កាល​ទន្លេ​ស្ទឹង​បឹង​បួរ ជាមូល​ហេតុ​នាំ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ដាក់​ឈ្មោះ​ថា ទន្លេ​ច្រាបឈាម ។ ទន្លេ​ធំ​ស្ថិត​នៅ​ជា​ផ្លូវ​ទឹក​ធំ​ក្នុង​នយោបាយ និង​យុទ្ធសាស្ត្រ​ដដែល​ រួម​ទាំង​ចំណុច​យុទ្ធសាស្ត្រ​ជាច្រើន​ទៀត ។

ចំណុច​យុទ្ធសាស្ត្រ

ចំណុច​យុទ្ធសាស្ត្រ​គឺ​សំដៅ​ទៅ​លើ​ផ្នែក​សឹក​សង្គ្រាម​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​ ស្ទឹង និង​ព្រែក ។

ឯកសារពង្សាវតារ​ខ្មែរ​ពុំ​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​សំខាន់​ដែល​ជា​ជីពចរ​ របស់​នគរ​ទេ ។ អ្នកនិពន្ធ​បាន​ត្រឹមតែ​កត់​ត្រា​នូវ​តំបន់​ផ្សេងៗ​ដែល​ជា​សមរភូមិ​បង្ហូរ​ ឈាម ។ អ្នក​ប្រវត្តិវិទូ​ទាំង​នោះ​ពុំ​ដែល​ចោទ​សួរ ឬ​ពន្យល់​ថា ហេតុ​ដូចម្ដេច​ព្រះមហាក្សត្រ​ខ្មែរ មេទ័ព​ខ្មែរ​បើក​ការ​ប្រយុទ្ធ​ធ្វើ​សង្គ្រាម​នៅ​កន្លែង​នេះ ឬ​នៅ​កន្លែង​នោះ ?

នៅ​ក្នុង​ប្រវត្តិ​ ព្រះស្ដេច​កន​ដែល​បកស្រាយ​អធិប្បាយ​យ៉ាង​ច្រើន និង​លម្អិត​នៅ​ក្នុង​ពង្សាវតារ​វត្ត​ទឹកវិល យើង​កត់​សម្គាល់​ឃើញ​សង្គ្រាម​រវាង​ព្រះអង្គ និង​ព្រះអង្គ​ចន្ទរាជា​តែង​តែ​ប្រយុទ្ធ​ប្រឈម​មុខ​កាប់​សម្លាប់​គ្នា​នៅ​ ត្រង់​ចំណុច​ដដែលៗ ៖

  1. បន្ទាយលង្វែក
  2. ខេត្ត​អាសន្ទុក ឬ​កំពង់ធំ
  3. បន្ទាយ​ខេត្ត​កំពង់សៀម ឬ​ខេត្ត​កំពង់ចាម
  4. បន្ទាយ​ភ្នំពេញ
  5. រាជធានី​ទួលបាសាន្ត ឬ​ស្រីសឈរ ។

ចំណុច​ទាំង​៥​នេះ​សុទ្ធ​តែ​ជា​ទីតាំង​យោធា​ដែល​ស្ថិត​នៅ​ដង​ទន្លេ ។ បើ​យើង​សង្កេត​ពិនិត្យ​តាម​ផែនទី និង​ចុះ​ទៅ​មើល​ដល់​ទីកន្លែង​ទឹកដី​នោះ យើង​នឹង​យល់​ឃើញ និង​ជឿជាក់​ថា បន្ទាយ​ទាំង​នោះ​ជា​ចំណុច​យុទ្ធសាស្ត្រ ឬ​ជា​បន្ទាយ​ចាំ​យាម​ការពារ​មាត់​ទ្វារ​ចេញ​ចូល​ទៅ​អង្គរ ក៏​ដូច​ជា​ទៅ​រាជធានី​បាសាន្ត ឬ​រាជធានី​ភ្នំពេញ ។

បើ​យោង​ទៅ​តាម​ការ​ពណ៌នា​ក្នុង​ពង្សាវតារ​វត្ត​ទឹកវិល បន្ទាយលង្វែក​ជា​កន្លែង​យុទ្ធសាស្ត្រ​ត្រួត​ពិនិត្យ​ការពារ​ច្រក​ចេញ​ចូល​ទន្លេ​សាប ។ ចុះ​មក​ក្រោម​បន្តិច​ ទីក្រុង​ភ្នំពេញ​ ជា​ចំណុច​យុទ្ធ​សាស្ត្រ​ចាំ​យាម​ត្រួត​ពិនិត្យ​ច្រក​ចេញ​ចូល​នៅ​ទន្លេ​បួន​ មុខ​ទាំង​ទៅ​ទន្លេ​សាប ទៅ​ទន្លេ​ធំ ក៏​ដូច​ជា​ទន្លេ​បាសាក់ និង​ទន្លេ​ដែល​ចុះ​ទៅ​ស្រុក​យួន​ដែរ ។

ចំណែក​ខេត្ត​អាសន្ទុក​ ជា​ទឹកដី​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​កម្ពុជា និង​ជា​តំបន់​មួយ​នៅ​ចន្លោះ​ទន្លេ​ធំ និង​ទន្លេសាប ។ ខេត្ត​អាសន្ទុក​ជា​ចំណុច​យុទ្ធសាស្ត្រ​ទ្រនាប់​ទប់​មិន​ឲ្យ​កងទ័ព​ព្រះបាទ​ អង្គ​ចន្ទរាជា​អាច​វាយ​ប្រហារ​ដល់​រាជធានី​ទួលបាសាន្ត និង​ស្រឡប់ដូនតី​ពិជ័យព្រៃនគរ​បាន​ភ្លាមៗ​ដោយ​ផ្ទាល់ ។ ការ​បាត់​បង់​ខេត្ត​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ព្រះស្រីជេដ្ឋា​ត្រូវ​បាត់​បង់​ បន្ទាយ​ខេត្ត​កំពង់សៀម​ជា​បន្ត​បន្ទាប់ ។

បន្ទាយ​កំពង់សៀម​ ក៏​ជា​ចំណុច​សំខាន់​មួយ​ដែរ​សម្រាប់​ទប់ទល់​ខ្មាំង​មក​ពី​ទិស​ខាងលិច និង​ទិស​ខាងជើង ជា​ច្រក​ទ្វារ​ត្រួតពិនិត្យ​តាម​ទន្លេ​ធំ ការ​ចេញ​ចូល​ចុះ​ឡើង​ពី​ស្ទឹងត្រែង ក្រចេះ មក​ទួលបាសាន្ត និង​ភ្នំពេញ ហើយ​ទួលបាសាន្ត​ជា​ចំណុច​យុទ្ធសាស្ត្រ​ការពារ​ចុង​ក្រោយ​របស់​ស្ដេច​កន​ ដើម្បី​ចាំ​ទប់ទល់​នឹង​ទ័ព​ព្រះអង្គ​ចន្ទរាជា ហើយ​និង​ជា​កំពែង​ចុង​ក្រោយ​ការពារ​ព្រះរាជធានី​ស្រឡប់ដូនតី​ ពិជ័យព្រៃនគរ ។

ចំណុច​យុទ្ធសាស្ត្រ​ទាំង​ប៉ុន្មាន​ដែល​យើង​និយាយ​ខាងលើ យើង​មាន​ជំនឿ​ជឿ​ជាក់​ថា បុព្វបុរស​ខ្មែរ​យើង​សម័យ​មុន​ដែល​ជា​អ្នក​ដឹក​នាំ​គ្រប់គ្រង​ប្រទេស​ជាតិ សុទ្ធ​តែ​បាន​ដឹង​ទាំង​អស់​គ្នា ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះស្រីជេដ្ឋា​ស្ដេច​កន កាល​បើ​ព្រះអង្គ​ទ្រង់​ជ្រាប​ថា ព្រះបាទ​អង្គ​ចន្ទរាជា​លើក​ទ័ព​មក​ច្បាំង​ដណ្ដើម​យក​ទឹក​ដី ព្រះអង្គ​បាន​បញ្ជូន​កងទ័ព​ពល​ទាហាន​ទៅ​វាយ​ប្រហារ​ទប់​ទល់​នៅ​ខេត្ត​ ពោធិ៍សាត់ បន្ទាប់​មក​ក្រគរ លង្វែក ក្រាំងពន្លៃ ភ្នំពេញ និង​កំពង់សៀម គឺ​នៅ​ពេល​ដែល​ព្រះអង្គ​ទប់ទល់​ថែរក្សា​ចំណុច​យុទ្ធសាស្ត្រ​ទាំងនេះ​មិន​បាន ​សម្រេច​ ទើប​ព្រះអង្គ​ត្រូវ​បរាជ័យ​រហូត​ដល់​អស់​ព្រះជន្ម ។

ចំណុចយុទ្ធសាស្ត្រ​ទាំង​នេះ បើ​តាម​ទស្សនៈ​របស់​យើង មិនមែន​ទើប​តែ​មាន​តម្លៃ​ក្លាយ​ទៅ​ជា​ដង្ហើម​ប្រទេស​កម្ពុជា​ក្នុង​យុគ​សម័យ ​ក្រោយ​អង្គរ​ទេ ។ ចំណុច​យុទ្ធសាស្ត្រ​នេះ​កើត​មាន​មក​តាំង​តែ​ពី​សម័យ​ប្រវត្តិសាស្ត្រ​ ខ្មែរ ។ ទិដ្ឋភាព​នេះ យើង​រឹងរឹត​តែ​ច្បាស់​ទៀត​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​ក្នុង​ចុង​ សតវត្ស​ទី​៨ ដើម​សតវត្ស​ទី​៩ ហើយ​និង​ក្នុង​សម័យ​កាល​ជា​បន្ត​បន្ទាប់​មក​ទៀត ។ ជាពិសេស​គឺ​ភ្នំពេញ និង​លង្វែក​ដែល​ជា​ច្រក​ទ្វារ​ចេញ​ចូល​ទៅ​មហានគរ​នៅ​សៀមរាប ។

ទស្សនៈ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​លើក​យក​មក​និយាយ​ វែកញែក សិក្សា​នៅ​ផ្នែក​ខាង​ដើម គ្រាន់​តែ​ជា​ការ​កត់​សម្គាល់​ ការ​ពិចារណា និង​សន្និដ្ឋាន គឺ​លេច​ចេញ​ពី​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​តាម​ឯកសារ​ផ្សេងៗ និង​ទៅ​តាម​ការ​ចុះ​ទៅ​ស្រាវជ្រាវ​ពិនិត្យ​ផ្ទាល់​លើ​ទឹកដី​ដែល​ជាប់​ទាក់ទង ​នឹង​ព្រះស្រីជេដ្ឋា​ស្ដេច​កន ។ អាថ៌កំបាំង​ប្រវត្តិ​ព្រះស្ដេច​កន និង​ទឹកដី​ព្រះអង្គ​នៅ​មាន​សេសសល់​ជា​ច្រើន​ទៀត​ដែល​យើង​ស្វែង​រក​ពុំ​ទាន់​ ឃើញ ។

តែ​អ្វី​ដែល​យើង​បាន​ឃើញ និង​ចាប់​អារម្មណ៍​គឺ​នៅ​ក្នុង​រាជ្យ​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន យើង​បាន​ស្គាល់​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​ ខ្មែរ​ដែល​លើក​យក​បញ្ហា​សិទ្ធិ​សេរីភាព និង​ការ​តស៊ូ​វណ្ណៈ មក​និយាយ និង​អនុវត្ត​រំលំ​ព្រះមហាក្សត្រ​ព្រះស្រីសុគន្ធបទ​ជា​ដំបូង​បង្អស់ ។ បើ​យើង​ប្រៀប​ធៀប​ផ្ទឹម​នឹង​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប យើង​អាច​និយាយ​បាន​ថា ទ្រឹស្ដី​គំនិត​ទស្សនៈ​របស់​ព្រះអង្គ​មាន​លក្ខណៈ​ឈាន​មុខ​លឿន​គួរ​ឲ្យ​ គោរព ។ នៅ​ប្រទេស​ទាំង​នោះ គេ​ចាប់​ផ្ដើម​និយាយ​អំពី​សិទ្ធិ​មនុស្ស និង​សេរីភាព​ក្នុង​សតវត្ស​ទី​១៨ ជា​ពិសេស​នៅ​ប្រទេស​បារាំង គេ​បាន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​លើក​យក​បញ្ហា​សិទ្ធិ និង​សេរីភាព​មក​និយាយ បក​ស្រាយ ក្នុង​សតវត្ស​ទី​១៨​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ ទើប​បាន​ជា​គេ​ដាក់​ឈ្មោះ​ឲ្យ​សតវត្ស​ទី​១៨​ជា​សតវត្ស​នៃ​ពន្លឺ ឬ​ជា​សតវត្ស​ទស្សនវិទូ​បាន​នាំ​មក​នូវ​ទ្រឹស្ដី និង​ទស្សនៈ​ថ្មី​ដែល​ជំរុញ​ឲ្យ​មាន​ការ​រំលំ​របប​រាជានិយម​នៅ​ប្រទេស​បារាំង (គ.ស​១៧៨៩) ហើយ​រីករាល​ដាល​ពេញ​ទ្វីប​អឺរ៉ុប ។

ចំណែក​ កាល់ ម៉ាក្ស បាន​និយាយ​អំពី​ការ​តស៊ូ​វណ្ណៈ​នៅ​ចុង​សតវត្ស​ទី​១៩​ប៉ុណ្ណោះ ហើយ​ទ្រឹស្ដី ម៉ាកស៊ីស ត្រូវ​បាន​ប្រទេស​តូច​ធំ​មួយ​ចំនួន​យក​មក​អនុវត្ត​ ផ្លាស់​ប្ដូរ​គ្រប់​ទិដ្ឋភាព​ក្នុង​សង្គម​ជាតិ ធ្វើ​ឲ្យ​មាន​សង្គ្រាម និង​បដិវត្ត​គ្រប់​ទិសទី​ក្នុង​ពិភពលោក ។

ដូច​នេះ យើង​កត់​សម្គាល់​ឃើញ​ថា ទ្រឹស្ដី​ទស្សនៈ​នយោបាយ​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ស្ដី​អំពី​សិទ្ធិ​ សេរីភាព និង​ការ​តស៊ូ​វណ្ណៈ កើត​មាន​មុន​ប្រទេស​នៅ​អឺរ៉ុប​ទាំង​នោះ​តាំង​តែ​ពី​សតវត្ស​ទី​១៦​មក​ ម្ល៉េះ ។ ទ្រឹស្ដី​នយោបាយ​នេះ​ត្រូវ​បាន​ព្រះអង្គ​យក​មក​អនុវត្ត​យ៉ាង​ពិស្ដារ​ក្នុង​ ការ​គ្រប់គ្រង​ប្រទេស​ជាតិ​បាន​ដោយ​ជោគជ័យ ។ ឯ​ការ​ឡើង​សោយរាជសម្បត្តិ​របស់​ព្រះអង្គ មិន​មែន​ជា​ការ​ចៃដន្យ​នោះ​ឡើយ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​នោះ គឺ​ទ្រឹស្ដី​នយោបាយ​ដ៏​ឧត្ដុង្គឧត្ដម​ថ្លៃថ្លា​របស់​ព្រះអង្គ ពុំ​មាន​អ្នក​ទទួល​មរតក​បន្ត​វេន​សាប​ព្រោះ​ដល់​សង្គម​ខ្មែរ​ជំនាន់​ ក្រោយ ។ ឯ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ក៏​ពុំ​បាន​ចាប់​អារម្មណ៍​យល់​ថា ខ្មែរ​ធ្លាប់​មាន​នយោបាយ​ប្រជាធិបតេយ្យ​ប្រជាជន​មួយ​មុន​គេ​ដែរ ។

អ្វីដែល​យើង​គួរ​កត់​សម្គាល់​ទៀត​នោះ គឺ​ក្នុង​រាជ្យ​ព្រះអង្គ ព្រះអង្គ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ទស្សនៈ​យោបល់​របស់​ ប្រជានុរាស្ត្រ ។ ព្រះអង្គ​ចេះ​ស្ដាប់​រាស្ត្រ​តូច​តាច ហើយ​យក​ពាក្យ​សម្ដី​ទាំង​នោះ​មក​ពិចារណា ត្រិះរិះ​គិត​គូរ​រក​រូប​មន្ត ឬ​មធ្យោបាយ​ដោះស្រាយ​សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​សង្គម​ជាតិ​ទាំង​ មូល ។

តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ដដែល​ បាន​បញ្ជាក់​ថា ព្រះបាទ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​១​ដែល​ បង្កើត​ឲ្យ​មាន​ការ​ប្រើប្រាស់​ប្រាក់​លុយ​កាក់​ជា​លើក​ដំបូង ។ នេះ​អាច​ជា​ជំហាន​មួយ​យ៉ាង​ធំ​ឈាន​ជើង​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ទំនើប​ដូច​ ដែល​មាន​នៅ​ទ្វីប​អឺរ៉ុប ។

មិន​តែ​ប៉ុណ្ណោះ ពង្សាវតារ​ខ្មែរ​ ជា​ពិសេស​ពង្សាវតារ​វត្ត​ទឹកវិល បាន​កត់​ត្រា​សរសេរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ព្រះអង្គ​បាន​យក​ចិត្ត​ទុក​ដាក់ ​ចេះ​រៀប​ចំ ៖

  1. រចនាសម្ព័ន្ធ​គ្រប់គ្រង​សាសនា
  2. រចនាសម្ព័ន្ធ​គ្រប់គ្រង​ប្រទេស​ជាតិ មាន​នាម៉ឺន​មុខ​មន្ត្រី សេនា​ទាហាន
  3. ជ្រើសរើស ​ប្រមូល​អ្នក​ប្រាជ្ញ​បណ្ឌិត សាស្ត្រាចារ្យ អ្នក​មាន​ថ្វីដៃ ចេះ​សិល្បសាស្ត្រ សម្រាប់​ធ្វើ​ជា​ជង្រុក​ចំណេះ​វិជ្ជា បណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ថែរក្សា​វប្បធម៌​ជាតិ
  4. កែប្រែ​ធ្វើ​ទម្រង់​ច្បាប់​ដើម្បី​ឲ្យ​មាន​យុត្តិធម៌ និង​ការពារ​ប្រជានុរាស្ត្រ
  5. បើក ​ឲ្យ​មាន​ការ​ទាក់ទង​យ៉ាង​ទូលាយ​ជាមួយ​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​តំបន់​ដែល ​ជា​សក្ខីភាព​ថា ប្រទេស​ខ្មែរ​មិន​មែន​បិទ​ជិត ឬ​មិន​ចំហ​ទៅ​លើ​ពិភពលោក​នោះ​ឡើយ ។ ទំនាក់​ទំនង​អន្តរជាតិ​អាច​មាន​ជា​ហូរហែ តែ​យើង​ពុំ​អាច​ដឹង​បាន​ដោយសារ​ខ្វះ​ឯកសារ ។

ទិដ្ឋភាព​ទាំង​អស់​នេះ​ដែល​យើង​កត់​សម្គាល់​បាន​នៅ​ក្នុង​រាជ្យ​ព្រះស្រីជេដ្ឋា​ ព្រះស្ដេច​កន​បាន​បង្ហាញ​បញ្ជាក់​ថា សង្គម​ជាតិ​​ខ្មែរ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ​បាន​ធ្វើ​បដិវត្ត​មួយ ​យ៉ាង​ធំ ផ្លាស់​ប្ដូរ​របប​រាជានិយម និង​នាំ​មក​នូវ​អ្វី​ជា​ថ្មី ជា​ច្រើន​ដល់​សង្គម​ជាតិ ។ តែ​ការ​អនុវត្ត និង​លទ្ធផល​ចុង​ក្រោយ គេ​ពុំ​បាន​ឃើញ​ទេ​ដោយសារ​តែ​មាន​សង្គ្រាម​រ៉ាំរ៉ៃ​ជាមួយ​ព្រះអង្គ​ចន្ទរាជា និង​ជា​ពិសេស​ដោយសារ​អ្នក​ចងក្រង​ប្រវត្តិសាស្ត្រ​បាន​បំភ្លេច​ចោល​ជ្រុង​ សំខាន់ៗ​ជាច្រើន​នៃ​ព្រឹត្តិការណ៍​ជាតិ ៕

 

អត្ថបទ​ពាក់ព័ន្ធៈ

ព្រះរាជធានី​ស្រឡប់ដូនតី​ពិជ័យព្រៃនគរ

ព្រឹត្តិការណ៍​ហ្លួង​ព្រះស្ដេច​កន​តាម​ឯកសារ​មហាបុរសខ្មែរ

 


Home